header ads

Sponsor

(ខេត្តស្វាយរៀង)៖  នៅវេលាម៉ោង៩ព្រឹក  ថ្ងៃទី១៣  ខែឧសភា  ឆ្នាំ២០២០  លោក  ខាំ  សុផារី  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង  បានដឹកនាំកម្លាំងសមត្ថកិច្ច  និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យទីតាំងដីទំនាស់រវាងប្រជាពលរដ្ឋឈ្មោះថោង ជីវី ភេទប្រុសអាយុ៥៥ឆ្នាំ រស់នៅភូមិដើមពោធិ  ឃុំកណ្តៀងរាយ  ស្រុកស្វាយទាប  ខេត្តស្វាយរៀង  ជាមួយក្រុមហ៊ុនស្វាយរៀងហ្គីហ្កាសែស (ជនជាតិចិន)  ដែលមានទីតាំងស្ថិតនៅភូមិដើមពោធិ  ឃុំកណ្តៀងរាយ  ស្រុកស្វាយទាប  ដែលឈ្មោះថោង  ជីវី  បានចោទថា ក្រុមហ៊ុនខាងលើចាក់ដីលុបភ្លឺស្រែ(ភ្លឺភ្លោះ)ដែលជាផ្លូវប្រជាពលរដ្ឋធ្វើដំណើរទៅប្រកបមុខរបរធ្វើស្រែ ដែលមានទំហំ៤ម៉ែត្របណ្តោយ៦០ម៉ែត្រ   យកធ្វើជាកម្មសិទ្ធិ  រួចបិតផ្លូវរបស់ប្រជាពលរដ្ឋ។   ក្នុងពេលចុះពិនិត្យនោះមានវត្តមានលោកអភិបាលស្រុកស្វាយទាប លោកប្រធានភូមិបាលស្រុកស្វាយទាប  លោក លោកស្រីក្រុមប្រឹក្សាឃុំ លោកមេភូមិ ភាគីក្រុមហ៊ុន  មានលោកប្រធានក្រុមហ៊ុន  និងបុគ្គលិកក្រុមហ៊ុនស្វាយរៀងហ្គីហ្កាសែស  និងកម្លាំងសមត្ថកិច្ច។

ជាលទ្ធផលគឺលោក  ខាំ  សុផារី  ព្រះរាជអាជ្ញា បានឲ្យក្រុមហ៊ុនស្វាយរៀងហ្គីហ្កាសែស ដាក់ពាក្យបណ្តឹងទាមទាសិទ្ធិគ្រប់គ្រងដីដែលមានទំនាស់  ដោយភាគីប្រជាពលរដ្ឋមានដីកាសម្រេចរក្សាការពារ ចេញដោយលោក  ចុក ងួន  ចៅក្រមនៃសាលាដំបូងខេត្តស្វាយរៀង  បានចុះថ្ងៃទី១១ខែឧសភា២០២០ សេចក្តីសម្រេច ហាមកូនបំណុល ក្រុមហ៊ុនស្វាយរៀង ហ្គីហ្កាសែស  មានទីតាំងស្ថិតនៅភូមិដើមពោធិ  ឃុំកណ្តៀងរាយ  ស្រុកស្វាយទាប  ខេត្តស្វាយរៀង  និងតតិយជនផ្សេងទៀតដែលស៊ីឈ្នួលឈួសឆាយចាក់ដីឲ្យក្រុមហ៊ុនស្វាយរៀងហ្គីហ្កាសែស  មិនឲ្យឈុសឆាយចាក់ដីលុបភ្លឺស្រែដែលឈ្មោះថោង  ជីវី ធ្លាប់ដើរឆ្លង
ទៅអាស្រយ័ផលលើដីស្រែនៅខាងក្រោយផ្ទះមានទទឺង៤ម៉ែត្របណ្តោយ៦០ម៉ែត្រជាបណ្តោះអាសន្ន រង់ចាំតុលាការសម្រេចដល់រឿងអង្គសេចក្តី។ ចំពោះចុះពិនិត្យទីតាំងដីទម្នាស់នោះដែរពុំឃើញវត្តមានឈ្មោះថោង  ជីវី  ចូលរួមស្តាប់ការអានរបស់លោកក្រឡាបញ្ជីទេ គឺមានតែបងប្អូននិងកូនចូលរួមនិងរារាំង។

ទាក់ទិន និងរឿងនេះដែរ  លោក  ថោង  ជីវី បានឲ្យដឹងថា គាត់មានដីស្រែជិតកន្លះហិកតា នៅចំណុចខាងក្រោយផ្ទះចម្ងាយ៧០ម៉ែត្រ  ខាងជើងជាប់ប្រឡាយ ខាងលិចជាប់ក្រុមហ៊ុន ខាងកើតជាប់ភ្លឺភ្លោះពីសង្គមជាផ្លូវរទេស។  ហេីយកាលពីថ្ងៃទី១៩ខែឧសភា២០១៩ ក្រុមហ៊ុនស្វាយរៀង ហ្គីហ្កាសែស បានយកគ្រឿងចក្រមកឈុសឆាយនិងចាក់ដីលុបភ្លឺស្រែ  ដែលខាងមន្ត្រីសុរិយោដីខេត្តស្វាយរៀង  បានកំណត់ទទឹង៤ម៉ែត្របណ្តោយ៦០ម៉ែត្រចេញពីផ្ទះរបស់ខ្លួនទៅស្រែខាងក្រោយមានប្រវែង៦០ម៉ែត្រ  ហើយភ្លឺស្រែនេះខ្លួននិងប្រជាពលរដ្ឋដែលមានដីស្រែនៅខាងក្រោយបានចេញចូលទៅបង្កបង្កើនផលជារៀងរាល់ឆ្នាំពុំដែលអាក់ខានទេ។  ហើយអ្នកចេញមុខយកគ្រឿងចក្រមកឈួសឆាយនិងចាក់ដីលុបភ្លឺស្រែនេះឈ្មោះ  ចាន់  រតនា   (ហៅឌឿក)  ដែលជាជនស៊ីឈ្នួលឈុសឆាយចាក់ដីឲ្យក្រុមហ៊ុនស្វាយរៀងហ្គីហ្កាសែស។

ចំណែកតំណាងក្រុមហ៊ុនស្វាយរៀងហ្គីហ្កាសែសបានឲ្យដឹងថា ក្រុមហ៊ុនបានសុំរាជរដ្ឋាភិបាលកម្ពុជាធ្វើការអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចរដ្ឋាភិបាលបានចេញស ជណ ឲ្យក្រុមហ៊ុនធ្វើអភិឌ្ឍន៍តាមសំណើរ ក្រុមហ៊ុនបានទិញដីហើយបានចុះបញ្ជីដែលមានក្បាលលេខ៤០៣ ទំហ៊ំ៥១៥,៣៤៨ម៉ែត្រការ៉េ រូបភាព  ប្រើប្រាស់ដីលំនៅឋាន លក្ខណៈប្រើប្រាស់ដីឯកជន។  ហើយកន្លែងទម្នាស់គឺក្រុមហ៊ុនបានទិញដីប្រជាពលរដ្ឋចំនួន០២ម្ចាស់  ដែលមានភ្លឺនៅចំកណ្តាលហើយក្រុមហ៊ុនត្រូវចាក់ដីតភ្ជាប់គ្នា ហើយចំពោះផ្លូវក្រុមហ៊ុនមានគម្រោងជីកប្រឡាយបណ្តោះទឹកនិងធ្វើផ្លូវខាងក្រៅរបង  ឲ្យប្រជាពលរដ្ឋដើរវាងទៅកើតចម្ងាយ៧០០ម៉ែត្រ  ដើរទៅតាមភ្លឺប្រឡាយចូលទៅស្រែរបស់ពួកគាត់គឺក្រុមហ៊ុនមិនបិទផ្លូវទេ។  ហើយបញ្ហាទម្នាស់នេះគឺទុកឲ្យអាជ្ញាធរនិងតុលាការដោះស្រាយចុះ។

ចំពោះ រឿង នេះ ដែរ ប្រជាពលរដ្ឋវិញបានលើកឡើងថា ក្រុមហ៊ុនបានលុបប្រឡាយសាធារណៈដែលហូរបណ្តោះទឹកពីក្នុងភូមិ  និងផ្លូវគោក្របីចុះផឹកទឹកបឹង ខ្វាង  និងផ្លូវប្រជាពលរដ្ឋចូលប្រកបមុខរបរនេសាទក្នុងបឹងខ្វាងដោយក្រុមហ៊ុនសន្យាជាមួយអាជ្ញាធរថា ជីកប្រឡាយដាក់លូបង្ហូទឹកមិនឲ្យស្ទះទឹកលិចលំនៅឋានប្រជាពលរដ្ឋទេ  តែជាក់ស្តែងនៅរដូវវស្សា គឺទឹកជនលិចផ្ទះប្រជាពលរដ្ឋ ហើយថាធ្វើផ្លូវវាងនោះគឺបើធ្វើផ្លូវមែនមានចម្ងាយ៧០០ម៉ែត្រទៅដល់ចំណុចគល់ស្ពានបូមនោះគឺជាព្រែកខែវស្សាជ្រៅ មិនអាចឆ្លងកាត់បានទេគឺមានជិះទូកទេីបអាចឆ្លងរួច  ៕  ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post