header ads

Sponsor

ភ្នំពេញ៖ អាមេរិក នឹងផ្ដល់ជំនួយហិរញ្ញប្បទានបន្ថែមទៀតដល់រដ្ឋាភិបាលកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះជាការបញ្ជាក់របស់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ឧសភា។

រដ្ឋាភិបាលអាមេរិក បានផ្ដល់ជំនួយ ដែលគិតជាទឹកប្រាក់ប្រមាណ៣,៥ លានដុល្លារហើយ ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានស្រង់សម្តីជំនួបរវាងលោក W. Patrick Murphy និងលោក អូន ព័ន្ធមុនីរ័ត្ន យ៉ាងដូច្នេះថា៖«រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រ នឹងផ្ដល់ហិរញ្ញប្បទានបន្ថែមទៀតជូនរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩»។

ក្រៅពីហិរញ្ញប្បទានដោះស្រាយជំងឺកូវីដ១៩នេះ អាមេរិក ក៏គ្រោងផ្ដល់ជំនួយបច្ចេកទេស សម្រាប់សិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធដល់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ចាត់ទុកការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ពីអាមេរិកនេះ គឺជាសកម្មដ៏មានគុណតម្លៃ សម្រាប់កម្ពុជា។ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ដូច្នេះថា៖«ការជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាក្នុងគ្រាដ៏លំបាកនេះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៍នានា រួមទាំងសហរដ្ឋអាមេរិក ដើម្បីអនុវត្តគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងគាំពារសង្គម ។ ជាពិសេសផ្ដោតទៅលើការជួយប្រជាជនក្រីក្រ និងជនងាយរងគ្រោះ»។

កម្ពុជា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១២១នាក់ហើយ ខណៈអ្នកជំងឺ១នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ គិតត្រឹមថ្ងៃទី១៤ ឧសភានេះ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post