header ads

Sponsor

ក្រសួងមហាផ្ទៃ ហាមឃាត់ពលករខ្មែរ ដែលទើបចូលមកកម្ពុជា ប្រមាណជាង ៨ម៉ឺននាក់ មិនឲ្យត្រឡប់ទៅក្រៅប្រទេសវិញ ដើម្បីចូលរួមទប់ស្កាត់​ការរីក​រាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោក។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានអំពាវនាវដល់ពលរដ្ឋខ្មែរដូច្នេះថា៖«ពលករខ្មែរចំណាកស្រុកដែលត្រឡប់មកស្រុកខ្មែរវិញនាពេលកន្លងទៅនេះ សូមមេត្តាកុំអាលវិលត្រឡប់ទៅរកប្រទេសគោលដៅវិញ ដោយសារប្រទេស​គោលដៅបច្ចុប្បន្ននេះគឺមានអត្រាឆ្លងខ្ពស់ជាងយើង ប្រសិនបើវិលត្រឡប់​ទៅពេលនេះ គឺជួបនឹងហានីភ័យខ្ពស់ណាស់ ហើយខាងប្រទេសគេវិញក៏រឹតបន្ដឹងដែរ អំពីកា​រ​បិទព្រំដែនដែរ»។

លោកស្រី ជូ ប៊ុនអេង លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យ​លទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែងរបស់​ពលករចំ​ណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី ២២ខែមេសាឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួង​មហាផ្ទៃ។

លោកស្រីបន្តថា៖«បើសិនយើងរកឃើញថា មានពលករ​យើងណាម្នាក់មានកម្តៅ ខុសពីធម្មតា ពួកគាត់ស្ថិតនៅការ​តាម​ដាន​បន្ដអត់ទាន់បញ្ជូនគាត់ចេញមកទេ ហើយយើងនឹងស្នើសុំមន្ទីរពេទ្យបង្អែកព្រំដែនត្រូវពិនិត្យបន្ថែម»។ ពលករខ្មែរជាង​៤០០នាក់ ដែលបានសង្ស័យថា មានអ្នកឆ្លងមេរោគកូវីដ-១៩ បានយកសំណាក​ទៅពិនិត្យ ប៉ុន្ដែលទ្ធផលពុំមានអ្នកឆ្លងឡើយ។

ជាមួយគ្នានេះ លោកស្រី លើក​ទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ត្រូវដាំដុះបន្លែបន្ថែម​នៅតាមទីលំនៅដ្ឋានរៀងៗខ្លួន ដើម្បីរកប្រាក់ចំណូលក្នុង​គ្រួសារ​បន្ថែម​ អំឡុង​ពេលកម្ពុជាកំពុង​ជួបបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩៕

 ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post