header ads

Sponsor

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានវាយតម្លៃបឋមថា បុរសជាប្តីស្ត្រីវ័យ៣៩ឆ្នាំដែលផ្ទុកកូវីដ១៩ អាចមានហានិភ័យឆ្លងខ្ពស់ជាងគេ។ ស្ត្រីខ្មែរម្នាក់ដែលធ្វើដំណើរពីអាមេរិក មកកម្ពុជា រកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២២ ឧសភា។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់តាមរបាយការណ៍ផ្ដល់ជូនអ្នកកាសែតថា បុរសជាប្តីស្ត្រីវ័យ៣៩ឆ្នាំដែលផ្ទុកកូវីដ១៩ បានប៉ះពាល់គ្នាផ្ទាល់ អំឡុងពេលដែលស្ត្រីរូបនេះ បានមកដល់កម្ពុជា និងដាក់ចត្តាឡីស័ក១៤ថ្ងៃ។

ក្រៅពីបុរសជាប្តីនេះ អ្នកផ្សេងទៀត ដែលធ្វើដំណើរតាមជើងយន្តហោះជាមួយស្ត្រីរូបនេះ មិនមានអ្នកណាម្នាក់មានបញ្ហាសុខភាពឡើយ ។ បើតាមក្រសួងសុខាភិបាល អ្នកដំណើរមិនមានបញ្ហាសុខភាពនេះ អាចមកនៅលើយន្តហោះ មានការៀបចំកន្លែងអង្គុយឃ្លាតពីគ្នា ។

របាយក្រសួងសុខាភិបាល ដែលលោកស្រី ឱ វណ្ណឌីន បានផ្ដល់ជូនអ្នកកាសែតនេះ បានបញ្ជាក់ថា៖«លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញផងដែរថា អ្នកដែលមានហានិភ័យខ្ពស់ និងប៉ះពាល់ផ្ទាល់គឺមានតែស្វាមីគាត់ទេ ដែលក្រុមការងារបានធ្វើតេស្តគាត់រួចរាល់ហើយ ដែលបង្ហាញថា លទ្ធផលអវិជ្ជមាន។ រីឯអ្នកផ្សេងទៀត គឺស្ថិតនៅក្នុងហានិភ័យទាបចំនួន៥២នាក់ និងហានិភ័យមធ្យមចំនួន១៤នាក់»។

តែយ៉ាងណាក្រសួងសុខាភិបាល នឹងបន្តស្វែងរកនឹងស្រាវជ្រាវរកករណីកូវីដ១៩ ដែលអាចកើតឡើងបន្តទៀត។ ក្រសួងសុខាភិបាល ក៏អំពាវនាវឱ្យពលរដ្ឋបន្តការអនុវត្តការលាងដៃនិងទឹកអាល់កុល សាប៊ូ ឬទឹកសម្លាប់មេរោគជាដើម។ក្រសួងបានរំឭកដូច្នេះថា៖«យើងងាយភ្លេចពីវីរុសកូវីដ១៩ តែវីរុសកូវីដ១៩ មិនងាយភ្លេចយើងនោះឡើយ។ ហើយការចម្លងវីរុសកូវីដ១៩នេះ គឺអាចមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់»។

កម្ពុជា មានអ្នកជំងឺកូវីដ១៩ ចំនួន១២៤នាក់ហើយ ក្នុងនោះជាសះស្បើយ១២២នាក់៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post