header ads

Sponsor

ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥៖ ជាថ្ងៃដែលរបបសាធារណរដ្ឋខ្មែរបរាជ័យ ជាថ្ងៃបក្សខ្មែរក្រហមទទួលជោគជ័យ។
១.) សកម្មភាពកងទ័ព
សាធារណរដ្ឋខ្មែរ៖ ភ្នំពេញ៖ ១៧-៤-៧៥៖ ០៥ម៉ ០០
- ម៉ោង ០១៖០០នាទី មានរថយន្តហ្សីបអាឌឺ ពីរគ្រឿង មានចងក្រណាត់សជាសញ្ញាសន្តិភាពរបស់កងពលធំ
- លេខ 3èmeD.I បើកតាមខ្សែក្រវាត់ក្រុងភ្នំពេញប្រកាសថា ថ្ងៃនេះជាថ្ងៃសន្តិភាពរបស់ខ្មែរ ពួកយើងត្រូវតែទម្លាក់ អាវុធចរចារវាងគូភាគីទទួលសន្តិភាព យើងគ្រប់គ្នាត្រូវលើកទង់សសញ្ញាសន្តិភាព។
- ម៉ោង ០១៖៣០នាទី បញ្ជាពីលោកឧត្តមសេនីយ៍ លន់ ណុន កាំភ្លើងធំ 105 M/M ត្រូវបាញ់ភ្លើងជាសញ្ញា ទទួលសន្តិភាព។
- ម៉ោង ០២៖៤៥នាទី ខ្សែត្រៀមក្រវាត់ក្រុងភ្នំពេញត្រូវតែចេញទាំងអស់ហើយ ប្រមូលអាវុធទុកដាក់ តាមអង្គភាពរបស់ខ្លួនតាមដែលអាចធ្វើបាន។
- ម៉ោង ០៦៖០០ ឧទ្ធម្ភាគចក្រហោះហើរចាកចេញចោលទីក្រុងភ្នំពេញ មុខឆ្ពោះទៅទិសខាងលិចតាមតែ គេធ្វើបានពាសពេញមេឃលើប្រទេសកម្ពុជា។
២.) សកម្មភាពកងទ័ព
បក្សខ្មែរ ក្រហមចូល ក្រុង ៖ ភ្នំពេញ៖ ១៧-៤-៧៥
- ម៉ោង ០៦៖១៥នាទី កងទ័ពបក្សខ្មែរក្រហមដើរចូលទីក្រុងភ្នំពេញ។
- ប្រដាប់អាវុធគ្រប់ដៃ (ជារបស់ប្រទេសចិនកុម្មុយនីស្ត)ប៉េកាំង។
- សម្លៀកបំពាក់ខ្មៅ មួកកន្តឹប ស្បែកជើងសង្រែក (កង់ឡាន)។
- ក្បួនដើរអមសងខាងថ្នល់ជាជួរបណ្តោយៗគ្នាចុងកាណុងចេញក្រៅ។
- តាមផ្លូវធំៗមុខឆ្ពោះទៅវត្តភ្នំដូនពេញ
- តាមមុខសញ្ញារបស់បក្សគេដាក់ចុះជាស្រេច
៣.) មុខសញ្ញាបក្សខ្មែរក្រហមចូលទីក្រុងភ្នំពេញៈ
១- កងទ័ពភូមិភាគបូព៌ាទិស៖ ចូលតាមថ្នល់ជាតិលេខ១
២- កងទ័ពភូមិភាគឧត្តរទិស៖ ចូលតាមថ្នល់ថ្មីក្បាលស្ពានជ្រោយចង្វារ។
៣- កងទ័ពភូមិភាគពាយ័ព្យទិស៖ ចូលតាមថ្នល់ជាតិលេខ៥
៤- កងទ័ពភូមិភាគបស្ចិមទិស៖ ចូលតាមថ្នល់ជាតិលេខ៤
៥- កងទ័ពភូមិភាគនិរតីទិស៖ ចូលតាមថ្នល់ជាតិលេខ៣
៦- កងទ័ពភូមិភាគពិសេស៖ ចូលតាមថ្នល់ជាតិលេខ២កងទ័ពខ្មែរក្រហមចាប់ដៃគ្នាទ៦ភូមិភាគត្រង់វត្តភ្នំ ដូនពេញ
៣.១ មុខសញ្ញាបក្សខ្មែរក្រហមចែកប្រជាជនក្រុងភ្នំពេញ
- អង្គការបក្សខ្មែរក្រហម យកផ្សារធំថ្មីធ្វើជាគោលកណ្តាលដើម្បីជម្លៀសប្រជាជនភ្នំពេញចេញទៅកាន់ ខេត្តក្រៅ តាមមុខសញ្ញារបស់ភូមិភាគនីមួយៗ។
១- ភ្នំពេញខាងកើតភាគខាងត្បូងៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគបូព៌ាទិសៈ ខេត្តព្រៃវែង ខេត្ត ស្វាយរៀង។
២-ភ្នំពេញខាងកើតភាគខាងជើងៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគឧត្តរទិសៈ មុខឆ្ពោះទៅខេត្ត កំពង់ចាម កំពង់ធំនិងខេត្តសៀមរាប។
៣-ភ្នំពេញខាងលិចភាគខាងជើងៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគពាយ័ព្យទិស មុខឆ្ពោះខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ និងខេត្តបាត់ដំបង។
៤- ភ្នំពេញខាងលិចភាគខាងត្បូងៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគបស្ចិមទិស មុខឆ្ពោះទៅខេត្តកំពង់ ឆ្នាំង និងខេត្តកំពង់ស្ពឺ។
៥- ភ្នំពេញខាងត្បូងភាគខាងលិចៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគនិរតីទិស មុខឆ្ពោះទៅខេត្តកំពត ខេត្តតាកែវ។
៦- ភ្នំពេញខាងត្បូងភាគខាងកើតៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគពិសេស មុខឆ្ពោះទៅខេត្តតាកែវ តាមថ្នល់ជាតិលេខ២។
សកម្មភាពប្រជាជន
ទីក្រុងភ្នំពេញ ១៧-៤-៧៥៖ ០៦ហ១៥
អ្នកទីក្រុងភ្នំពេញ ចែកជាយ៉ាង?
១- អ្នកជាប់និន្នាការបម្រើរបបសាធារណរដ្ឋខ្មែរ មនុស្សប្រភេទនេះមានការភិតភ័យ សម្ងំនៅក្នុងផ្ទះ រង់ចាំស្តាប់ពត៌មានផ្សេងៗអំពីរឿងសន្តិភាពខ្មែរ រវាងគូរភាគីទាំង២ គេរៀបចំសាជាថ្មី។
២- អ្នកដែលគេមិនពេញចិត្តនឹងរបបសាធារណរដ្ឋខ្មែរ លន់ នល់ គេនាំគ្នាទៅទទួលការធ្វើដំណើរចូល ទីក្រុង របស់បក្សខ្មែរក្រហមតម្រៀបជាជួរអមសងខាងថ្នល់នីមួយៗដែលកងទ័ពខ្មែរក្រហមគេដើរចូលទីក្រុងភ្នំពេញៈ ពេលនោះគេស្រែកជយឃោសថា ជយោៗៗ ទ្រហឹងអាប់ពាសពេញទីក្រុងភ្នំពេញ។
៣- អ្នកដែលបាក់បែកគ្រួសារ ដោយចេញទៅប្រកបការងារ និងទៅព្យាបាលជំងឺនៅតាមផ្ទះពេទ្យរដ្ឋ និង ឯកជនប្រជាជនប្រភេទនេះមានការជ្រួលច្របល់ ឆ្លងចុះឆ្លងឡើងកាត់មុខកងទ័ពខ្មែរក្រហម បណ្តាលឱ្យមានគ្រោះថ្នាក់ ដល់ស្លាប់ដោយអំណាចចុងកាណុងរបស់បក្សខ្មែរក្រហម។
៤.) អ្នកដែលគេបានចូលដៃរួមគំនិតនឹងខ្មែរក្រហមពីមុនមកពេលនោះគេស្លៀកពាក់ខ្មៅចេញពីផ្ទះដើរកាត់រក បក្សពួករបស់គេឆ្វាត់ចុះឆ្វាត់ឡើង របៀបជាអ្នកនាំផ្លូវ ឬបំភ្លឺផ្លូវរបស់កងទ័ពខ្មែរក្រហម និងជាអ្នកសង្កេតតាមពិនិត្យ តែមនុស្សម្នាក់ៗដែលគេកត់សម្គាល់ថាជាអ្នកមុខអ្នកការរបស់របប លន់ នល់៘
៥.) កងទ័ពបក្សខ្មែរក្រហមសម្រេចផែនការចាប់ដៃគ្នា៦ភូមិភាគ វត្តភ្នំ៖ ថ្ងៃ១៧-៤-៧៥៖០៦ម៉៣០ កងទ័ពបក្សខ្មែរក្រហមវាយខ្សែត្រៀមកាត់ទីក្រុងចែកតាមភូមិភាគនីមួយៗតាមសួនច្បារ មុខស្ថានីយរថភ្លើង ត្រង់ទៅរកមាត់ទន្លេចតុមុខ (បួនមុខ)។
លើកទី១ ថ្ងៃ១៧-៤-៧៥៖០៦ម៉៤៥
វិទ្យុផ្សាយសម្លេងក្រុងភ្នំពេញផ្សាយដោយបក្សខ្មែរក្រហមភូមិភាគនិរតីទិសថា៖
១- ពេលនេះបក្សយើងបានទទួលជោគជ័យ១០០% លើប្រទេសកម្ពុជាទាំងមូល។
២- បក្សយើងត្រូវការរកសន្តិភាពតាមសន្តិវិធីមិនប្រកាន់បក្សពួក។
៣- បក្សយើងសុំអញ្ជើញអស់លោក ឯកឧត្តម ក្រុមនិន្នាការ អ្នកទទួលខុសត្រូវ ក្រុមស្ថាប័ន ទៅជួបជុំ គ្នានៅក្រសួងឃោសនាការជាតិជាបន្ទាន់។ មូលហេតុ ចរចាគ្នារកសន្តិភាពតាមមធ្យោបាយសន្តិវិធីជូនប្រជាជនខ្មែរ ទូទាំងប្រទេស។
លើកទី២ ១៧-៤-៧៥៖ ០៧ម៉១៥
វិទ្យុផ្សាយសម្លេងភ្នំពេញ ផ្សាយដោយបក្សខ្មែរក្រហមបស្ចិមទិសម្តងទៀតថា
១- បក្សយើងឈ្នះ១០០% លើរបបសាធារណរដ្ឋខ្មែរបនក្បត់ លន់ នល់ ទូទាំងប្រទេសកម្ពុជា។
២- ជ័យជម្នះនេះ គឺបក្សយើងឈ្នះដោយចុងកាណុងយ៉ាងក្តៅគគុក។
៣- បក្សយើងគ្មានត្រូវការចរចាជាមួយអ្នកណា ឬបក្សណាទៀតទេ។
៤- ពួកក្បត់បក្សត្រូវតែទទួលការបរាជ័យរបស់ខ្លួន គ្មានអ្នកណាទទួលជំនួសអ្នកណាទេ។
៥.៣.) ១៧-៤-៧៥៖ ០៧ម៉៣០
បក្សខ្មែរក្រហម (ប្រើរថយន្តឡាំប្រឺតាម៉ូតូ)ប្រកាសតាមប្រដាប់បំពងសំឡេង?
១- ប្រជាជនកុំជ្រួលច្របល់ឆ្លងចុះឆ្លងឡើង
២- ចូលផ្ទះតាមរៀងៗខ្លួន
៣- រៀបចំការចាកចេញក្រៅក្រុង បណ្តោះអាសន្នមួយរយៈខ្លីសិន ចំនួន៣ថ្ងៃ។
៤- ចេញឱ្យផុតពីទីក្រុងចម្ងាយ៣គីឡូម៉ែត្រ
៥- ចេញតាមផ្លូវដែលអង្គការបក្សកំណត់ឱ្យ
៦- មិនបាច់យករបស់របរទៅច្រើនពេកទេ
៧- បើករយៈកាលឱ្យចេញកំណត់៣ថ្ងៃ
៨- កុំដើរបញ្ច្រាសផ្លូវដែលអង្គការបក្សកំណត់ឱ្យដើរ
៦.) មូលហេតុបក្សកំណត់ឱ្យចេញ?
១- អង្គការបក្សត្រូវការបោសសម្អាតខ្មាំង
២- រៀបចំឱ្យសមស្របតាមគោលអង្គការបក្សកំណត់ទុក
៣- អង្គការបក្សត្រូវមាននាទីការពារអាយុជីវិត និងការពារទីក្រុងឱ្យគង់វង្ស។
៤- អង្គការបក្សដឹងមុនថា មានខ្មាំងអាមេរិកាំង និងបរិវាររៀបចំកម្ទេចទីក្រុងរបស់យើងដោយប្រើយន្ត ហោះធុនធំៗជាងមុនៗទៅទៀត។
៦.១.) ១៧-៤-៧៥៖ ០៧ម៉៤៥
- កងទ័ពអង្គការបក្សខ្មែរក្រហម ដើរចល័តតាមផ្លូវតូចៗដេញបង្ខំប្រជាជនឱ្យចេញពីទីក្រុង អ្នកណារឹងទទឹង គេប្រើអាវុធយកជាគ្នាតែម្តង (គឺបាញ់)។
៦.២.) ផែនការឆែកឆេរច្រកចេញពីក្រុងរបស់អង្គការបក្សខ្មែរក្រហម
- ភូមិភាគនីមួយៗ គេរៀបកន្លែងឆែកឆេរតាមមុខសញ្ញានិងទទួលខុសត្រូវដូចជម្រាបមកខាងលើ ក្នុងភូមិ ភាគនីមួយៗមានកន្លែងឆែកឆេរធំ៣កន្លែង (ភារកិច្ច)
១- សង្កេតឆែករកជនក្បត់ពីអ្នកទទួលតំណែងធំៗ
២- ទាហានសាធារណរដ្ឋខ្មែរ (លន់ នល់)
៣- ពួកគិញ ដ្សៃកៀ និង ជៀស (ពួកការិយាល័យស៊ើបអង្កេតរបបសាធារណរដ្ឋខ្មែរ)។
៤- អ្នកដែលរត់ចេញពីបក្សរបស់គេមកចូលនឹង លន់ នល់ការសងេត្ក ៖ ពេលនោះអង្គការបក្សខ្មែរ ក្រហមចាប់បានទាហានលន់ នល់ ក្នុងមួយថ្ងៃៗ ក្នុងកន្លែងនីមួយៗចាប់ ១០០-៣០០នាក់។
ចម្លើយទី១ វគ្គទី១
យើងខ្ញុំសុំចែកទីក្រុងភ្នំពេញជា៤ផ្នែក ដូចពាក្យបរិយាយពីអត្ថបទដើមគឺ
១) ប្រជាជននៅទីក្រុងភ្នំពេញភាគខាងកើតទន្លេមេគង្គ គឺចែកចេញជា ២ផ្នែកៈ
ក- ផ្នែកខាងត្បូងទន្លេបួនមុខ ពួកខ្មែរក្រហមបានជម្លៀសចេញមុខឆ្ពោះទៅកាន់ខេត្តស្វាយរៀង និងខេត្ត ព្រៃវែង ចេញតាមថ្នល់ជាតិលេខ១ ប៉ុន្តែប្រជាជនទាំងអស់នេះមិនបានទៅតាមទិសកំណត់របស់អង្គការ ខ្មែរក្រហម ដាក់ចុះមក ១០០%ទេ លុះមកដល់ព្រែកអ្នកលឿង ខាងលិចទន្លេ ប្រជាជនខ្លះត្រូវបែកទៅក្អមសំណរ លុះដល់ថ្នល់ កាត់មួយចេញពីទន្លេទៅស្រុកសំរោងយ៉ោងចំបក់ ខេត្តតាកែវ ត្រង់ថ្នល់ជាតិលេខ២ ក៏បែកទៅតាកែវខ្លះទៀតទៅ កំពត គឺគេកាត់ទៅរកស្រុកកំណើតរបស់គេ អ្នកខ្លះទៅមិនដល់ទិសដៅរបស់ខ្លួនទេ ព្រោះពេលនោះអង្គការខ្មែរក្រហម កំណត់ឱ្យដើរបានតែ១៥ថ្ងៃ គឺគិតពីថ្ងៃ១៧-៤-៧៥រហូតដល់ថ្ងៃ១-៥-៧៥ អ្នកណាទៅដល់ទីណា គ្រប់កំណត់ថ្ងៃធ្វើដំណើរខាងលើគឺគណៈភូមិនោះគេឃាត់ឱ្យនៅត្រង់នោះឯង។
ខ- ផ្នែកខាងជើងទន្លេបួនមុខ ពួកខ្មែរក្រហមជម្លៀសចេញមុខឆ្ពោះទៅកាន់ខេត្តព្រៃវែង និងខេត្តកំពង់ចាម តាមផ្លូវថ្មីស្ពានជ្រោយចង្វារ ទៅខេត្តកំពង់ចាម។
- ប្រជាជនទាំងអស់នោះ ក៏មិនបានទៅដល់កំពង់ចាមតាមការកំណត់របស់អង្គការខ្មែរក្រហម ដូចជាប្រជា ជនខាងលើដែលអធិប្បាយរួចមកហើយដែរ ព្រោះប្រជាជនមានខ្លះឆ្លៀតបែកងាកទៅរកទិសដៅរបស់គេពីស្រុក កំណើតដើម ផុតកំណត់ការធ្វើដំណើរត្រឹមណាគឺនៅត្រឹមនោះ។
- ពេលនោះអង្គការខ្មែរក្រហមគេចាត់ទុកភ្នំពេញខាងលើគឺជាប្រជាជន និងជយភណ្ឌ ផ្តាច់មុខរបស់ភូមិភាគ បូព៌ា ដូច្នេះអ្នកណាគេចទៅណាក៏ទៅចុះ ឱ្យតែនៅក្នុងបរិវេណទឹកដីខេត្តព្រៃវែង ខេត្តស្វាយរៀង ហើយនឹងខេត្ត កំពង់ចាម គឺគេចាត់ទុកជាប្រជាជនរបស់គេទាំងអស់ អ្នកធ្វើដំណើរទាំងអស់កាលណាគ្រប់កំណត់ថ្ងៃធ្វើដំណើរត្រឹមណា គឺគេបង្ខំឱ្យនៅត្រង់នោះតាមទិសអង្គការកំណត់ទុកជាដាច់ខាត។
- ពេលដែលគេទៅឃាត់អ្នកដែលគេជម្លៀសចេញពីទីក្រុងឱ្យចូលមករស់នៅក្នុងភូមិរបស់គេគណៈភូមិគេធ្វើការ
- ឃោសនាថា បងប្អូនពុកម៉ែមិនបាច់ធ្វើដំណើរខ្លួនឯងទៀតទេព្រោះស្រុកភូមិពុកម៉ែនៅឆ្ងាយ នាំគ្នាស្នាក់នៅទីនេះសិនចុះ ចាំអង្គការយើងរករថយន្តជូនពុកម៉ែឱ្យទៅដល់ស្រុកភូមិកំណើតវិញស្រួលជាងនេះជាពាក្យបោកបញ្ឆោតរបស់អង្គការ
- ខ្មែរក្រហមទៅលើប្រជាជនលើកទី២។
២) ប្រជាជននៅទក៉្រីង ភ្នំពេញភាគខាងជើង អង្គការខ្មែរក្រហមចែកចេញជា២ផ្នែក
ក) ភាគខាងជើង ផ្នែក (ប៉ែក) ខាងកើត ចាប់ពីស្ថានីយ៍រថភ្លើងទៅទល់នឹងទន្លេមេគង្គ អង្គការចាត់ទុក ប្រជាជន និងជយភណ្ឌផ្នែកនេះជាកម្មសិទ្ធិរបស់ភូមិភាគឧត្តរទិស ប្រជាជននេះត្រូវតាមផ្លូវជាតិលេខ៥ ហើយឆ្លង ទន្លេមេគង្គទៅផ្លូវជាតិលេខ៦ មុខឆ្ពោះទៅខេត្តកំពង់ធំ និងខេត្តសៀមរាប។
ខ) ភាគខាងជើង ផ្នែក (ប៉ែក) ខាងលិចចាប់ពីស្ថានីយ៍រថភ្លើងរហូតដល់តំបន់ទួលគោកផ្នែកខាងកើត អង្គការខ្មែរក្រហមចាត់ទុកប្រជាជនជយភណ្ឌផ្នែកនេះជាកម្មសិទ្ធិរបស់ភូមិភាគពាយ័ព្យទិសប្រជាជននេះត្រូវចាកចេញពីភ្នំពេញតាមថ្នល់ជាតិលេខ៥ ជាមួយពួកឧត្តរទិសដែរ មុខឆ្ពោះទៅកាន់ខេត្តពោធិសាត់ និងខេត្តបាត់ដំបង។
-ប្រជាជនភូមិភាគនេះ ក៏មិនបានទៅដល់ទិសរបស់ខ្លួនដែរ ព្រោះពាក្យពេចនរបស់អង្គការខ្មែរក្រហមគ្មានអ្វី ពិតប្រាកដនោះទេ គឺសុទ្ធតែពាក្យបោកបញ្ឆោតទាំងអស់។
៣) ប្រជាជននៅទីក្រុងភ្នំពេញភាគខាងលិចអង្គការខ្មែរក្រហមចែកចេញជា២ផ្នែក
ក) ភាគខាងលិចផ្នែក (ប៉ែក) ខាងជើង ចាប់ពីថ្នល់សាលដឺហ្គោលមកដល់ទួលគោក ផ្នែកខាងលិចសល់ ពីភូមិភាគពាយ័ព្យ អង្គការខ្មែរក្រហមចាត់ទុកប្រជាជន ជយភណ្ឌផ្នែកនេះជាកម្មសិទ្ធិរបស់ភូមិភាគបស្ចិមទិស គណៈ ភូមិភាគត្រូវជម្លៀសប្រជាជនផ្នែកនេះទៅកាន់ខេត្តកំពង់ឆ្នាំង ទៅតាមថ្នល់កាត់ទទឹងចេញពីថ្នល់ទទឹង ខេត្តកណ្តាល ទៅ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ខ) ភាគខាងលិចផ្នែក (ប៉ែក) ខាងត្បូង ពីថ្នល់សាលដឺហ្គោល រហូតដល់សាលារៀន១៨មីនា អង្គការ ខ្មែរក្រហមចាត់ទុកប្រជាជន ជយភណ្ឌផ្នែកនេះជាកម្មសិទ្ធិរបស់ភូមិភាគបស្ចិមគណៈភូមិភាគសម្រេចឱ្យយកប្រជាជន ផ្នែកនេះទៅខេត្តកំពង់ស្ពឺចេញពីភ្នំពេញតាមផ្លូវស្ទឹងមានជ័យ អូរបែកក្អម តាមថ្នល់ជាតិលេខ៤ ប្រជាជនភូមិភាគនេះ ក៏គ្មានអ្វីខុសពីប្រជាជនភូមិភាគខាងលើដែរ។
៤) ប្រជាជននៅក្នុងទីក្រុងភ្នំពេញ ភាគខាងត្បូងប្រជាជនភូមិភាគនេះអង្គការខ្មែរក្រហមចែកចេញជា២ផ្នែក
ក) ភាគខាងត្បូងផ្នែក (ប៉ែក) ខាងលិច ចាប់ពីសាលារៀន១៨មីនា រហូតបឹងត្របែក អង្គការខ្មែរក្រហម ចាត់ទុកប្រជាជនជយភណ្ឌភាគនេះជាកម្មសិទ្ធិរបស់ភូមិភាគនិរតីទិសគណៈភូមិភាគសម្រេចឱ្យប្រជាជនផ្នែកនេះចេញពីក្រុងភ្នំពេញទៅនៅខេត្តកំពត ប្រជាជនផ្នែកនេះត្រូវចេញតាមថ្នល់ស្ទឹងមានជ័យទៅស្ទឹងបាគូ។
ខ) ភាគខាងត្បូងផ្នែក (ប៉ែក)ខាងកើតចាប់ពីថ្នល់មុនីវង្សរហូតដល់ទន្លេ ប្រជាជនផ្នែកនេះអង្គការខ្មែរ ក្រហមចាត់ទុកជាកម្មសិទ្ធិរបស់ភូមិភាគបស្ចិមទិស គណៈភូមិភាគសម្រេចឱ្យប្រជាជនផ្នែកនេះចេញពីក្រុងភ្នំពេញទៅ នៅខេត្តតាកែវត្រូវចេញតាមថ្នល់ កាត់តាមក្បាលថ្នល់ទៅតាខ្មៅ ចូលតាមថ្នល់ជាតិលេខ២
-ប្រជាជនភាគនេះក៏គ្មានអ្វីឱ្យខុសពីប្រជាជនខាងលើដែលបានរៀបរាប់រួចមកហើយនោះទេ។
ចម្លើយទី១ វគ្គទី២
មូលហេតុអ្វី?
មូលហេតុដែលគេជម្លៀស គោលដៅរបស់បក្សខ្មែរក្រហម
១) ពួកគេគោរពតាមទិសរបស់អង្គការដាក់ចុះតាម ទ្រឹស្តីរបស់ប្រធានបក្សកុម្មុយនីស្តចិនប៉េកាំង ត្រូវ បោសសម្អាតខ្មាំងផ្ទៃក្នុងឱ្យអស់ជាមុនសិន ទើបសម្រេចកិច្ចការអ្វីៗឯទៀតតាមក្រោយ។
២) បក្សកុម្មុយនីស្តមានបំណងធ្វើយ៉ាងណាឱ្យប្រជាជនស្គាល់ការពិបាកឱ្យខ្លាំងជាទីបំផុត ដើម្បីបំបាក់ស្មារតី ពត់មនុស្សឱ្យដើរតាមមាគ៌ារបស់បក្សកុម្មុយនីស្តឱ្យបាន១០០% នៅពេលបំពេញការកសាងបក្សនៅក្នុងប្រទេស កម្ពុជា។
៣) ក្នុងគោលបំណងរបស់បក្សកុម្មុយនីស្តធ្វើការជ្រើសរើសមនុស្ស
- ថាតើមនុស្សប្រភេទណា ដែលត្រូវរាប់បញ្ចូលជាប្រជាជនរបស់បក្ស តើមនុស្សប្រភេទណាដែលត្រូវ កម្ទេចចោលតាមពាក្យស្លោករបស់គេថា “ទុកក៏មិនចំណេញ ដកចេញក៏មិនខាត”
៤) បក្សកុម្មុយនីស្តមានបំណងសម្លាប់មនុស្សជំពូកដែលគេមិនគួរទុកដូចជាអ្នករដ្ឋការ មានទាហានជាដើម តែការសម្លាប់នេះ កុម្មុយនីស្តមានគោលបំណងធ្វើយ៉ាងណាកុំឱ្យមតិមហាជនក្នុងប្រទេស ហើយនិងមតិសកលលោក គេមើលឃើញច្បាស់ពេក ឱ្យស្របតាមពាក្យស្លោកថា “អូសទូកកុំឱ្យល្អានចាប់ត្រីបានកុំឱ្យល្អក់ទឹក”
៥) កុម្មុយនីស្តមានបំណងធ្វើយ៉ាងណាឱ្យប្រជាជនទាំងអស់នោះកុំឱ្យនៅមានការសោកស្តាយនឹងទ្រព្យសម្បត្តិ នាំឱ្យគេមានការពិបាកត្រួតត្រាទៅថ្ងៃមុខ។
៦) បក្សកុម្មុយនីស្តមានផែនការទុកជាមុនរួចស្រេចេហើយថា កុម្មុយនីស្តដាច់ខាតមិនឱ្យប្រជាជនមានទ្រព្យ សម្បត្តិជាគម្មសិទ្ធិផ្ទាល់ខ្លួនទេ អ្វីៗគឺជារបស់រដ្ឋទាំងអស់។
៧) បក្សកុម្មុយនីស្តត្រូវតែធ្វើបែបនេះដើម្បីឱ្យស្របតាមពាក្យឃោសនារបស់គេ កាលគេរៀបចំកម្លាំង កម្ទេចរបបសេរី គេប្រាប់កម្មាភិបាល និងប្រជាជនថា ផ្ទះវីឡា ឡានពេជ្រ ដែលពួកសក្តិភូមិ និងពួកមូលធន គហ បតីប្រើប្រាស់សព្វថ្ងៃនេះ គឺជាវត្ថុដែលចេញអំពីកម្លាំងញើសឈាមរបស់វណ្ណៈកសិករ និងកម្មករ ដូច្នេះពួកយើង ត្រូវតែខំរំដោះឱ្យឈ្នះ កាលណាយើងឈ្នះរបស់ទាំងនោះគឺអង្គការបក្សត្រូវតែជូនដល់ពុកម៉ែនិងមិត្តជាដាច់ខាត ពេល នោះយើងត្រូវតែដេញពួកវាចេញ ពួកយើងត្រូវតែទៅដេកស៊ីទីនោះយកពួកវាមកប្រើប្រាស់ម្តងវិញ។
៨) បក្សកុម្មុយនីស្តគេចងក្រងទ្រឹស្តីទុកថា កាលណាយើងរំដោះប្រទេសបានពីរបបសេរី គឺយើងត្រូវតែ រៀបចំកសាងប្រទេសពីជនបទមុន។
៩) ដើម្បីកសាងប្រទេសពីក្រឈានទៅរកមានគឺយើងត្រូវតែយកពួកសក្តិភូមិ នាយទុន និយាយខ្លីគឺអ្នកនៅ ទីក្រុងហើយនឹងទ្រព្យសម្បត្តិរបស់ពួកទាំងនោះមកកសាងប្រទេស វាគាប់ប្រសើរជាងទុកចោលឱ្យខូចខាត។
ចម្លើយទី១ វគ្គទី៣
មុនជម្លៀសចេញពីទីក្រុង
មុននឹងគេជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញតាមការសង្កេតផ្ទាល់ឃើញថាការជម្លៀសចេញនេះគឺគេរៀបចំទុកជាមុនស្រេចទៅហើយ ព្រោះសង្កេតឃើញមានរថយន្ត ត្រីចក្រយានយន្ត ត្រីចក្រយាន មានប្រដាប់បំពង សម្លេងមេក្រូជាប់ជាមួយរបៀបដូចៗគ្នា។ ពាក្យនិយាយក៏ដូចគ្នាទៀត។
១) ប្រជាជននៅក្នុងទីក្រុងភ្នំពេញទាំងមូលមិនថាអ្នកណាជាអ្នកណាគឺត្រូវតែចេញទៅខាងក្រៅក្រុងចម្ងាយ ៣គីឡូម៉ែត្រ។
២) ចំនួនតែ៣ថ្ងៃទេ
៣) មិនបាច់យករបស់របរនាំឱ្យពិបាកទេ
៤) បងប្អូនទៅដល់ទីណា ទីនោះមានអង្គការយើងឧបត្ថម្ភគ្រប់សព្វមូលហេតុដែលអង្គការត្រូវជម្លៀស បង ប្អូនចេញតែមួយរយៈសិននោះគឺ ១. អង្គការចង់សង្គ្រោះបងប្អូនទាំងអស់ដែលបាក់បែកបងប្អូនញាតិមិត្តមកពីជនបទ ដោយសារពួកសាធារណរដ្ឋបនក្បត់ លន់ នល់ ដែលកៀរបង្ខំយកមករស់នៅទីក្រុងលំបាកខ្លោចផ្សាបែបនេះ។ ល្វិ ត្រឡប់ទៅជួបជុំគ្រួសារយើងវិញទីនេះគ្មានអីហៅថា...(ឯកសារផ្នែកចម្លើយទី១ វគ្គទី៣ មានតែត្រឹមនេះ ដោយឯកសារពុំទាន់ត្រូវបានរកឃើញនៅឡេយីទេ)។
ប្រភព៖ (រូបថត និងអត្ថបទ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ដកស្រង់តាមសំណៅដើមទាំងស្រុងពីឯកសារ D០០៧១០។
អាចទាញយកឯកសារបានទាំងស្រុង ជាភាសាខ្មែរ៖ http://d.dccam.org/Survivo…/pdf/Phnom_Penh_Liberation_KH.pdf
ជាភាសាអង់គ្លេស (English)៖ http://d.dccam.org/Survivors/pdf/Phnom_Penh_Liberation.pdf

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post