ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានណែនាំរដ្ឋបាលរបស់លោកឱ្យបញ្ឈប់ការផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក(WHO)។
លោកបាននិយាយថា អង្គការសុខភាពពិភពលោកនេះ បានបរាជ័យក្នុងកាតព្វកិច្ចជាមូលដ្ឋាន ក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩។ លោកបានចោទថា អង្គការនេះមិនបានគ្រប់គ្រងឱ្យបានត្រឹមត្រូវនិងលាក់បាំងអំពីជំងឺកូវីដ១៩បន្ទាប់ពីផ្ទុះឡើងនៅក្នុងប្រទេសចិន ហើយអង្គការនេះត្រូវតែមានការទទួលខុសត្រូវ។
កន្លងមក លោក ត្រាំ បានចោទWHOថាបានលំអៀងទៅរកប្រទេសចិន។
សហរដ្ឋអាមេរិកគឺជាប្រទេសដែលផ្ដល់ជំនួយធំបំផុតក្នុងពិភពលោកសម្រាប់អង្គការWHO ដែលកាលពីឆ្នាំ២០១៩កន្លងទៅនេះ គឺអាមេរិកបានផ្ដល់ជំនួន៤០០លានដុល្លារ ខណៈប្រទេសចិនវិញ គឺពីឆ្នាំ២០១៨ដល់ឆ្នាំ២០១៩ គឺបានផ្ដល់ជំនួយត្រឹមតែ៧៦លានដុល្លារ។ នេះបើតាមការចុះផ្សាយដោយគេហទំព័រអង្គការសុខភាពពិភពលោក៕
