បារាំងបានប្រាប់ពលរដ្ឋរបស់ខ្លួន ឱ្យឈប់ថើបគ្នាថ្ពាល់ ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគឆ្លងវីរុសថ្មីCovid-19។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសបារាំងលោក Olivier Véran បានព្រមានប្រជាជនបារាំងកាលពីចុងសប្តាហ៍មុន អោយបញ្ឈប់នូវការថើបថ្ពាល់គ្នា ដែលជាបែបបទប្រពៃណីនៃការបង្កើតទំនាក់ទំនងជាមួយគ្នា។
រដ្ឋាភិបាលបារាំងរបស់ប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង បានណែនាំពីការហាមឃាត់មួយដើម្បីកុំឱ្យមានការប្រមូលផ្តុំមនុស្សជាង៥.០០០នាក់ ខណៈវីរុសថ្មី កំពុងបន្តរាលដាលពាសពេញទ្វីបអ៊ឺរ៉ុបនិងនៅលើពិភពលោក។
លោក Véran បានលើកឡើងថា៖«វិធានការទាំងនេះ គឺបណ្តោះអាសន្ន ហើយយើងទំនងជានឹងត្រូវរំលឹកអំពីវិធានការទាំងនេះ។ វិធានការមានភាពតឹងរ៉ឹងហើយចម្លែក។ យើងសង្ឃឹមថា វិធានការទាំងនោះនឹងមិនមានរយៈពេលយូរនោះទេ ពីព្រោះនោះមានន័យថា យើងនឹងមានការទប់ស្កាត់ការរីករាលដាលមេរោគបាន»។
គិតត្រឹមចុងសប្ដាហ៍មុននេះ បារាំងមានអ្នកឆ្លងដោយសារវីរុសCovid-19ចំនួន៧៣នាក់ និងស្លាប់ចំនួន២នាក់៕
ផ្ដល់សិទ្ធិដោយ៖ khmernas