header ads

Sponsor

ភ្នំពេញ៖ អង្គការ​មូលនិធិ​សាកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ហៅ​កាត់​ថា WWF ស្នើឱ្យរដ្ឋាភិបាលក្នុងតំបន់អាស៊ី យកគំរូតាមរដ្ឋាភិបាលចិន ក្នុងការបញ្ឈប់ការជួញដូរ និងបិទទីផ្សារសត្វព្រៃ ស្របពេលដែលជំងឺCOVID-19 កំពុងរាតត្បាត។

អង្គការWWF បានបញ្ជាក់ថា ប្រភពនៃការផ្ទុះវីរុសកូវីដ-១៩ មិនទាន់មានការបញ្ជាក់ច្បាស់នោះទេ ខណៈដែលអង្គការសុខភាពពិភពលោក (WHO) បានត្រឹមបញ្ជាក់ថា វាជាប្រភេទជំងឺ ដែលឆ្លងពីសត្វទៅមនុស្ស ជាពិសេសប្រភេទវីរុសនៅក្នុងខ្លួនសត្វព្រៃតែម្ដង។

ក្រោយមានការបញ្ជាក់ពីអង្គការWHO នេះ រដ្ឋាភិបាលចិន បានប្រកាសហាមឃាត់ដាច់ខាត ចំពោះការជួញដូរ និងបរិភោគសត្វព្រៃ កាលពីថ្ងៃទី២៤ កុម្ភៈ។ អង្គការWWF យល់ថា ចំណាត់ការរបស់រដ្ឋាភិបាលចិន ជារឿងល្អប្រសើរ ព្រោះប្រជាជនមួយចំនួនក្នុងតំបន់អាស៊ី ក៏ចង់ឱ្យរដ្ឋាភិបាលពួកគេអនុវត្តតាមចិន ក្នុងបញ្ឈប់ការជួញដូរ និងបរិភោគសត្វព្រៃដែរ។ អង្គការWWF បានស្ទង់មតិមនុស្សជាង៥០០០នាក់ មកពីហុងកុង មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

លោកស្រី គ្រីស្ទី វីលៀម (Christy Williams) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការWWF បានបញ្ជាក់ថា៖«ប្រទេសចិនបានចាត់វិធានការសំខាន់ៗមួយចំនួន ដើម្បីហាមឃាត់ការបរបាញ់ ជួញដូរចរាចរណ៍ និងការបរិភោគសត្វព្រៃ ហើយប្រទេសវៀតណាមក៏កំពុងរៀបចំវិធានការស្រដៀងគ្នានេះដែរ។ រដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីដទៃទៀត គួរតែយកគំរូនេះ ដោយបិទទីផ្សារសត្វព្រៃនានា ក្នុងប្រទេសរបស់ខ្លួន និងការបញ្ឈប់ការជួញដូរសត្វព្រៃទាំងអស់ ដើម្បីការពារជីវិតមនុស្ស និងបង្ការវិបត្តិសង្គម និងសេដ្ឋកិច្ចដែលមនុស្សទូទាំងសាកលលោកកំពុងរងគ្រោះនេះ កុំឱ្យកើតឡើងជាថ្មីម្ដងទៀត»។

ជុំវិញបញ្ហានេះ លោក សេង ទៀក នាយកអង្គការWWF ប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងក្នុងពង្រឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើសសត្វព្រៃ តាមរយៈការយកចិត្តទុកដាក់របស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បើតាមលោក សេង ទៀក ការពង្រឹងវិធានការច្បាប់នេះ បានកាត់បន្ថយការចរាចរណ៍សត្វព្រៃនៅលើទីផ្សារ និងនៅតាមរមណីយដ្ឋានទេសចរណ៍នានាផងដែរ។

នាយកអង្គការWWF ប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ដូច្នេះថា៖«គាចាំបាច់ត្រូវបញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ជាពិសេសប្រភេទថនិកសត្វ ពពួកបក្សី និងប្រភេទសត្វល្មូននានា ដែលសុទ្ធសឹងជាប្រភេទសត្វមានហានិភ័យខ្ពស់ក្នុងការចម្លងវិរុសដល់មនុស្ស។ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងសុខភាពសាធារណៈល្អ ជូនប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាបញ្ចៀសកុំឱ្យមានការផ្ទុះឡើងនូវវីរុសឆ្លងចេញពីប្រទេសយើង(កម្ពុជា)»។

លោក ម៉ាកូ ឡាមប៊ឺតធីនី (Marco Lambertini) អគ្គនាយកនៃអង្គការWWF អន្តរជាតិ បានសង្កត់បន្ថែមថា សាធារណជនក្នុងតំបន់អាស៊ី ជាពិសេសអ្នករស់នៅក្នុងប្រទេស ដែលមានការជួញដូរសត្វព្រៃនេះ កំពុងទាមទារឱ្យមានវិធានការនានា ដើម្បីហាមឃាត់ការប្រើប្រាស់ និងបរិភោគសត្វព្រៃ ក៏ដូចជាការបិទចោលទាំងស្រុងនូវការជួញដូរសត្វព្រៃ និងគ្មានការអនុញ្ញាតទាំងអស់។

អគ្គនាយកនៃអង្គការWWF អន្តរជាតិរូបនេះ បានបញ្ជាក់ថា៖«វាដល់ពេលហើយ ដែលមនុស្សត្រូវស្វែងយល់ពីទំនាក់ទំនងរវាងការជួញដូរសត្វព្រៃ ការសឹករិចរឹលបរិស្ថាន និងគ្រោះមហន្តរាយចំពោះសុខភាពមនុស្ស។ការចាត់វិធានការពេលឥឡូវនេះ គឺពិតជាចាំបាច់ណាស់ដើម្បីប្រយោជន៍មនុស្សជាតិ ក៏ដូចជាការរស់រានមានជីវិតរបស់ប្រភេទសត្វព្រៃដែលរងគ្រោះដោយសារការប្រើប្រាស់ បរិភោគ និងការជួញដូរ»។

អង្គសុខភាពពិភពលោក(WHO) បានចេញរបាយការណ៍កន្លងមកថា ជំងឺកូវីដ-១៩ ដែលរាលដាលជាសាកលនាពេលបច្ចុប្បន្ននេះ បូករួមធាតុបង្កជំងឺលើខ្លួនមនុស្ស៦១ភាគរយផង គឺជាប្រភពឆ្លងពីសត្វ ជាពិសេសការជួញដូរ និងបរិភោគសត្វព្រៃ ដែលជាកត្តាបង្កគ្រោះថ្នាក់ខ្លាំងជាងគេ។ ជាក់ស្ដែងដូចជាជំងឺហ្សារ (SARS) ម៉ើស (MERS) និងអេបូឡា (EBOLA) ក៏ត្រូវបានគេរកឃើញវីរុសដែលឆ្លងពីសត្វទៅមនុស្សដែរ។

ការជួញដូរសត្វព្រៃ គឺជាការគំរាមកំហែងលំដាប់ទី២ ចំពោះធនធានចម្រុះលើសាកលលោក បន្ទាប់ពីការបំផ្លិចបំផ្លាញទីជម្រករបស់សត្វព្រៃ។ នេះជាការបញ្ជាក់របស់អង្គការWWF។

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post