header ads

Sponsor

លោក ហេង សួរ មន្ត្រីនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរនៅលើហ្វេសប៊ុកនៅថ្ងៃទី៨មេសាថា ដើម្បីបង្ការហានិភ័យក្រោយពេលចូលឆ្នាំខាងមុខនេះ និងយោងទៅតាមវិធានចត្តាឡីស័កសុខាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន ត្រូវកត់ឈ្មោះកម្មករនិយោជិតនិងបុគ្គលិកទាំងអស់ ដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំ ហើយប្រគល់មកឱ្យអាជ្ញាធរ ដើម្បីដាក់កម្មករទាំងនោះឱ្យនៅដាច់ដោយឡែកពីគេ នៅតាមផ្ទះជួលរចំនួន១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួលសិន ទើបអនុញ្ញាតឱ្យចូលធ្វើការវិញ។

ទៅជាយ៉ាងណា លោក ហេង សួរ បានអំពាវនាវកម្មករនិយោជិត មេត្តាយោគយល់ និងទទួលយកនូវការអង្វររបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តការលើកថ្ងៃឈប់សម្រាកចូលឆ្នាំនាថ្ងៃទី ១៣ដល់១៦ខាងមុខនេះ។ លោកបានបន្តថា ក្នុងកាលៈទេសៈនេះមិនមែនជាកាលៈទេសៈល្អសម្រាប់ការវិលត្រឡប់ទៅស្រុកកំណើតនោះទេ ពីព្រោះមានមនុស្សច្រើនមកពីប្រភពនិងកន្លែងផ្សេងគ្នា ហើយមិនដឹងថាអ្នកណាបានឆ្លងកាត់កន្លែងណាខ្លះឡើយ។

លោកបានសរសេរនៅក្នុងហ្វេសប៊ុកថា៖« សូមបងប្អូនគិតអំពីសុខភាពខ្លួនឯង និងថ្លឹងថ្លែងកត្តាសេដ្ឋកិច្ចឲ្យបានច្បាស់លាស់។ ដោយសារជំងឺកូវីដ ១៩ សេដ្ឋកិច្ចពិភពលោកគឺមិនមានភាពច្បាស់លាស់ និងអាចព្យាករណ៍បានឡើយ។ ជំងឺកូវីដ១៩ សាហាវណាស់ មិនទាន់មានថ្នាំព្យាបាលនោះទេ។ សូមកុំមើលស្រាលជំងឺនេះ។

រាជរដ្ឋាភិបាល មានព័ត៌មាន និងអនុសាសន៍ច្បាស់លាស់ពីមន្ត្រីជំនាញសុខាភិបាល និងអង្គការសុខភាពពិភពលោក មុននឹងសម្រេចចិត្តលើកថ្ងៃឈប់សម្រាកនាពេលចូលឆ្នាំនេះ»។ លោក ហេង សួរ បន្តទៀតថា កម្មករអាចចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលជំងឺកូវីដ១៩ ដោយសូមកុំធ្វើដំណើរទៅផ្ទះក្នុងពេលចូលឆ្នាំនេះ ហើយបើទោះទៅលេងភូមិកំណើត ក៏នៅភូមិកំណើតមិនមានរៀបចំកម្មវិធីអ្វីដែរ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post