Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Chiho Kang បានបញ្ជាក់ថា អូស្រ្តាលីចាត់ទុកប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ដំបូងគេ ដែលពលរដ្ឋខ្លួន ត្រូវត្រឡប់មកកម្សាន្តឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ស្ងប់ស្ងាត់។ លោកឯកអគ្គរដ្ឋទូតថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សាការងារនៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែឧសភា។

លោក Pablo Chiho Kang បានគូសបញ្ជាក់ថា ព័ត៌មានអំពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ត្រូវបានផ្សព្វផ្សាយដល់ពលរដ្ឋអូស្រ្តាលី ហើយមានភ្ញៀវទេសចរជាច្រើនចង់មកទស្សនាកម្ពុជា ក្រោយចប់វិបត្តិជំងឺកូវីដ១៩។

លោកបន្តថា តំបន់ទេសចរណ៍ដែលជាក្ដីស្រមៃរបស់ពលរដ្ឋអូស្រ្តាលីចង់មកកម្សាន្តប្រទេសកម្ពុជា មានដូចជា ខេត្តសៀមរាប ព្រះសីហនុ កំពត កែប កោះកុង ខេត្តបាត់ដំបង និងតំបន់ភូមិភាគឦសានជាដើម។

ជាមួយគ្នានេះលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឲ្យអូស្រ្តាលី ពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី ដើម្បីជំរុញកំណើនទេសចរកាន់តែច្រើន ខណៈកន្លងមក ត្រូវឆ្លងកាត់ប្រទេសថៃ ឬសិង្ហបុរីមុនចូលមកដល់ប្រទេសកម្ពុជា។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២២ ខែឧសភា បានបង្ហាញថា ភ្ញៀវទេសចរណ៍ចាប់ផ្ដើមដើរកម្សាន្តឡើងវិញ ខណៈ ២សប្ដាហ៍ដើមខែឧសភានេះ មានភ្ញៀវទេសចរកើនឡើងជាង២៥ម៉ឺននាក់។

គួរបញ្ជាក់ថា ភ្ញៀវទេសចរអូស្រ្តាលី ដែលមកកម្សាន្តកម្ពុជាកាលពីឆ្នាំ២០១៩ មានចំនួនប្រមាណ១២ម៉ឺននាក់៕

ផ្ដល់សិទ្ធិដោយ៖ khmernas

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor