ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសសិង្ហបុរីលោក Heng Swee Keat បានប្រកាសនៅថ្ងៃច័ន្ទទី៦មេសានេះថា ប្រជាជនសិង្ហបុរីពេញវ័យទាំងអស់ ដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ នឹងទទួលបានប្រាក់សំណង៦០០ដុល្លារអាមេរិកជាសាច់ប្រាក់សុទ្ធ។
លោកបញ្ជាក់ថា សម្រាប់ប្រជាជនសិង្ហបុរីភាគច្រើន ដែលបានផ្តល់ព័ត៌មានលំអិតអំពីគណនីធនាគាររបស់ពួកគេមកឱ្យរដ្ឋាភិបាល គឺរដ្ឋាភិបាលនឹងបង់ប្រាក់សាមគ្គីភាពនោះ ចូលទៅក្នុងគណនីធនាគាររបស់ពួកគេដោយផ្ទាល់នៅថ្ងៃទី១៤ខែមេសាខាងមុននេះ។
លោកបានបន្តថា ចំពោះពលរដ្ឋដែលនៅសេសសល់មិនបានបញ្ជូនគណនីធនាគារមករដ្ឋាភិបាល នឹងទទួលបានការទូទាត់ប្រាក់ដោយមូលប្បទានប័ត្រ ដែលនឹងត្រូវចេញជាដំណាក់កាលៗ ចាប់ពីថ្ងៃទី៣០ខែមេសា។
ការផ្ដល់ថវិកានេះ គឺដើម្បីជួយទៅដល់ក្រុមហ៊ុន កម្មករ និងក្រុមគ្រួសារ ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ ដែលបានប៉ះពាល់ដល់វិស័យជាច្រើននៅក្នុងប្រទេសសិង្ហបុរី ដែលនេះគឺជាវិធានការគាំទ្រជុំទី៣ពីរដ្ឋាភិបាល។
លោក Heng Swee Keat បាននិយាយថា លោកនឹងខំប្រឹងផ្តល់ថវិកាទាំងនេះឱ្យបានទាន់ពេលវេលា ដើម្បីធានាថាគ្មានក្រុមគ្រួសារណាមួយនៅក្នុងប្រទេសសិង្ហបុរី នៅឯកោក្នុងកំឡុងពេលដ៏លំបាកនេះទេ។
ឧបនាយករដ្ឋមន្ត្រីនេះបញ្ជាក់ថា ប្រជាជនសិង្ហបុរីខ្លះ ក៏នឹងរងផលប៉ះពាល់ផ្លូវចិត្តនៅក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩នេះដែរ ដោយលោកអះអាងថា ក្រៅពីជំនួយផ្នែកហិរញ្ញវត្ថុនេះ រដ្ឋាភិបាលក៏ផ្តល់ការគាំទ្រផ្នែកសុខភាពផ្លូវចិត្តទៅដល់ប្រជាជនដែរ។
លោកនិយាយថា មន្ត្រីបម្រើសេវាកម្មគាំទ្រសុខភាពផ្លូវចិត្តនៅតាមសហគមន៍ នឹងបន្តផ្តល់ការយកចិត្តទុកដាក់និងការគាំទ្រដល់ប្រជាពលរដ្ឋ តាមរយៈការពិគ្រោះយោបល់តាមទូរស័ព្ទ ឬការចុះសួរសុខទុក្ខតាមផ្ទះ សម្រាប់ពលរដ្ឋណាដែលត្រូវការជំនួយបន្ថែមទៀត។
ប្រទេសសិង្ហបុរីបានប្រកាសដាក់ឱ្យដំណើការបណ្តាញទូរស័ព្ទកាលពីចុងសប្ដាហ៍មុននេះ ដែលហៅថាបណ្ដាញទូរស័ព្ទថែទាំជាតិ ដែលបម្រើសេវាជូនពលរដ្ឋ២៤ម៉ោងក្នុងមួយសប្ដាហ៍៧ ដើម្បីពិគ្រោះយោបល់និងផ្ដល់ប្រឹក្សាសម្រាប់ដោះស្រាយបញ្ហាផ្លូវចិត្តជូនពលរដ្ឋ៕
ប្រភព៖ CNA
ផ្ដល់សិទ្ធិដោយ៖ khmernas