header ads

Sponsor

កម្មករកម្មការនីរោងចក្រ ឃែនធឺរេន ផ្ទុះការតវ៉ាជាថ្មីម្ដងទៀត ដោយសារថៅកែមិនបើកប្រាក់ឈ្នួលឲ្យ គ្រប់ និងមានភាពយឺតយ៉ាវ។ ការតវ៉ានេះ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៦ ដល់២៧ខែឧសភា ដោយពុំមានការសម្របសម្រួលជាមួយភាគីក្រុមហ៊ុននៅឡើយ។

កម្មកររោងចក្រមានការលំបាលយ៉ាងខ្លាំងចំពោះការមិនបើកប្រាក់ខែឲ្យគ្រប់ចំនួននេះ ដែលជាហេតុ នាំឲ្យកម្មករធ្វើកូដកម្ម ហើយកម្មករមួយចំនួនទៀត ត្រូវក្រុមហ៊ុនព្យួរការងារ និងបង្ខំចិត្តទៅនៅស្រុកកំណើត និងស្វែងរកការងារធ្វើបន្ត។

អ្នកស្រី សាន់ សុផា តំណាងកម្មករក្នុងរោងចក្រឃែនធឺរេនបានប្រាប់សារព័ត៌មានខ្មែរណាស់តាមទូរស័ព្ទដូច្នេះថា កម្មករដែលមកធ្វើការបានប្រាក់ឈ្នួលតែ ១២ ដុល្លារ ទៅ ៣០ដុល្លារប៉ុណ្ណោះ ហើយបើកជាដំណាក់កាល។

អ្នកស្រី សុផា បានត្អូញត្អែរបែបនេះថា៖«បើការចាយវាយមិនបាច់ខ្ញុំរាប់រៀបនាំតែទឹកភ្នែកនោះទេ តើ១២ដុល្លារយកមកធ្វើអី ៣០ដុល្លារយកមកធ្វើអី ពួកខ្ញុំជួបផលលំបាកម្នាក់ៗទ្រាំលែងបានហើយ ពេលនេះគ្មានមួយរៀលជាប់ខ្លួន ហើយឈានជើងចេញទៅដោយមិនអស់អាល័យ អ្នកខ្លះទៅសុំគេធ្វើសំណង់»។

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានឲ្យដឹងដូច្នេះថា៖« ភាគីក្រុមហ៊ុន សន្យាថា បើកប្រាក់ឈ្នួលដែលនៅសល់ជូនបងប្អូនកម្មករជា ២វគ្គ បើកជូនលើកទី១ នៅថ្ងៃទី២៨ ឧសភានេះ និងលើកទី២ បើកជូននៅថ្ងៃទី៥ ខែមិថុនា ខាងមុខ តែក្រុមហ៊ុនមិនឯកភាពធ្វើកិច្ចព្រមព្រៀងជាមួយតំណាងសហជីព កម្មករ និងមន្រ្តីសម្របសម្រួលរបស់ក្រសួងការងារនោះទេ»។

សូមជម្រាបថា រោងចក្រឃែនធឺរេន មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាធានីភ្នំពេញ។ រហូតមកដល់ពេលនេះ កម្មករធ្វើការតវ៉ាជាលើកទីពីរហើយ គឺ កាលថ្ងៃទី ២៤ ខែមីនាម្ដង និងនៅថ្ងៃទី ២៦ ដល់២៧ ខែឧសភានេះម្ដងទៀត៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post