header ads

Sponsor

ក្រសួងមហាផ្ទៃនឹងចាប់ផ្ដើមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកចាប់ពីម៉ោង ១២យប់នេះតទៅ ខណៈពលរដ្ឋជាច្រើននាំគ្នាសម្រុកធ្វើបណ្ណបើកបរយ៉ាងច្រើនកុះករក។នេះបើតាមការឲ្យដឹងរបស់ក្រសួងសាធារណៈការ នៅថ្ងៃទី ៣០ ខែ មេសា។

កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ម្សិលមិញនេះ មានប្រជាពលរដ្ឋបានមកប្រឡងយកបណ្ណបើកបរនៅអង្គភាពផ្តល់បណ្ណបើកបរយានយន្ត និងមកប្តូរ ពន្យារបណ្ណនៅមណ្ឌលប្តូរ ពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអនទី១ និង អ៊ីអន២ មានចំនួន ៥៨៣នាក់ កើនជាង ៣ដង ធៀបនឹងថ្ងៃធម្មតា ។

តាមការជូនដំណឹងរបស់ស្នងការនគបាលជាតិឲ្យដឹងថា ក្រសួងមហាផ្ទៃ បានត្រៀមកម្លាំងចំនួន ៣,៩១៩នាក់ដើម្បីដាក់តាមគោលដៅត្រៀមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែ ឧសភាតទៅ។

ជុំវិញការរឹតបន្តឹងនេះ សម្តេច ស ខេង បានបញ្ជាក់ថា មូលហេតុដែលត្រូវតែអនុវត្តវិធានការណ៍នេះ គឺដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងគំហុកក្នុងពេលកន្លងទៅ ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងពិការជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

សម្តេច សង្កត់ធ្ងន់យ៉ាងដូច្នេះថា ការខាតបង់នៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានភាពធ្ងន់ធ្ងរណាស់ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិត បង្កទុក្ខលំបាកដល់ក្រុមគ្រួសារ និងបង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់គ្រួសារ ខាតបង់ទ្រព្យសម្បត្តិគ្រួសារ និងទ្រព្យសម្បត្តិសាធារណៈ ព្រមទាំងបានបន្សល់ជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិផងដែរ។

តាមអនុក្រឹត្យថ្មី អ្នកបើកបរដែលគ្មានបណ្ណ សម្រាប់រថយន្តធុនស្រាល ត្រូវពិន័យ ១២០០០០០រៀល ធុនធ្ងន់ពិន័យ ២៤០០០០០រៀល ហើយអ្នកបើកបរប្រើប្រាស់បណ្ណមិនត្រឹមត្រូវសម្រាប់រថយន្តធុនស្រាលត្រូវពិន័យ ១៨០០០០រៀល ធុនធ្ងន់ពិន័យ ៣៧៥០០០រៀល ចំណែកអ្នកប្រើប្រាស់បណ្ណបើកបរហួសសុពលភាព រថយន្តធុនស្រាលពិន័យ ១៨០០០០រៀល និងធុនធ្ងន់ពិន័យ ៣៧៥០០០រៀល៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post