header ads

Sponsor

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុ​ល បានរម្លឹកឱ្យក្រុមហ៊ុនសាងសង់ផ្លូវទាំងអស់ គោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងចូលក្នុងបញ្ជីខ្មៅរបស់កម្ពុជា។ ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល នៅពេលចុះពិនិត្យវឌ្ឍនភាពការងារ សាងសង់ផ្លូវជាតិលេខ១១ នាព្រឹកថ្ងៃទី៤ ឧសភា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិនិត្យផ្លូវនោះ លោក ស៊ុន ចាន់ថុល បានកត់សម្គាល់ឃើញថា ផ្លូវជាតិលេខ១១ និងផ្លូវជាតិលេខ៣ជាដើម មានគុណភាពតាមស្តង់ដា និងគោរពតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុក គឺមិនមែនចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្តើងឡើយ។ រដ្ឋមន្រ្តីសាធារណការរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ក្រុមហ៊ុនសាងសង់ទាំងឡាយ ប្រសិនបើមិនចង់សាងសង់ឡើងវិញ ឬចូលក្នុងបញ្ជីខ្មៅទេ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកជាដាច់ខាត»។

បន្ថែមពីនេះលោក ស៊ុន ចាន់ថុល ក៏បានផ្ដាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ឱ្យចូលរួមថែរក្សាសម្បត្តិជាតិ ។ជាពិសេសអ្នកដែលមានលំនៅឋាននៅតាមបណ្ដោយផ្លូវជាតិ កុំបំពានដីចំណីផ្លូវ ហើយត្រូវគោរពតាមច្បាប់ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ឡើយ។

ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ក្រាលបេតុងកៅស៊ូAC សម្រេចការសាងសង់បានចំនួន ៩១,១៤ ភាគរយហើយ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post