header ads

Sponsor

ភ្នំពេញ៖ ទោះបីជាកម្ពុជា ថយចុះនៃការឆ្លងជំងឺកូវីដ១៩ក្តី ក៏មិនទាន់អាចសន្មតថា កម្ពុជាលែងប្រឈមមុខនឹងជំងឺនេះដែរ ដរាបណាប្រទេសនៅជុំវិញពិភពលោក នៅតែបន្តរីករាលដាល។ នេះជាការលើកឡើងរបស់លោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ។

ថ្លែងក្នុងសន្និសីតកាសែតស្តីពីជំងឺកូវីដ១៩ ដែលរៀបចំដោយក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៤ ឧសភានេះ លោកស្រី Li Ailan បានបញ្ជាក់ថា ជំងឺកូវីដ១៩ ត្រូវការពេលវេលាការពារ និងទប់ស្កាត់រយៈពេលយូរថែមទៀត ខណៈប្រទេសខ្លះនៅបន្តកើនឡើងខ្លាំង ដូច្នេះកម្ពុជានៅបន្តប្រុងប្រយ័ត្នចំពោះហានិភ័យនៃជំងឺនេះ។

ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ថា៖«ស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ១៩ នៅក្នុងពិភពលោកនេះ នៅមានរយៈពេលវែងណាស់ ក្នុងការបញ្ចប់ ហើយដរាបណាប្រទេសផ្សេងៗនៅក្នុងពិភពលោកនៅតែមានបញ្ហាការផ្ទុះជំងឺកូវីដ១៩នេះ ប្រទេសកម្ពុជានៅតែប្រឈមមុខដដែល»។

ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Li Ailan បានបន្ថែមថា ជំងឺកូវីដ-១៩ នៅតែជាបញ្ហាសុខភាពសាធារណៈ ដ៏មានភាពស្មុគស្មាញ ទាំងនៅក្នុងសកលលោក ទាំងនៅក្នុងប្រទេសកម្ពុជា។ លោកស្រី ក៏ស្នើឱ្យពលរដ្ឋកម្ពុជា បន្តអនុវត្តការរស់នៅតាមទម្លាប់ថ្មីនៃការប្រឈមមុខនឹងជំងឺកូវីដ១៩នេះ តាមរយៈការលាងសម្អាតដៃជាមួយស៊ាបូ អាល់កុល និងពាក់ម៉ាស់ ឬក្រម៉ាដដែល ដោយមិនត្រូវធ្វេសប្រហែសឡើយ។

កម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន១២២នាក់ ក្នុងនោះជាសះស្បើយ១២០នាក់ គិតត្រឹមថ្ងៃទី៤ ឧសភានេះ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post