
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឲ្យអាជ្ញាធរតាមខេត្តជាប់ព្រំដែនឲ្យទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាង ខណៈប្រទេសទាំងនោះកំពុងដាក់ប្រទេសក្នុងគ្រាមានអាសន្ន ទប់ស្កាត់ការឆ្លងជំងឺ កូវីដ ១៩។
សេចក្ដីប្រកាសចុះថ្ងៃទី១៤ឧសភា សម្ដេច ស ខេង ស្នើឲ្យបញ្ជាការឯកភាពរដ្ឋបាលខេត្ត ណែនាំដល់កងកម្លាំងមាសមត្ថកិច្ចទាំងអស់នៅតំបន់ព្រំដែន ឲ្យសហកាគ្នាដាក់ចេញវិធានការទប់ស្កាត់ការចូលឆ្លងដែនខុសច្បាប់តាមច្រករបៀងនៅតាមបណ្ដាព្រំដែនជាមួយប្រទេសជិតខាង។
សម្ដេចបន្តថា ក្នុងករណីសមត្ថកិច្ចប្រទេសជិតខាងចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា រដ្ឋបាលខេត្តត្រូវទំនាក់ទំនង និងសម្របសម្រួលជាមួយសមត្ថកិច្ចនៃប្រទេសជិតខាងឲ្យចាត់បញ្ជូនពួកគាត់ឲ្យវិលត្រឡប់មកកម្ពុជាវិញ ហើយត្រូវអនុវត្តវិធានការចត្តាឡីស័ក្កិសិន។
ថ្មីៗនេះមានស្រី្តខ្មែរ ៣នាក់ចាញ់បោកមេខ្យល់នាំទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម តែត្រូវស្ថានទូតខ្មែរសហការជាមួយអាជ្ញាធរ វៀតណាម ធ្វើការដោះស្រាយបញ្ជូនមកស្រុកកំណើតវិញកាលពីថ្ងៃទី ៧ ខែ ឧសភា។
ជាមួយគ្នានេះ សម្ដេច បញ្ជាឲ្យស្រាវជ្រាវ និងតាមចាប់មេខ្យល់ដែលអូសទាញប្រជាពលរដ្ឋខ្មែរឲ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាង៕
ផ្ដល់សិទ្ធិដោយ៖ khmernas