គ្រូបង្វឹកក្លឹបល្វាឯម បង្ហាញការសោកស្តាយ ទោះបីឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ Hun Sen Cup ថ្នាក់ខេត្ត ។ ការសោកស្តាយនេះ ព្រោះតែការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើអោយការប្រកួតបន្ត ត្រូវបានផ្អាកជាបណ្តោះ អាសន្ន ។
លោក ពុំ តុលា គ្រូបង្វឹកក្លឹបល្វាឯម និងជាអតីតកីឡាករភ្នំពេញក្រោន និងក្រុមជម្រើសជាតិកម្ពុជាផង បានឲ្យដឹងកាលពីដើមសប្តាហ៍ តាមរយៈសារអេឡិចត្រូនិចហ្វេសបុកថា៖ « ខ្ញុំមានការសោកស្តាយខ្លាំងដោយសារមានជំងឺកូវីដ-១៩ ការប្រកួតត្រូវបានផ្អាករយះពេលយូរ ព្រោះក្រុមទាំងមូល កំពុងលេងលេងស៊ីចង្វាក់ យល់ចិត្តគ្នា និងកីឡាករម្នាក់ៗ កំពុងរីកចម្រើន ដល់ពេលផ្អាកការប្រកួតយូរចឹងទៅ អាចធ្វើអោយកីឡាករបាត់បង់ រឺ ថមថយ កំលាំង និងបច្ចេកទេសខ្លះ»។
គ្រូបង្វឹករូបនេះបានបន្តទៀតថា៖ «តាំងពីមានជំងឺហ្នឹងមកក្នុងក្រុម គឺអត់មានការជួបជុំហ្វឹកហាត់ទេ តែទោះជាយ៉ាង ណាក៏ខ្ញុំបានប្រាប់អោយកីឡាករទាំងអស់ ធ្វើការហ្វឹកហាត់ សាច់ដុំនៅផ្ទះខ្លួនឯង តែក៏មានកីឡាករខ្លះហាត់ ខ្លះអត់ ចឹងអាចធ្វើអោយក្រុម បាត់បង់នៅទំរង់លេងខ្លះ ចឹងត្រូវការពេលហ្វឹកហាត់យូរឡើងវិញ»។
គួររម្លឹកផងដែរថា ក្លឹបបាល់ទាត់ស្រុកល្វាឯម ដែលលេងតំណាងក្រុមខេត្តកណ្តាលក្នុងពានរង្វាន់សម្តេចមហាសេនាបេតីតេជោ ហ៊ុន សែន បានឡើងវគ្គ ៨ ក្រុមក្រោយពីការជម្រុះក្នុងពូល ដោយមាន ៦ ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត ៤ ប្រកួត ស្មើ ៣ ប្រកួត និងឈ្នះ ១ ប្រកួត ឈរនៅចំនាត់ថ្នាក់លេខ ២ ល្អនៅក្នុងពូល ឃ។
ជាចុងក្រោយ លោកគ្រូ ពុំ តុលា បានផ្តាំផ្ញើដល់កីឡាករ ចេះអនាម័យអោយបានល្អ រក្សាកំលាំង សាច់ដុំ និងរាងកាយ ក្នុង អំឡុងពេលសំរាកនេះ និងជាពិសេសជូនពរដល់អ្នកផ្ទុកជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា សះស្បើយពីជំងឺ និងសំណូមពរដល់ប្រជាជនកម្ពុជា កាត់បន្ថយការជួបជុំមួយរយះសិន តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល៕
ដោយ៖ យ៉ាសិដ្ឋ
ផ្ដល់សិទ្ធិដោយ៖ khmernas