ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ទី៥មីនាថា ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុន ថាកើតជំងឺ COVID-19នៅឡើយទេ ហើយអភិបាលខេត្តបានចាត់វិធានការស្រាវជ្រាវ និងត្រៀមបង្ការ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ជនជាតិជប៉ុនរូបនេះ គឺគាត់ជាអ្នករស់នៅនិងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាប មិនមែនមកដំណើរកំសាន្តលក្ខណៈទេសចរណ៍នោះទេ។
អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខាភិបាលសុខាភិបាល។ តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្តនិងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថា មុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះ ពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ។
ម្យ៉ាងវិញទៀត ភាគីជប៉ុនបានបញ្ជាក់ថាក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការ ថាជនជាតិជប៉ុនរូបនេះ មានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយ។ ទន្ទឹមគ្នានេះ ឯកឧត្តម អភិបាលខេត្តបានណែនាំឲ្យមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងសហការជាមួយក្រសួងសុខាភិបាល ដាក់ចេញនូវវិធានការនានាដើម្បីត្រៀមបង្ការនិងស្រាវជ្រាវករណីនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។
រដ្ឋបាលខេត្តសៀមរាប ស្នើឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិរង់ចាំការផ្សព្វផ្សាយជាផ្លូវការអំពីករណីនេះខាងភាគីជប៉ុន ក៏ដូចជាក្រសួងសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍នៅថ្ងៃទី៤មីនាថា អ្នកដំណើរនិងបុគ្គលិកទាំងអស់ មានទំនាក់ទំនងជាមួយអ្នកដំណើរជនជាតិជប៉ុនម្នាក់ ដែលត្រូវបានគេធ្វើតេស្តវិជ្ជមានCovid-19 លើជើងហោះហើរVN340 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។
កាលពីថ្ងៃទី៣ខែមីនា អ្នកដំណើរជប៉ុននេះបានឡើងជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ជាមួយអ្នកដំណើរ៧២នាក់ផ្សេងទៀត មកពីខេត្តសៀមរាបពីប្រទេសកម្ពុជា ចូលមកកាន់ទីក្រុងហូជីមិញ បន្ទាប់មកបានចេញដំណើរបន្តទៅកាន់ប្រទេសជប៉ុន៕
ផ្ដល់សិទ្ធិដោយ៖ khmernas