header ads

Sponsor

CAMSOC-ភ្នំពេញ៖ គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣បានបង្ហាញឲ្យឃើញនូវសកម្មភាពការងាររបស់ខ្លួនចំនួន៣ ដំណាក់កាលសំខាន់ៗ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការទទួលធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ ក្រោយបញ្ចប់ការប្រកួត ស៊ីហ្គេម។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា សម្រាប់សកម្មភាពការងារ គណៈកម្មការផ្សព្វផ្សាយ និងពត៌មានក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះគឺត្រូវបានបែងចែកជា៣ដំណាក់កាល គឺមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងពេលប្រកួតស៊ីហ្គេម និងក្រោយបញ្ចប់ស៊ីហ្គេម។ បច្ចុប្បន្នគណៈកម្មការនេះកំពុងចាប់ផ្តើមធ្វើកិច្ចការនេះជាបណ្តើរៗហើយ មានន័យថា ក្នុងដំណាក់កាលមុនដំណើរការស៊ីហ្គេម ដែលជាបញ្ហាសំខាន់មួយ ដើម្បីបញ្ជ្រាបពត៌មានឲ្យប្រជាជនយើងយល់ច្បាស់អំពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ថាតើស៊ីហ្គេមនេះជាអ្វី ហើយដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នេះ តើប្រជាជនកម្ពុជាត្រូវចូលរួមក្នុងរឿងអ្វីខ្លះ។ ឯកឧត្តមប្រធានគណៈកម្មការបញ្ជាក់ថា ក្នុងដំណាក់កាលទី១នេះ គឺជាបញ្ហាសំខាន់ណាស់ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋខ្មែរ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវត្រៀមខ្លួនធ្វើឲ្យមានបរិស្ថានស្អាត ដោយត្រូវរួមគ្នាធ្វើឲ្យមានបរិស្ថានស្អាត ការលុបបំបាត់បញ្ហាគ្រឿងញៀន ចរាចរណ៍ល្អ មានន័យថាការបើកបរត្រូវគោរពទៅតាមច្បាប់ ដោយភ្ញៀវមកពីច្រកព្រំដែនអន្តរជាតិ ឬតាមជើងហោះហើរអន្តរជាតិចូលមកក្នុងស៊ីហ្គេម នេះមើលមកឃើញការបើកបរមានរបៀបរបបល្អ និងការនាំគ្នាលេងកីឡា ដែលទីណា ក៏មានសកម្មភាពលេងកីឡា ដើម្បីសុខភាពដែរ ដែលចំណុចទាំងអស់នេះគឺយើងទាំងអស់គ្នាត្រូវរួមដំណើរជាមួយគ្នាក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងនេះ។

ជាមួយគ្នានោះឯកឧត្តម ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍បន្ថែមទៀតថា ក្រៅពីនេះក៏ ថ្នាក់ដឹកនាំ CAMSOC បានចង្អុលបង្ហាញលើការងារប្រព័ន្ធផ្សព្វផ្សាយនេះ គឺយើងនឹងអញ្ជើញពិធីករ ពីធីការិនីតាមបណ្តាស្ថានីយទូរទស្សន៍ ឬអ្នកពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលកីឡា ដើម្បីឲ្យពួកគាត់ស្វែងយល់អំពីវិស័យកីឡា អ្វីទៅជាកីឡាស៊ីហ្គេម កីឡាអាស៊ី និងកីឡាអូឡាំពិកហ្គេម ជាដើម ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីវិស័យកីឡា ក្នុងការ យកទៅអត្ថាធិប្បាយ ឬសរសេរពីកីឡាជូនដល់ប្រិយមិត្តទស្សនិកជនរបស់ខ្លួន។

សូមរំឭកថា នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ប្រចាំសប្តាហ៍នោះ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានជម្រាបជូនប្រធានអង្គប្រជុំអំពីការត្រៀមខ្លួនដូចគ្នាផងដែរលើការទទួលធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយស្នើសុំឲ្យការរៀបចំកីឡាជនពិការនេះ ស្ថិតនៅក្នុងគម្រោងផែនការរបស់គណៈកម្មាការជំនាញនានានៃCAMSOC។ ឯកឧត្តម យី វាសនា មានប្រសាសន៍ថា ក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធាន និងអគ្គលេខាធិការបានឯកភាពបញ្ចូលប៉ារ៉ាហ្គេមទៅគ្រប់កម្រិតឲ្យទាន់ពេលវេលាចាប់ពីពេលនេះតទៅ ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ ក្រោយការរៀបចំ ស៊ីហ្គេម។ ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម តែងតែត្រូវបានរៀបចំរៀងរាល់២ឆ្នាំម្តង ដូចកីឡា ស៊ីហ្គេម ដែរ ដោយម្ចាស់ផ្ទះធ្វើស៊ីហ្គេមនេះហើយ គឺត្រូវរៀបចំអាស៊ានប៉ារ៉ាហ្គេមនេះក្រោយបញ្ចប់ស៊ីហ្គេម ប្រមាណ១ខែក្រោយ៕



ប្រភព៖ Cambodia SEA GAMES 2023

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post