
លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃពុធទី២២ខែមេសា បានណែនាំដល់កងទ័ពជើងទឹកអាមេរិកឱ្យបាញ់ពន្លិចនិងបំផ្លាញទូកកាំភ្លើងយន្តអ៊ីរ៉ង់ទាំងអស់ប្រសិនបើពួកគេបើកបរចូលមករំខានដល់នាវាចម្បាំងរបស់អាមេរិកនៅលើសមុទ្រនាពេលខាងមុខទៀត។
កាលពីសប្ដាហ៍មុន មានឧប្បត្តិហេតុមួយកើតឡើងនៅឈូងសមុទ្រពែក្ស ដែលសហរដ្ឋអាមេរិកបាននិយាយថា នាវាកងទ័ពបដិវត្តអ៊ីរ៉ង៉ចំនួន១១គ្រឿង បានចូលមករំខាននាវាកងទ័ពជើងទឹកនិងនាវាឆ្មាំសមុទ្រអាមេរិកចំនួន៦គ្រឿងម្ដងហើយម្ដងទៀត។
អ្នកនាំពាក្យរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានរិះគន់ចំពោះគំរាមរបស់លោក ត្រាំ ដោយបាននិយាយថា ជំនួសឱ្យការសម្លុតអ្នកដទៃ សហរដ្ឋអាមេរិកគួរតែផ្តោតលើការសង្គ្រោះអាយុជីវិតកងទ័ពប្រដាប់អាវុធរបស់អាមេរិកដែលបានឆ្លងវីរុសកូរ៉ូណាឬកូវីដ១៩។
អាមេរិក និងអ៊ីរ៉ង់ ជិតផ្ទុះសង្គ្រាមជាមួយគ្នាទៅហើយកាលពីខែមករា នៅពេលដែលសហរដ្ឋអាមេរិកបានសម្លាប់មេទ័ពយោធាអ៊ីរ៉ង់ជាន់ខ្ពស់ម្នាក់ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយអ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីលបាលីស្ទិកនៅមូលដ្ឋានយោធាអ៊ីរ៉ាក់ដែលជាកន្លែងឈរជើងរបស់កងកម្លាំងសហរដ្ឋអាមេរិក។
ការបញ្ជារបស់លោក ត្រាំ ដើម្បីឱ្យបាញ់កម្ទេចទូកបំពាក់កាំភ្លើងយន្តរបស់អ៊ឺរ៉ងនេះ គឺបានកើតឡើងប៉ុន្មានម៉ោង ក្រោយពីរដ្ឋាភិបាលបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបយោធាមួយដោយជោគជ័យទៅក្នុងគន្លងតារាវិថីជាលើកដំបូង។
អ៊ីរ៉ង់បានព្យាយាមបាញ់បង្ហោះជាច្រើនដងរួចមកហើយក្នុងឆ្នាំកន្លងមកនេះ ប៉ុន្តែមិនបានជោគជ័យ ហើយប្រសិនបើការបាញ់នៅថ្ងៃពុធនេះ ទទួលបានជោគជ័យដូចប្រទេសអ៊ីរ៉ង់ប្រកាសមែន នោះនឹងបន្ថែមភាពតានតឹងមួយកម្រិតទៀតរវាងអ៊ីរ៉ង់និងសហអាមេរិក៕
ប្រភព៖BBC
ផ្ដល់សិទ្ធិដោយ៖ khmernas

