header ads

Sponsor

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា សេចក្តីណែនាំទៅដល់អ្នកគ្រប់គ្រងអាជីវកម្មស្ប៉ា-ម៉ាស្សា មានដូចខាងក្រោម៖
* ទី១៖ អ្នកគ្រប់គ្រងត្រូវផ្សព្វផ្សាយសាធារណៈនូវចំណេះដឹង និងការណែនាំផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះទៅដល់ភ្ញៀវ និងបុគ្គលិកដូចជា ធ្វើផ្ទាំងផ្សព្វផ្សាយព័ត៌មានដែលពន្យល់អំពីការលាងដៃ និងការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។
* ទី២៖ ផ្ដល់នូវមធ្យោបាយ (កន្លែងសំអាត និងឧបករណ៍ការពារនានា) ដើម្បីគាំទ្រដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ មានដូចជា៖ ផ្តល់កន្លែងលាងដៃមានទឹកសាប៊ូ ទឹកអាកុល និងម៉ាសសម្រាប់ប្រើប្រាស់នៅតាមកន្លែងសាធារណៈដូចជា បន្ទប់ទឹក បន្ទប់ផ្លាស់សម្លៀកបំពាក់ កន្លែងស្ប៉ា បន្ទប់ទទួលទានអាហារ និងបន្ទប់សម្រាប់សម្រាករបស់បុគ្គលិក, សំអាតទីធ្លា និងសម្ភារៈដែលបានប៉ះពាល់ញឹកញាប់ដូចជា ដៃទ្វារ បង្កាន់ដៃ កៅអីម៉ាស្សា និងទ្រនាប់ពួកម៉ាស្សា ដោយប្រើសាប៊ូ ទឹកលាងសំអាតរួមមាន ទឹកអាកុល យ៉ាងហោចណាស់ ១ឫ២ដង ក្នុងមួយថ្ងៃ ឬបន្ទាប់ពីប្រើប្រាស់មួយលើកៗ, លាងសម្អាត ឬផ្លាស់ប្ដូរឧបករណ៍ឱ្យមានអនាម័យ បន្ទាប់ពីការប្រើប្រាស់ម្ដងដូចជា កន្សែង ខ្នើយ ស្រោមខ្នើយ កំរាល និងសំលៀកបំពាក់។
* ទី៣៖ បង្កើនការយល់ដឹងដល់បុគ្គលិកបម្រើសេវាកម្ម និងបុគ្គលិកអនាម័យ អំពីការនិភ័យ និងភាពនេះស្រួលចម្លងមេរោគប្រភេទថ្មីនេះ ដោយលើកឡើងពីសារៈសំខាន់ នៃការការពារខ្លួនដូចជា ការពាក់ម៉ាស និងស្រោមដៃក្នុងអំឡុងពេលកំពុងធ្វើការ។ អ្នកគ្រប់គ្រងគួរតែគាំទ្រដល់ការថែទាំអនាម័យសម្រាប់បុគ្គលិកក្នុងការការពារខ្លួន របស់ពួកគេ ដូចជា លាងដៃពេលមុន ឬក្រោយពេលធ្វើការ នឹងរៀបចំរាល់ពេលប៉ះពាល់សម្ភារៈណា ដែលមានមនុស្សច្រើនប៉ះពាល់ញឹមញាប់។
* ទី៤៖ គ្រប់គ្រងសំណល់ និងប្រព័ន្ធទឹកបានត្រឹមត្រូវ។ សូមប្រុងប្រយ័ត្ននៅពេលដែលប្រមូលសំរាមដូចជា ក្រណាត់ដែលប្រើរួចឬក្រដាសអនាម័យដែលកខ្វក់ ដោយសារប្រឡាក់សំបោរ ឬទឹកមាត់របស់ភ្ញៀវ ពេលបោះចោលសំរាមដែលកខ្វក់ ត្រូវតែចង់មាត់ផងឲ្យបានជិត ឬដាក់ចូលក្នុងធុងសំរាម និងត្រូវលាងសម្អាតដៃ ដើម្បីទប់ស្កាត់ការកកើតនៃមេរោគ។
* ទី៥៖ អាជីវករត្រូវត្រួតពិនិត្យកំដៅបុគ្គលិក មុនពេលចាប់ផ្ដើមធ្វើការ។ ប្រសិនបើបុគ្គលិកមានជំងឺ ឬបង្ហាញអាការៈក្តៅខ្លួនត្រូវការអនុញ្ញាតឱ្យពួកគេ ត្រឡប់ទៅផ្ទះវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ប្រសិនបើនរណាម្នាក់មានជំងឺធ្ងន់ត្រូវអនុញ្ញាតឱ្យពួកគេទៅមន្ទីរពេទ្យទទួលយកការព្យាបាលបន្ទាន់។
សេចក្តីណែនាំដល់បុគ្គលិកបម្រើសេវាស្ប៉ា- ម៉ាស្សា មានដូចខាងក្រោម៖
* ទី១៖ ការពារខ្លួនអ្នកពីការឆ្លងមេរោគដោយសង្កេតមើលរោគសញ្ញារបស់ភ្ញៀវរមានគ្រុនក្តៅ ក្អកឈឺក ហៀរសំបោរឬពិបាកដកដង្ហើមជាដើម។ ប្រសិនបើភ្ញៀវមានរោគសញ្ញាទាំងនេះ អ្នកគួរតែណែនាំពួកគេពួកម៉ាស់ នឹងទៅមន្ទីរពេទ្យទទួលការព្យាបាលបន្ទាន់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់គេ។
* ទី២៖ សូមប្រុងប្រយ័ត្នក្នុងការទាក់ទង នឹងប៉ះពាល់ភ្ញៀវក្នុងពេលធ្វើការ។ បុគ្គលិកទាំងឡាយគួរតែពាក់ម៉ាស់ នៅរៀងរាល់ពេលដែលនៅជិតភ្ញៀវលាងដៃឲ្យបានញឹកញាប់ ជាមួយទឹកនិងសាប៊ូ និងទឹកអាកុល។ មិនត្រូវយកដៃទៅប៉ះភ្នែក ច្រមុះ នៅពេលមិនចាំបាច់ឡើយ បើសិនជាអ្នកមិនស្រួលខ្លួន សូមប្រញាប់ទៅមន្ទីរពេទ្យទទួលការព្យាបាលជាបន្ទាន់ នឹងប្រាប់ប្រវត្តិអំពីការប៉ះពាល់ ជាមួយអ្នកណាខ្លះដើម្បីកាតធ្វើការព្យាបាល។
* ទី៣៖ មិនត្រូវប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួនរួមគ្នាជាមួយអ្នកផ្សេងឡើយដូចជា វ៉ែនតា បំពង់បឺត ស្លាបព្រា កន្សែងជូតដៃ និងកន្សែងជូតមុខ
* ទី៤៖ អនុវត្តនិងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយចូលទៅកាន់គេហទំព័រ www. cdcmoh.gov.kh និងទំព័រ Facebook របស់ក្រសួងសុខាភិបាល MinistryofHealthofCambodia  ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post