header ads

Sponsor

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៧ ខែឧសភាថា មានពលរដ្ឋមិនដល់១ភាគរយទេដែលយល់ខុស និងរិះគន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងមន្ត្រីចរាចរណ៍ ខណៈសម្ដេចបានបញ្ជាក់ថា ការអនុវត្តរឹតបន្តឹងច្បាប់ក្នុងរយៈពេល២៦ថ្ងៃ បានធ្វើឱ្យចំនួនគ្រោះថ្នាក់ថយចុះជាងមុន។

សម្ដេចលើកឡើងថា៖«ប្រសិនបើអ្នកដំណើរមិនប្រព្រឹត្តខុសអ្វីពេលកំពុងបើកបរ គឺគ្មានសមត្ថកិច្ចណាឃាត់សួរនាំរកឯកសារនោះទេ »។

សម្ដេច ស ខេងបញ្ជាក់ទៀតថា អត្រានៃគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះ គិតត្រឹមរយៈពេល២៦ថ្ងៃនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ក្នុងខែឧសភានេះ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ គឺគ្រោះថ្នាក់បានថយចុះ១១២លើក ស្មើនឹង៣៨ភាគរយ, អ្នកស្លាប់បានថយចុះ៣៤នាក់ ស្មើនឹង២៦ភាគរយ,អ្នករបួសថយចុះ១៦៥នាក់ ស្មើនឹង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមេសាកន្លងទៅ គឺមានអ្នកស្លាប់ថយចុះ៧នាក់ រងរបួសបានថយចុះរហូតដល់៨២នាក់។

របាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា លទ្ធផលរឹតបន្ដឹងច្បាប់ចរាចរណ៍ រយៈពេល២៦ថ្ងៃ ពិន័យ ៣៨១៨៩ករណី ក្នុងនោះ ម៉ូតូ ២៧៨១២គ្រឿង ស្មើនឹង៧៣% មួក៧៩% សញ្ញា ចរាចរណ៍ ១០% ស្រវឹង១% លើសចំណុះ១% ទូរស័ព្ទ១%។ ចំណែករថយន្ដ ១០៣៧៧ករណី ស្នើនឹង២៧% ខ្សែក្រវ៉ាត២៧% ល្បឿន៣០% ទូរស័ព្ទ៧% សញ្ញាចរាចរណ៍៨% លើសចំណុះ ៥% អត់បណ្ណបើកបរ៣% អត់ផ្លាកលេខ២% ស្រវឹង១%។ ជាមួយគ្នានេះសម្ដេចសង្កត់ធ្ងន់ថា វិធានការរឹតបន្តឹងនឹងមិនត្រូវដកថយជាដាច់ខាត គឺសមត្ថកិច្ចត្រូវបន្តធ្វើ និងប្រកបដោយការយកចិត្តទុកដាក់ក្នុងការគោរពសីលធម៌វិជ្ជាជីវៈ មានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីបានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post