header ads

Sponsor

រដ្ឋាភិបាលជប៉ុនបានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍មុននេះថា ថ្នាំប្រឆាំងជំងឺផ្តាសាយអាវីហ្កង់(Avigan) ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺកូវីដ១៩ នឹងបានត្រូវផ្តល់ជូនដោយមិនគិតថ្លៃ ទៅដល់បណ្តាប្រទេសនានា ដែលចង់បានថ្នាំនេះយកទៅប្រើប្រាស់។

ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីរបស់ប្រទេសជប៉ុនលោក Yoshihide Suga បានប្រាប់សន្និសីទសារព័ត៌មានមួយថា មានប្រទេសប្រហែល៣០កំពុងចង់បានថ្នាំអាវីហ្កង់Aviganនេះ ហើយលោកថា ជប៉ុនកំពុងធ្វើការរៀបចំដើម្បីផ្តល់ជូនថ្នាំនោះដោយឥតគិតថ្លៃ។

ប្រទេសដែលបានបញ្ជាទិញថ្នាំនេះពីប្រទេសជប៉ុន មានដូចជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសតួកគី ប្រទេសអាល្លឺម៉ង ខណៈសហរដ្ឋអាមេរិកក៏ចង់ឱ្យមានការអនុញ្ញាតយកថ្នាំទៅប្រើប្រាស់ដែរ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានពន្យល់អំពីប្រសិទ្ធភាពនៃថ្នាំអាវីហ្កង់នេះ ទៅដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មក។ ថ្នាំអាវីហ្កង់ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឈ្មោះ Fujifilm Holding របស់ប្រទេសជប៉ុន ដែលត្រូវបានរកឃើញនៅក្នុងការសាកល្បងព្យាបាលនៅប្រទេសចិន ហើយមានប្រសិទ្ធភាពប្រឆាំងជំងឺ១៩។

លោក អាបេ បានប្រកាសផែនការដើម្បីឱ្យការប្រើប្រាស់ថ្នាំអាវីហ្កង់នេះ ត្រូវបានអនុម័តទទួលស្គាល់ជាផ្លូវការដោយសភា ការក្នុងការព្យាបាលជំងឺឆ្លងកូវីដ១៩នៅប្រទេសជប៉ុន។ ការប្រកាសរបស់នាយករដ្ឋមន្រ្តីជប៉ុននេះ បន្ទាប់ក្រុមហ៊ុន Fujifilm បានប្រកាសថា ខ្លួនបានចាប់ផ្ដើមសិក្សាស្រាវជ្រាវដើម្បីធ្វើតេស្ដអំពីប្រសិទ្ធភាពរបស់ថ្នាំអាវីហ្កង់នេះ និងកំពុងត្រៀមដើម្បីផលិតសម្រាប់ប្រើប្រាស់៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post