
ផ្សិតប៉ក់ ឫផ្សិតផូងផាំង គឺជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលសំបូរនៅស្រុកស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ផ្សិតប្រភេទនេះ មានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។
អ្នករុករកផ្សិតប៉ក់ម្នាក់បានឱ្យដឹងថា គាត់អាចរកចំណូលពីផ្សិតប៉ក់នេះ ក្នុងមួយថ្ងៃ បានចាប់ពី១៥ម៉ឺន ទៅ ៣៥ម៉ឺនរៀល ហើយថ្ងៃខ្លះលើសនេះក៏មាន ចំណែកតម្លៃលក់ឱ្យឈ្មួញកណ្តាល គឺចាប់ពី ៣៥,០០០រៀល ឡើងទៅ ក្នុង១គីឡូក្រាម។ តែតម្លៃនេះទាបជាងឆ្នាំមុន ដោយឆ្នាំមុនៗ លក់បានរហូតដល់ ៥ម៉ឺនរៀលឡើងទៅ ក្នុង១គីឡូក្រាម។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្សិតប្រភេទនេះ កើតចេញពីផេះផង់ នៃភ្លើងឆេះព្រៃកន្លងមក លុះត្រូវបានការស្រោចស្រពដោយដំណក់ទឹកភ្លៀង ក៏កើតចេញជាផ្សិតនេះឡើង ហើយផ្សិតប្រភេទនេះ គឺខុសពីផ្សិតធម្មតាត្រង់វាដុះនៅក្នុងដី ដែលមានរាងមូលដូចពងក្រួច ហើយគេអាចសម្គាល់បានដោយឃើញមានដីពើងប្រះឡើងលើ នៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក ហើយបើយើងមិនត្រូវបានបង្ហាញពីអ្នកធ្លាប់រកផ្សិតនេះទេ នោះយើងមិនអាចរកវាឃើញទេ ។
ក្រុមឈ្មួញកណ្តាលបានអះអាងថា ពួកគាត់ម្នាក់ៗ បានចំណាយលុយទិញផ្សិតប្រភេទនេះ ចាប់ពី ២០លានរៀល ទៅ៣០លានរៀល ក្នុងមួយថ្ងៃ អ្នកខ្លះទិញយកទៅលក់បន្តឱ្យម៉ូយ មកពីស្រុកភ្នំក្រវាញ អ្នកខ្លះទៀតទិញយកទៅលក់ផ្ទាល់នៅច្រកព្រំប្រទល់ខ្មែរ-ថៃ ក្នុងខេត្តប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ ជាដើម ។


ក្រុមឈ្មួញដែលតែងតែនាំចេញទៅលក់នៅប្រទេសថៃ បានលើកឡើងថា ផ្សិតប៉ក់លក់បានតម្លៃខ្ពស់ មានតែលក់ឱ្យទៅប្រទេសថៃទេ មានប៉ុន្មានគេទទួលទិញយកទាំងអស់ ប៉ុន្តែពួកគាត់មិនបានដឹងថា គេយកទៅធ្វើជាអ្វីបន្តទៀតទេ ។
ចំណែកប្រជាពលរដ្ឋខ្មែរ និយមយកផ្សិតប៉ក់ ឫផ្សតិផូងផាំងនេះ មកស្ងោ រឺឆាក៏បាន ដោយវាមានរសជាតិឆ្ងាញ់ខុសប្លែកពីផ្សិតទូទៅ ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់

ផ្ដល់សិទ្ធិដោយ៖ khmernas