ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍នៅថ្ងៃទី៤មីនាថា អ្នកដំណើរនិងបុគ្គលិកទាំងអស់ មានទំនាក់ទំនងជាមួយអ្នកដំណើរជនជាតិជប៉ុនម្នាក់ ដែលត្រូវបានគេធ្វើតេស្តវិជ្ជមានCovid-19 លើជើងហោះហើរVN340 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។
កាលពីថ្ងៃទី៣ខែមីនា អ្នកដំណើរជប៉ុននេះបានឡើងជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ជាមួយអ្នកដំណើរ៧២នាក់ផ្សេងទៀត មកពីខេត្តសៀមរាបពីប្រទេសកម្ពុជា ចូលមកកាន់ទីក្រុងហូជីមិញ បន្ទាប់មកបានចេញដំណើរបន្តទៅកាន់ប្រទេសជប៉ុន។
បន្ទាប់ពីចុះចតនៅប្រទេសជប៉ុន អ្នកដំណើរជនជាតិជប៉ុន បានបង្ហាញរោគសញ្ញាគ្រុនក្តៅនិងបានធ្វើតេស្តវិជ្ជមានជាមួយវីរុសCovid-19។
នាវិកទាំងអស់នៅលើជើងហោះហើរVN340 បានវិលត្រឡប់មកប្រទេសវៀតណាមវិញ តាមជើងហោះហើរ VN341 ដែលបានចុះចតនៅអាកាសយានដ្ឋានទីក្រុងហូជីមិញនៅម៉ោង១និង៥៥នាទីរសៀលថ្ងៃទី៤ខែមីនា។ ការហោះហើរត្រឡប់មកវិញនេះ បានដឹកអ្នកដំណើរ៧៣នាក់និងនាវិក១២នាក់។
អ្នកដំណើរចំនួន៥១នាក់និងនាវិកទាំងអស់ត្រូវបានដាក់ឱ្យនៅដាច់ពីគេ។ មនុស្ស២២នាក់ផ្សេងទៀតត្រូវបានគេដាក់ឱ្យនៅដាច់ពីគ្នាហើយកំពុងធ្វើនីតិវិធីសម្រាប់ការហោះហើរបន្ត។ មន្រ្តីវៀតណាមនិងជប៉ុនកំពុងស៊ើបអង្កេតលើអ្នកដំណើរជប៉ុនដែលឆ្លងវីរុសនៅកម្ពុជា៕
ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!