header ads

Sponsor

ចិនបានបន្ថែមទឹកប្រាក់សម្រាប់ចំណាយក្នុងវិស័យការពារជាតិនៅឆ្នាំ២០២០នេះ កើនឡើង៦,៦ភាគរយ ប៉ុន្តែទឹកប្រាក់បន្ថែមនេះ គឺ​តិច​ជាង​ទឹកប្រាក់ដែលបានបន្ថែមកាលពីឆ្នាំ២០១៩ ដែលចំនួនរហូតដល់៧,៥% នេះបើយោង​តាម​របាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​​នៅ​ក្នុង​ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សភានៅថ្ងៃសុក្រទី២២ ឧសភា ។

តួលេខនេះត្រូវបានគេប៉ាន់ស្មានថា ទឹកប្រាក់សរុបដែលចិនចាយលើវិស័យយោធាមានចំនួន១,២៦៨ទ្រីលានយ៉ន់ឬស្មើ​នឹង​ជាង​១៧៨​ពាន់​លាន(១៧៨,១៦)​ដុល្លារ​អាមេរិក​។ កាល​ពីឆ្នាំ២០១៩ ប្រទេសចិនបានតំឡើង ៧,៥ ភាគរយសម្រាប់ថវិកាការពារជាតិ​ដែល​មាន​ចំនួន​ខ្ពស់​ជាង​កំណើន​ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំដែលមានចំនួនតែ៦,១ភាគរយ។

សេដ្ឋកិច្ចចិនបានធ្លាក់ចុះ ៦,៨ ភាគរយនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ បើប្រៀប​ធៀប​ទៅនឹងឆ្នាំមុន ខណៈពេលកំពុង​រងផល​ប៉ះ​ពាល់​ពី​វីរុស​ឆ្លងកូរ៉ូណាថ្មី ដែលរាលដាលចេញ​ពីទីក្រុងវ៉ូហាននៅភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំមុន។

ប្រទេសចិនបានលុបចោលនូវគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២០ ជាលើក​ដំបូង​និង​បាន​​សន្យា​អំពី​គាំទ្រ​រដ្ឋា​ភិ​បាល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​កំពុង​ធ្លាក់ចុះនេះ។

ទោះបីជាមានការផ្ទុះឡើងនូវវីរុសឆ្លងកូវីដ១៩ក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធរបស់​ចិន​និងសហរដ្ឋអាមេរិក នៅតែសកម្មនៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និងនៅជុំវិញកោះតៃវ៉ាន់ ដែលតំបន់ទាំងនេះកំពុងត្រូវបានចិនទាមទារយ៉ាងកំហិត។

ការផ្ទុះឡើងនៃជំងឺកូវីដ១៩បានធ្វើឱ្យទំនាក់ទំនងរវាងក្រុងប៉េកាំងនិងវ៉ាស៊ីនតោនបានចុះខ្សោយជាងមុន ខណៈក្រសួងសន្តិ​សុខ​រដ្ឋ​ចិន​ក៏​បាន​ព្រមាននៅក្នុងរបាយការណ៍ផ្ទៃក្នុង​នាពេលថ្មីៗនេះថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅពេលនេះ នឹង​ក្លា​យ​ទៅ​ជា​ការ​ប្រឈម​មុខ​គ្នា​ដោយអាវុធ។

ជាមួយគ្នានេះ សម្រាប់ការទូតនិងអ្នកជំនាញមួយចំនួនបាននិយាយថា ចំនួនទឹកប្រាក់ពិតប្រាកដ​ដែល​ចិន​បាន​ចំណាយ​ក្នុង​វិស័យ​យោធា​របស់​ខ្លួន គឺអាចច្រើនជាងនៅតួលេខដែលបានបញ្ជាក់នៅក្នុងរបាយការណ៍។ បើយកកញ្ចប់ថវិកាការពារជាតិរបស់ប្រទេសចិនក្នុងឆ្នាំ ២០​២០​នៅ​ក្នុង​របាយការណ៍ធ្វើការប្រៀបធៀប គឺប្រហែលមួយភាគបួននៃថវិកាការពារជាតិរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែល​មាន​ចំនួន​៦៨៦​ពាន់លានដុល្លារ។

ប្រទេសចិនបានអះអាងជាយូរមកហើយថា ខ្លួនត្រូវការការវិនិយោគបន្ថែមទៀតដើម្បីកាត់បន្ថយគម្លាតជាមួយសហរដ្ឋអាមេរិក ឧទាហរណ៍​នៅ​ក្នុង​ពេលបច្ចុប្បន្ននេះ ចិនមាននាវាដឹកយន្តហោះតែ២ គ្រឿងប៉ុណ្ណោះ បើប្រៀបធៀបជាមួយអាមេរិកមានរហូត១២ គ្រឿង។

នៅឆ្នាំ២០១៨ ប្រទេសចិនបានប្រកាសបង្កើនថវិកាយោធាដ៏ច្រើនបំផុតក្នុងរយៈពេល​៣​ឆ្នាំគឺកើនឡើងចំនួន ៨,១ ភាគរយ ឬស្មើនឹង ១,១​ទ្រីលានយ៉ន់។

ប៉ុន្តែកំណើននៃការចំណាយលើវិស័យការពារជាតិបានថយចុះវិញ ចាប់តាំងពីប្រទេសចិននិងសហរដ្ឋអាមេរិក បាន​ជាប់គាំងនៅ​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម​ដ៏​ជូរចត់ ដែលបានដាក់សម្ពាធលើសេដ្ឋកិច្ចក្នុងស្រុក ដែលបច្ចុប្បន្នត្រូវបានបំផ្លាញដោយជំងឺរាតត្បាតថែមទៀត។

កាលពីឆ្នាំមុន កងទ័ពរំដោះប្រជាជនចិន បានឈានដល់គោលដៅសំខាន់ពីរ គឺបានបង្ហាញវត្តមាននាវា​ផ្ទុកយន្តហោះផលិតផល​ក្នុង​ស្រុក​ដំបូង​បង្អស់ចំនួន២គ្រឿង និងវត្តមានមីស៊ីលផ្លោងអន្តរទ្វីបដំបូងដែលមានសមត្ថភាពអាចបាញ់ទៅដល់សហរដ្ឋអាមេរិក។

ប្រទេសចិនក៏បានសាងសង់មូលដ្ឋានយោធានៅបរទេសលើកដំបូងរបស់ខ្លួននៅប្រទេសជីប៊ូទី ដែលស្ថិតនៅតំបន់អាហ្វ្រិកកាលពីឆ្នាំ ២០​១៧​។

ទីក្រុងប៉េកាំងក៏កំពុងរចនានាវាពិឃាដនិងមីស៊ីលជំនាន់ថ្មី ដើម្បីពង្រឹងការទប់ស្កាត់របស់ខ្លួនប្រឆាំងនឹងប្រទេសជិតខាងនៅ​អាស៊ីនិង​កង​ទ័ពជើងទឹកអាមេរិក។

អ្នកជំនាញខាងយោធានៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងនៅប្រទេសសិង្ហបុរីបាននិយាយថា កងទ័ពរំដោះប្រទេសចិនបាន​ទទួល​ជោគជ័យយ៉ាងខ្លាំង ទាក់ទងទៅនឹងសមត្ថភាពខាងចារកម្មតាមអ៊ីនធឺណិត សង្គ្រាមអេឡិចត្រូនិច និងកាំភ្លើងដែលអាចបាញ់​ចម្ងាយ​ឆ្ងាយ រួម​ទាំង​ការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការដែនសមុទ្រនិងអាកាសផងដែរ។

ប៉ុន្តែប្រសិនបើយើងប្រៀបធៀបវាជាមួយនឹងកងកម្លាំងជឿនលឿនដទៃទៀត កងទ័ពរំដោះប្រទេសចិន នៅចាញ់ប្រៀបនៅឡើយ ដោយ​សារ​តែ​បទពិសោធន៍មានកំរិតក្នុងការធ្វើប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធរួមគ្នានិងប្រតិបត្តិការរួមគ្នានៅកម្រិតកងវរសេនាតូច៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post