ទីក្រុងស៊ិនជិនបានក្លាយជាទីក្រុងចិនដំបូងគេ ដែលបានហាមឃាត់ការលក់និងបរិភោគសាច់ឆ្កែនិងឆ្មា។
ការដាក់ចេញច្បាប់នេះ បន្ទាប់ពីការផ្ទុះឡើងនៃមេរោគកូវីដ១៩ ត្រូវបានគេជឿជាក់ថា អាចបណ្ដាលមកពីការបរិសាច់សត្វព្រៃ ដែលជំរុញឱ្យអាជ្ញាធរចិនហាមឃាត់ការធ្វើពាណិជ្ជកម្មនិងការបរិភោគសត្វព្រៃ។
ទីក្រុងស៊ិនជិន បានបោះមួយជំហានទៅមុខទៀត ដោយពង្រីកការហាមឃាត់បរិភោគសត្វព្រៃ ទៅដល់ការបរិភោគសាច់ឆ្កែនិងឆ្មា ដែលច្បាប់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី១ឧសភាខាងមុន។
អង្គការអន្តរជាតិមួយខាងការពារសត្វព្រៃហៅថាHSIបាននិយាយថា សត្វឆ្កែចំនួន៣០លានក្បាល ត្រូវបានសម្លាប់សម្រាប់បរិភោគនៅទូទាំងទ្វីបអាស៊ីក្នុងមួយឆ្នាំៗ។
ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនៃការបរិភោគសាច់ឆ្កែនៅប្រទេសចិន មិនមែនជារឿងទូទៅនោះទេ ដោយប្រជាជនចិនភាគច្រើនមិនដែលបានបរិភោគឡើយ ហើយនិយាយថាពួកគេមិនចង់បរិភោគ។
រដ្ឋាភិបាលទីក្រុងស៊ិនជិនបាននិយាយថា សត្វឆ្កែនិងសត្វឆ្មាជាសត្វចិញ្ចឹមបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សជាងសត្វដទៃទៀត ហើយការហាមឃាត់ការបរិភោគសាច់ឆ្កែនិងឆ្មានិងសត្វចិញ្ចឹមដទៃទៀត គឺជាការអនុវត្តជាទូទៅនៅក្នុងប្រទេសអភិវឌ្ឍន៍ និងនៅហុងកុងនិងតៃវ៉ាន់។
អង្គការHSIបានកោតសរសើរចំពោះការដាក់ចេញច្បាប់នេះ ហើយបញ្ជាក់ថា នេះពិតជាពេលវេលាដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ចប់ពាណិជ្ជកម្មដ៏ឃោរឃៅដែលបានសម្លាប់សត្វឆ្កែប្រមាណ១០លានក្បាលនិងសត្វឆ្មា៤លានក្បាលនៅក្នុងប្រទេសចិនជារៀងរាល់ឆ្នាំ៕
ប្រភព៖BBC
ផ្ដល់សិទ្ធិដោយ៖ khmernas