header ads

Sponsor

រដ្ឋបាល​សហរដ្ឋអាមេរិក​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ពិភាក្សា​អំពី​ការ សាកល្បង​អាវុធ នុយក្លេអ៊ែរ​ឡើងវិញ ក្រោយពី​បាន​អាក់ខាន​សាកល្បង​តាំងពី​ឆ្នាំ​១៩៩២ ដើម្បី​ជាការ​ព្រមាន​ដ៏​មាន​សក្តានុពល​មួយ​ដល់​ប្រទេស​រុស្ស៊ី​និង​ចិន​។​

​អ្នកវិភាគ​ព្រួយបារម្ភ​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​ពិតជា​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ​មែន នោះ នឹងត្រូវ​បាន​គេ​មើលឃើញថា គឺជា​ការចាប់ផ្តើម​ឆ្ពោះទៅរក​ការប្រណាំង​ប្រជែង​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​ពិភពលោក ដែល​មិន​ធ្លាប់មាន​កាលពី​ពេលមុន​មក​។​

​សេចក្ដីរាយការណ៍​ដែល​បាន​ដកស្រង់​សំដី​មន្ត្រីរដ្ឋបាល​អាមេរិក​ជាន់ខ្ពស់​ម្នាក់ និង​អតីតមន្ត្រី​ពីររូប ដែល និយាយ ដោយ មិន បញ្ចេញ ឈ្មោះ​របស់​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា ការពិភាក្សា​បានធ្វើ​ឡើង​នៅ ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​១៥​ខែឧសភា​។​

​កិច្ចប្រជុំ​នេះ​បាន​កើតឡើង​បន្ទាប់ពី​មន្ត្រី​អាមេរិក​មួយចំនួន​បាន​រាយការណ៍​ថា ប្រទេស​រុស្ស៊ី និង​ចិន​បានធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​សមត្ថ​ភាព​ទាប​របស់ខ្លួន​ប ប៉ុន្តែ​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ការអះអាង​នេះ ហើយ​សហរដ្ឋអាមេរិក​មិនបាន​ផ្តល់​ភស្តុតាង​អ្វី​ដែរ​។​

​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​អាមេរិក​បាន​និយាយថា ការបង្ហាញ​ពី​សមត្ថភាព​របស់​ក្រុង​វ៉ាស៊ីនតោន​ដែល​ហៅថា ការធ្វើ​តេស្ត​លឿន​នឹង​ក្លាយជា​វិធីសាស្ត្រ​ចរចា​ដ៏​មាន​ប្រ​យោ​ជ​ន៏​មួយ នៅពេលដែល​សហរដ្ឋអាមេរិក​ស្វែងរក​កិច្ចព្រមព្រៀង​ត្រីភាគី ជាមួយ​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន ស្តីពី​អាវុធ​នុយក្លេអ៊ែរ​។​

​កិច្ចប្រជុំ​មិនបាន​បញ្ចប់​ដោយមាន​ការព្រមព្រៀង​ណាមួយ​ឡើយ ហើយក៏​គ្មាន​ប្រភព​បញ្ជាក់ថា ពិភាក្សា​នៅតែ​បន្តទៀត​ឬទេ​។​

​លោក Daryl Kimball នាយក​ប្រតិបត្តិ​សមាគម​គ្រប់គ្រង​អាវុធ​បាន​បញ្ជាក់ថា វា​នឹង​ជាការ​ចាប់ផ្តើម​ការប្រកួត​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ហើយ​លោក​បាន​បន្ថែមទៀតថា វា​ក៏​ទំនងជា​នឹងធ្វើ​ឱ្យ​រំខាន​ដល់​ការចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ដែល​នឹង​ធ្វើឱ្យ​លោក គីម ជុង​អ៊ុន ប្រហែល​លែងមាន​អារម្មណ៍​បង្ខំ​ឱ្យ​បញ្ឈប់​ការសាកល្បង​នុយក្លេអ៊ែរ​។​

​ម្យ៉ាងទៀត ដំណឹង​ដែល​អាមេរិក​ពិភាក្សា​អំពី​បំណង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាថ្មី​នេះ គឺ​កើតឡើង​បន្ទាប់ពី​លោក ត្រាំ បានប្រកាស​អំពី​គម្រោង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា Open Skies ជាមួយ​ប្រទេស​រុស្ស៊ី ដែល​សិទ្ធិ សញ្ញា នេះ​ត្រូវបាន​បង្កើតឡើង ដើម្បី​លើកកម្ពស់​ការទុកចិត្ត​ចិត្ត​គ្នា​និង​តម្លាភាព​ផ្នែក​យោធា​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​។​

​វា​គឺជា​កតិកាសញ្ញា​គ្រប់គ្រង​អាវុធ​ទី​៣ ដែល​លោក ត្រាំ បាន​ដកហូត​ចាប់តាំងពី​ចូលកាន់​តំណែង ជា​ប្រធានាធិបតី​អាមេរិក​។​

​ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់ថា ខ្លួន​នឹង​គោរព​តាម​កិច្ចព្រមព្រៀង​ដែលមាន​អាយុ​១៨​ឆ្នាំនេះ ដែលជា​កិច្ច​ព្រម ព្រៀង​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​សង្គ្រាម ដោយ​អនុញ្ញាតឱ្យ​យោធា​នៃ​ប្រទេស​ហត្ថលេខី​នីមួយៗ ធ្វើការ​ហោះហើរ​តាម ចំនួន​ជាក់លាក់​លើ​ប្រទេស​សមាជិក​មួយទៀត​ក្នុង​មួយឆ្នាំៗ​។​

​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ក៏បាន​ជំរុញ​ឱ្យ​លោក ត្រាំ ពិចារណា​ឡើងវិញ​អំពី​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​។​

​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ឡើងវិញ​នៅ​ខែវិច្ឆិកា លោក ត្រាំ ក៏បាន​ធ្វើឱ្យមាន​វោហារសាស្ត្រ​កាន់តែខ្លាំង​ប្រឆាំងនឹង​ប្រទេស​ចិន​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​រិះគន់​ម្តង​ហើយ​ម្តងទៀត នូវ​ការគ្រប់គ្រង​របស់​ទីក្រុង​ប៉េកាំង​អំពី​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែលមាន​ប្រភព​ចេញពី​ប្រទេស​ថៃ​និង​កំពុង​បំផ្លិចបំផ្លាញ​ពិភពលោក​។​

​លោក ត្រាំ ក៏បាន​គំរាម​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់​អំពី​ការសង​សឹក​ប្រឆាំងនឹង​ចិន​ដែលជា​គូប្រជែង​សេដ្ឋកិច្ច​អាមេរិក​ឡើយ​។

​ការ​គំរាម​នេះ គឺ​កើតឡើង​ស្របពេល​លោក ត្រាំ បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​ពី​ប្រទេស​ចិន​នៅក្នុង​កិច្ចពិភាក្សា​ស្តីពី​ការគ្រប់គ្រង​អាវុធ​ថ្មី មួយ​ជាមួយ​ប្រទេស​រុស្ស៊ី ដោយ​ប្រាប់​សម​ភាគី​រុស្ស៊ី​របស់លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រទេស​ទាំង​៣​ចាំបាច់​ត្រូវ​ចៀសវាង​«​ការប្រណាំង​អាវុធ​ដែលមាន​តម្លៃ​ថ្លៃ​»៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post