header ads

Sponsor

ភ្នំពេញ៖ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបញ្ជាក់ថា គ្រឹះស្ថានមិនអាចប្រគល់ទ្រព្យបញ្ចាំទៅអតិថិជនវិញ នៅក្នុងពេលវិបត្តិកូវីដ១៩ តាមសំណើរបស់អង្គការសង្គមស៊ីវិលទេ។

ការអះអាងរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងនេះ ធ្វើឡើងក្រោយអង្គការលីកាដូ ចេញសេចក្តីថ្លែងការណ៍ស្នើឱ្យរដ្ឋាភិបាល ដាក់ចេញវិធានការប្រគល់ប័ណ្ណកាន់កាប់ដីធ្លីទៅពលរដ្ឋ ដែលខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុ។ អង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ដូច្នេះថា៖«កន្លងមករាជរដ្ឋាភិបាលមានវិធានការមួយចំនួនរួចមកហើយ ។ យើងខ្ញុំសូមសំណូមពរបន្ថែមដល់រាជរដ្ឋាភិបាលក្នុងការពិចារណាដើម្បីធានាថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឆាប់ផ្អាកការសងប្រាក់កម្ចី និងការប្រាក់ទាំងអស់ យ៉ាងតិចណាស់ចំនួន៣ខែ និងប្រគល់ជូនម្ចាស់ទ្រព្យវិញនូវប័ណ្ណកម្មសិទ្ធិដីធ្លីរាប់លានប្លង់ពាក់ព័ន្ធនឹងកម្ចីខ្នាតតូច ដែលបច្ចុប្បន្នត្រូវបានដាក់ជាទ្រព្យធានា (បញ្ចាំ) ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។

តែយ៉ាងណាសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា អះអាងថា ខ្លួនមិនអាចប្រគល់ទ្រព្យបញ្ចាំទៅអតិថិជនវិញ តាមសំណើទេ ព្រោះវាខុសច្បាប់គោលការណ៍សាកល។ សេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៨ មេសា ដែលខាងសារព័ត៌មានខ្មែរណាស់ ទទួលបាននេះ បានបញ្ជាក់ដូច្នេះថា៖« «អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅតែអាចប្រើប្រាស់ដីធ្លី ឬអចលនទ្រព្យ ដែលខ្លួនដាក់ធានា (ទ្រព្យបញ្ចាំ) បានជាធម្មតា។ វាពិតជាមិនត្រឹមត្រូវនោះទេ ដែលថាអតិថិជនត្រូវការប្លង់បញ្ចាំ ដើម្បីអាចឱ្យពួកគេប្រកបមុខរបររបស់ខ្លួននោះ។ ការនិយាយ(អង្គការលីកាដូ)នេះ ជាការខុសឆ្គង និងមានបំណងធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ និងយល់ខុសធ្ងន់ធ្ងរ»។

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចាត់ទុកសំណើរបស់អង្គការលីកាដូ កំពុងធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្តមកលើស្ថាប័នខ្លួន ហើយនឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា៖«ការលើកឡើងរបស់ស្ថាប័នសង្គមស៊ីវិល ពាក់ព័ន្ធនឹងទ្រព្យធានាកាតព្វកិច្ចបំណុល ដែលជាការអនុវត្តទូទៅលើសាកលលោក និងជាការទទួលខុសត្រូវដោយផ្ទាល់របស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ គឺកំពុងតែជំរុញឱ្យមានផលប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ចជាតិ»។

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានអះអាងថា ខ្លួនបានយល់ច្បាស់ពីផលប៉ះពាល់ និងបានផ្ដល់នូវដំណោះស្រាយសមស្រប តាមស្ថានភាពជាក់ស្ដែងរបស់អតិថិជនហើយ ។ ចំពោះការសម្រាលបន្ទុកពលរដ្ឋនានា ក្នុងកម្រិតណានោះ គឺអាស្រ័យលើការចរាចររកដំណោះស្រាយទៅវិញទៅមក រវាងអតិថិជន និងស្ថាប័នប្រាក់កម្ចី។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាច្រើនជាង២លាន៥សែននាក់ មានជាប់ជំពាក់កម្ចីខ្នាតតូច ជាមួយនឹងអត្រាកម្ចីជាមធ្យម ៣៨០០ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក ខណៈបំណុលសរុបមានជាង១០ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អង្គការលីកាដូ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post