header ads

Sponsor

ភ្នំពេញ៖ រដ្ឋាភិបាល បានរៀបចំរោងចក្រមួយចំនួន ឱ្យប្រែក្លាយទៅរោងចក្រផលិតម៉ាស់ និងសម្ភារពេទ្យ ដើម្បីបង្កើនលទ្ធភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេស។ ក្រៅពីនេះរដ្ឋាភិបាល ក៏បានត្រៀមគ្រឿងឧបភោគបរិភោគនិងស្បៀងអាហារ សម្រាប់ដោះស្រាយបញ្ហាពលរដ្ឋដែរ។ សម្ដេច ហ៊ុន សែន ប្ដេជ្ញាទប់ស្កាត់ករណីជំងឺនេះ ដោយមិនឱ្យមានការស្លាប់ច្រើនដូចនៅប្រទេសគេនោះទេ។

លោកនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា មកទល់ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលអាចផលិតបាន១លា២សែនម៉ាស ហើយនឹងបង្កើនសមត្ថភាពផលិតឱ្យបានច្រើនថែមទៀត។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានត្រៀមរោងចក្រក្នុងស្រុកមួយទៀត សម្រាប់ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ជាង៥ពាន់លីត្រ ឬលើសពីនេះ ដើម្បីបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផងដែរ។

បើតាមសម្ដេច ហ៊ុន សែន សម្ភារពេទ្យដូចជា ខោ អាវ មួក ក៏នឹងត្រូវផលិតដោយរោងចក្រក្នុងស្រុក២ គឺនៅខេត្តកំពង់ចាម និងខេត្តស្វាយរៀងដែរ ខណៈសម្ភារមួយចំនួនទៀត ដែលកម្ពុជាផលិតមិនបាន ទើបនាំមកពីក្រៅប្រទេស។ ប្រមុខរដ្ឋាភិបាល បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«សម្ភារពេទ្យយើងមួយចំនួនធំរួមទាំងថ្នាំពេទ្យ គឺបានរៀបចូលស្តុកក្នុងឃ្លាំងរួចរាល់អស់ហើយ។ ទោះបីមានសម្ភារបរិក្ខាពេទ្យមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេសពេញឃ្លាំងក្តី ក៏យើងត្រូវតែត្រៀមរោងចក្រក្នុងស្រុកសម្រាប់ផលិតសម្ភារនិងបរិក្ខាពេទ្យមួយចំនួនសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រទេសតែម្តង»។

ក្រៅពីត្រៀមបម្រុងសម្ភារបរិក្ខារពេទ្យរួចរាល់ហើយ រដ្ឋាភិបាលក៏បានត្រៀមរៀបចំស្តុកបម្រុងអង្ករ និងអំបិល និងម្ហូបចំណីមួយចំនួនទៀត សម្រាប់ដោះស្រាយបញ្ហាពលរដ្ឋនៅក្នុងកាលៈទេសៈកូវីដ១៩ រាតត្បាតនេះដែរ។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ៖«(ផលិតផល)អត់មានឱ្យនាំចេញទៅលក់នៅក្រៅប្រទេសទេ ដើម្បីធានាថាពលរដ្ឋខ្មែរនៅតែមានអង្ករនិងម្ហូបអាហារទទួលទានទោះបីក្នុងស្ថានភាពបែបណាក៏ដោយ»។

សម្ដេច ហ៊ុន សែន ប្ដេជ្ញាទប់ស្កាត់ករណីជំងឺនេះ ដោយមិនឱ្យមានការស្លាប់ច្រើនដូចនៅប្រទេសគេនោះទេ។ មេដឹកនាំកម្ពុជារូបនេះ បានបញ្ជាក់ច្បាស់ដូច្នេះថា៖«បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការតក់ស្លុតឱ្យសោះ កម្ពុជាមិនឱ្យមានសភាពស្លាប់គរជើងដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ»។

បន្ថែមពីនេះលោកនាយករដ្ឋមន្រ្តី ក៏ស្នើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីដ១៩។ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួន១១០នាក់ ខណៈអ្នកជាសះស្បើយចំនួន៣៥នាក់ គិតត្រឹមថ្ងៃទី២ មេសានេះ៕

ផ្ដល់សិទ្ធិដោយ៖​ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post