header ads

Sponsor

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុ ប្រាប់ឱ្យពលរដ្ឋដែលរងផលប៉ះពាល់ និងជួបបញ្ហាប្រាក់ចំណូល ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្ដល់ព័ត៌មានទៅគ្រឹះស្ថានកម្ចីឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានដំណោះស្រាយសមស្រប។

សេចក្តីថ្លែងការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុ ដែលចេញផ្សាយនៅថ្ងៃទី១៧ មេសានេះ បានបញ្ជាក់ដូច្នេះថា៖«ដើម្បីទទួលបានការគាំទ្រ និងដំណោះស្រាយ ជាពិសេសការរៀបចំឥណទានឡើងវិញ អតិថិជនត្រូវទំនាក់ទំនងទៅគ្រឹះស្ថានដែលខ្លួនបានខ្ចីប្រាក់ ដើម្បីពិភាក្សាអំពីស្ថានភាព និងលទ្ធភាពដោះស្រាយនានាជាមួយនឹងបុគ្គលិកគ្រឹះស្ថាន។ អតិថិជនត្រូវផ្ដល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានដំណោះស្រាយសមស្រប និងឈ្នះឈ្នះទាំងអស់គ្នា ដើម្បីបន្តនិរន្តរភាពវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ»។

ប៉ុន្តែចំពោះអតិថិជន ដែលមិនទទួលរងផលប៉ះពាល់ ឬរងផលប៉ះពាល់តិចតួច ហើយមានសមត្ថភាពសងត្រឡប់វិញនោះ សមាគមមីក្រូហិរញ្ញវត្ថុ ស្នើឱ្យបន្តការបង់សងត្រឡប់តាមធម្មតា ដោយទុកអាទិភាពឱ្យគ្រឹះស្ថាននីមួយៗ យកលទ្ធភាពដែលខ្លួនមាន ទៅជួយដល់អតិថិជន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ «ក្នុងកាលៈទេសៈនេះ ការប្រកាន់ភាពស្មោះត្រង់ និងការផ្ដល់សម្បទានទៅអ្នកដែលលំបាកខ្លាំង គឺជាកាយវិការសប្បុរស ដែលនឹងទទួលបាននូវការគោរព»។ នេះជាការបញ្ជាក់របស់សមាគមមីក្រូហិរញ្ញវត្ថុ។


បើតាមសមាគមមីក្រូហិរញ្ញវត្ថុ សមាជិកខ្លួននីមួយៗ កំពុងអនុវត្តដំណោះស្រាយផ្សេងៗទៅតាមនីតិវិធី និងគោលការណ៍ផ្ទៃក្នុង ស្របទៅនឹងទំហំនៃផលប៉ះពាល់ និងស្ថានភាពជាក់ស្ដែងរបស់អតិជនម្នាក់ៗ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺCOVID-19នេះ ។សមាគមមីក្រូហិរញ្ញវត្ថុ ចាត់ទុកការ ជួយគ្នាដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវរវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន នៅក្នុងកាលៈទេសៈនេះ គឺអាចធានានិរន្តរភាពវិស័យហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

កន្លងមកធនាគារជាតិនៃកម្ពុជា ក៏បានចេញសេចក្តីណែនាំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «រៀបចំឥណទានឡើងវិញ» ដើម្បីជួយសម្រួលបញ្ហា និងបន្ទុកពលរដ្ឋក្នុងគ្រារាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសផ្ដោតលើវិស័យ៤ គឺទេសចរណ៍ កាត់ដេរ សំណង់ និងការដឹកជញ្ជូន៕
ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post