សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា បច្ចុប្បន្នវីរុសCovid-19ដែលបានឆ្លងរាលដាលលឿន និងកំពុងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចខ្លាំង គឺនៅក្នុងតែប្រទេសអ្នកមានប៉ុណ្ណោះ ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួននៅអឺរ៉ុបប៉ុណ្ណោះ ដែលផលប៉ះពាល់សេដ្ឋកិច្ចដល់ប្រទេសទាំងនេះ មិនចាំបាច់មានការជួយសង្គ្រោះពីធនាគារពិភពលោក(World Bank)ឡើយ។
ប៉ុន្តែសម្ដេចថា ប្រសិនសេដ្ឋកិច្ចប្រទេសក្រីក្រ ឬប្រទេសកម្ពុជា ដែលរងផលប៉ះពាល់ខ្លាំងដោយសារវីរុសCovid-19នាពេលខាងមុខដូចប្រទេសអ្នកមានទាំងនោះ គឺទាមទារការឱ្យមានការជួយសង្គ្រោះពីធនាគារពិភពលោក។
សម្ដេច៖«ប៉ុន្តែប្រសិនបើប៉ះចំយើងវិញ ហើយប៉ះពាល់ចំប្រទេសក្រីក្រ ទាមទារឱ្យមានការជួយសង្គ្រោះសេដ្ឋកិច្ចហើយ។ ប៉ុន្តែឥឡូវនេះ យើងអត់ទាន់(ប៉ះពាល់សេដ្ឋកិច្ចខ្លាំង)ទេ។ យើងសង្គ្រោះខ្លួនឯងមុន គ្មានអ្នកណាជួយយើងមុនបានទេ។រឿងនេះត្រូវចាំ រឿងរញ្ជួយដីនៅប្រទេសហៃទី មានប្រទេសប៉ុន្មានដែលសន្យាជួយហៃទី ទីចុងបំផុត ហៃទីនៅតែហៃទី។ នៅពេលរញ្ជួយដីនៅនេប៉ាល់ ហើយនៅដើមឆ្នាំ២០១៩ ខ្ញុំបានទៅនេប៉ាល់ ហើយខ្ញុំបានសួរ ថាតើអ្នកដែលបានសន្យាបានជួយអីខ្លះ នេប៉ាល់ថាអត់ និងបានត្រឹមតែសន្យា»។
សម្ដេចបញ្ជាក់ថា ដើម្បីជួយខ្លួនមុននេះ គឺកម្ពុជាត្រូវតែកាត់បន្ថយការចំណាយតាមក្រសួងស្ថាប័ន៥០%លើកលែងតែក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្ម និងទីស្ដីការគណៈរដ្ឋមន្រ្តី ដែលត្រូវកាត់បន្ថយការចំណាយ២៥%រួមទាំងការកាត់បន្ថយការចំណាយរបស់អាជ្ញាធរថ្នាក់ក្រោម ដើម្បីសន្សំថវិកាទាំងនោះ ទុកសម្រាប់ករណីឆ្លងរាលដាលនៃវីរុសCovid-19 នៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណាសម្ដេចបន្តថា ការតំឡើងប្រាក់បៀវត្សមន្រ្តីរាជការ និងការផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំឬបុណ្យភ្ជុំ នឹងមិនត្រូវបានកាត់បន្ថយឡើយ។
ការប្រកាសរបស់សម្ដេចនេះ បានធ្វើឡើងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៤មីនា និងបន្ទាប់ពីធនាគារពិភពលោកកាលពីថ្ងៃអង្គារ៌ទី៣ខែមីនានេះបានប្រកាសបញ្ចេញថវិកាចំនួន១២ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រទេសមួយចំនួន ក្នុងការគាំទ្រដល់វិស័យសុខាភិបាល និងការរងផលប៉ះពាល់សេដ្ឋកិច្ច ដោយសារវីរុសCovid-19៕
ផ្ដល់សិទ្ធិដោយ៖ khmernas