ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្មកររោងចក្រជាង១៨០០០នាក់ហើយ ដែលកំពុងបាត់បង់ការងារ ដោយសាររោងចក្រមួយចំនួន បិទទ្វារបណ្ដោះអាសន្ន ព្រោះតែខ្វះវត្ថុធាតុដើមកែច្នៃ ខណៈដែលចិនជាប្រទេសផ្គត់ផ្គង់នោះ កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19)។
ថ្លែងនៅក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេច ហ៊ុន សែន បានបន្ថែមថា ក្រៅពីកម្មកររោងចក្រ ក៏មានបុគ្គលិកសណ្ឋាគារ នៅខេត្តសៀមរាបនោះ ប្រឈមមុខអត់មានការងារដែរ ព្រោះតែកង្វះភ្ញៀវទេសចរណ៍។
កន្លងមកសម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសថា កម្មកររោងចក្រទាំងអស់ នឹងទទួលបានប្រាក់បៀវត្ស៦០ភាគ ដែលស្មើនឹង១២០ដុល្លារ នៃប្រាក់ខែគោល១៩០ដុល្លារ នៅក្នុងអំឡុងពេលព្យួរការងារនេះ។ ថវិកាទាំងនេះ គឺខាងរោងចក្រផ្ដល់ជូន៤០ភាគរយ ហើយរដ្ឋាភិបាលជួយចេញ២០ភាគរយ។
