header ads

Sponsor



«ធ្វើស្រែសមូហភាព»៖ រដ្ឋបាលស្រុកកំពុងសាកល្បងរៀបចំគម្រោងធ្វើស្រែដើម្បីប្រយោជន៍រួមមួយ នៅលើផ្ទៃដីស្រែជិត៤០ហិកតានៅក្នុងឃុំព្រះដាក់ ក្នុងគោលបំណងគៀងគរធនធានរួម ដើម្បីផលិតជាអង្កររួម ទុកចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រខ្លាំងនៅក្នុងស្រុក។ ក្នុងកាលៈទេសៈដែលការរីករាលដាលនៃមេរោគកូវីដ១៩កំពុងតែជះហានិភ័យទៅដល់សេដ្ឋកិច្ចគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ជម្រើសល្អបំផុតមួយគឺការធានាអោយមានសុវត្ថិភាពស្បៀងអាហារ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ដែលងាយរងផលប៉ះពាល់ និងតម្រូវអោយមានការយកចិត្តទុកដាក់ខ្ពស់។
ប្រជាជនទាំង៣៩គ្រួសារ មកពីភូមិអូរទទឺងនិងភូមិថ្នល់ទទឹង បានយល់ព្រមជាគោលការណ៍ ផ្តល់ដីស្រែជិត៤០ហិកតារបស់ពួកគាត់រហូតដល់ដំណាច់ឆ្នាំ២០២០ ជូនរដ្ឋបាលស្រុកដំណើរការសាកល្បងគម្រោងមួយនេះ។ បើមិនមានអ្វីប្រែប្រួលទេ ៣ខែទៀតយើងនឹងអាចទទួលបានផលពី«ស្រូវស្រាលដើមរដូវ»ជុំទី១ ដើម្បីចែកជូនទៅម្ចាស់ស្រែវិញផង(ក្នុងចំនួនប្រហាក់ប្រហែលនឹងធ្វើដោយខ្លួនឯង) និងសល់ប៉ុន្មានទុកចែកជូនប្រជាពលរដ្ឋគោលដៅផង មុននឹងសម្រេចបន្តជុំទី២ទៀត ប្រសិនបើកាលៈទេសៈអំណោយផល។
ការធ្វើស្រែសមូហភាពនេះ នឹងប្រើប្រាស់ធនធានដែលមានស្រាប់ បូករួមនឹងការគៀងគរបន្ថែមពីសប្បុរសជន តាមរយៈការខ្ចីស្រែពីអ្នកស្រុកដែលស្ថិតនៅជិតប្រភពទឹកស្រាប់ ធ្វើស្រូវស្រាលដើមរដូវដោយប្រើប្រាស់ពូជថ្មី១០០ថ្ងៃ និងទទួលបានការឧបត្ថម្ភ ពូជស្រូវ ជី ម៉ាសុីនគ្រឿងចក្រ ប្រេង និងកំលាំងស្ម័គ្រចិត្តជួយស្ទូងនិងច្រូត។ រួមធ្វើ រួមចំណាយ រួមប្រមូលផល រួមសុខរួមទុក្ខ ក្នុងគ្រាលំបាក ដោយមិនទុកអោយនរណាម្នាក់នៅក្នុងស្រុកដាច់ពោះឡើយ។
———————————-
បញ្ជាក់៖ គម្រោងនេះស្ថិតនៅក្នុងកម្រិតសាកល្បងនៅឡើយ។ សង្ឃឹមថាលទ្ធផលជាក់ស្តែងនឹងបានជាគំរូយកទៅអនុវត្តបន្តក្នុងវិសាលភាពធំជាងនេះ និងនៅកន្លែងផ្សេងទៀតនៅក្នុងស្រុក ដើម្បីផ្តល់ផលប្រយោជន៍រួមរឹតតែច្រើន។
ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post