ភ្នំពេញ៖កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួននារីម្នាក់ ដែលប្រកាសលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយខុសច្បាប់ តាម Facebook គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា នៅចំណុចផ្ទះជួលលេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។
ការឃាត់ខ្លួននេះ គឺ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
នារីដែលត្រូវបានឃាត់ខ្លួនឈ្មោះ វ៉ា វួចគៀង ភេទស្រី អាយុ២៦ឆ្នាំមុខរបរលក់ឥវ៉ាន់តាមប្រព័ន្ធអនឡាញ ជាម្ចាស់ផ្ទះជួល ។
ឈ្មោះ វ៉ា វួចគៀង បានប្រើប្រាស់ Facebook Page ឈ្មោះ Rama Brand Shop បង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ។
ឈ្មោះ វ៉ា វួចគៀង បានរៀបរាប់ថា ខ្លួនគ្រាន់តែជួយបង្ហោះផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីលក់ឧបករណ៍ខាងលើនេះ អោយឈ្មោះ ម៉ូនីតា សុខ ប៉ុណ្ណោះ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក តែប្រសិនបើ មានអ្នកកុម្ម៉ង់ទិញ គឺ ខ្លួននឹងឆាត ទៅ Facebook មានឈ្មោះ Monita Sok ដើម្បីទទួលឥវ៉ាន់យកមកលក់បន្ត ។ ប៉ុន្តែជាក់ស្ដែង ឈ្មោះ វ៉ា វួចគៀង នេះ ពុំទាន់ទទួលបានឧបករណ៍នោះនៅឡើយទេ ។
បច្ចុប្បន្ននេះ នគរបាលខណ្ឌឫស្សីកែវ បាននាំខ្លួនអ្នកលក់តាមប្រព័ន្ធអនឡាញរូបនេះ ទៅកាន់អធិការដ្ឋាននគរបាល ដើម្បីសួរនាំបន្តទៀត និង កសាងសំណុំរឿងតាមនីតិវិធី ៕