header ads

Sponsor

ប្រាសាទព្រះប៉ាលីឡៃ រឺព្រះបាលិលេយ្យមានចំងាយប្រហែលជា ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចំងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រាសាទនេះមានទីតាំងនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេព្យប្រណម។ ដើម្បីចូលទៅទស្សនាប្រាសាទនេះ អ្នកត្រូវធ្វើដំណើរតាមផ្លូវដីក្រហមចូលទៅកាន់វត្តទេព្យប្រណម ប្រហែលជា ៥០០ ម៉ែត្រ ពីផ្លូវចាក់កៅស៊ូដែលចេញពីប្រាសាទបាយ័ន ឆ្ពោះទៅក្លោងទ្វារខាងជើងនៃក្រុងអង្គរធំ។ ពេលដែលអ្នកធ្វើដំណើរហួសវត្តទេព្យប្រណមបន្តិច អ្នកនឹងឃើញព្រះពុទ្ធបដិមាមួយអង្គយ៉ាងធំនៅខាងមុខក្លោងទ្វារប្រាសាទនៃប្រាសាទនេះ។ ភ្ញៀវទេសចរទាំងអស់អាចធ្វើដំណើរចូលទៅកាន់ប្រាសាទនេះតាមមធ្យោបាយផ្សេងៗដែលមានដូចជា កង់ ម៉ូតូ រ៉ឺម៉កកង់បី រឺក៏រថយន្តទេសចរណ៍ធុនតូច ហើយចំពោះរថយន្តក្រុងធំៗវិញគឺមិនអាចចូលទៅដល់ឡើយ ដោយសារតែផ្លូវមានលក្ខណៈតូចចង្អៀតនិងមានដើមឈើដុះនៅសងខាងផ្លូវច្រើន។
ប្រាសាទនេះត្រូវបានគេកសាងឡើងនៅក្នុងសតវត្សទី ១២ និងដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ជារឿងគួរអោយសោកស្ដាយដែល ដោយផ្នែកមួយចំនួននៃប្រាសាទត្រូវបានបាក់បែកដោយសារកត្តាធម្មតា និងអាយុកាលរបស់ប្រាសាទ។







CAMBODIAN BACKPACKER សង្ឃឹមថាបន្ទាប់ពីបានផ្សព្វផ្សាយពត៌មាន និងរូបភាពអំពីប្រាសាទនេះហើយ ចំនួនភ្ញៀវទេសចរដែលទៅទស្សនាប្រាង្គប្រាសាទដ៏ស្ងាត់ស្ងៀមមួយនេះ នឹងបានការកើនឡើងជាលំដាប់។ សូមអរគុណ!
ថតដោយ: Sony A6000 + Len 16-50 mm
___________________________
Facebook: https://www.facebook.com/CambodianBackpacker/

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post