header ads

Sponsor

ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ អញ្ជើញប្រតិភូក្រសួងអញ្ជើញចុះពិនិត្យគុណភាពនៃការសាងសង់ពង្រីកផ្លូវជាតិលេខ៥ ដោយមានការ ចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុន ត្រួតពិនិត្យបច្ចេកទេស និង ភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ថាតើស្របតាមបទដ្ឋាន បច្ចេកទេស និងសៀវភៅបន្ទុកដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ។

គួរកត់សម្គាល់ថា៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិ បាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើម សាងសង់ចេញ ពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ អាមេរិក ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាង ត្បូង និងភាគកណ្តាល។

វឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ១៤៣,០៤ លាន ដុល្លារអាមេរិក ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ការស្ថាបនាមាន រយៈពេល៣៦ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៧០,០៥%ហើយ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាលនេះ មានប្រវែងសរុប ១៤៦,០៤ គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម ដល់ បាត់ដំបង មានប្រវែងសរុប១៤៦,០៤គីឡូម៉ែត្រ ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់ សរុបចំនួន១៦១,៩០លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេល ប្រមាណ៤២ខែ គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ សម្រេចបាន ១៥,៦៥%ហើយ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូង មានប្រវែងសរុប ១៣៥,២៥ គីឡូ ម៉ែត្រ ចាប់ពីព្រែកក្តាមដល់ធ្លាម្អម (កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់) ពី២គន្លងទៅ៤គន្លង ក្រាលកៅ ស៊ូAC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់សរុប ចំនួន២៤៦,៣៥លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេល ប្រមាណ៤៨ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២០ សម្រេចបាន ២៦,២៦%ហើយ។

ក្រោយពីការចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៥មួយចំនួន ដោយមិនបានជូនដំណឹងក្រុមហ៊ុន សាងសង់ដឹងជាមុន (Spot check) លទ្ធផលបានបង្ហាញថា៖ គុណភាពសំណង់ឋិតក្នុងកម្រិតស្តង់ដារ មួយល្អអាចទទួលយកបាន ធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង និងឈានទៅកាត់បន្ថយការ ខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជួល។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផ្លូវនេះជួយឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនិងដឹកជញ្ជូនទំនិញទៅកាន់គោលដៅបានឆាប់រហ័ស ចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងមានការរីកចម្រើន យើងត្រូវមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អ ដែលអាចទាក់ទាញអ្នកវិនិយោគបង្កើតការងារឲ្យប្រជាពលរដ្ឋយើងធ្វើ បង្កើនប្រាក់ចំណូលគ្រួសារ និងជំរុញសេដ្ឋកិច្ចជាតិមានការរីកចម្រើន៕

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”៕



ប្រភព៖ 

ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post