header ads

Sponsor

(ខេត្តស្វាយរៀង)៖ អនុវត្តតាមសេចក្តីអំពាវនាវរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោយពីបានផ្អាកការរៀបចំពិធីអបអរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហមអឌ្ឃច័ន្ទក្រហម ៨ ឧសភា ២០២០ នៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២០ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា ដើម្បីទទួលថវិកាពីសប្បុរសជនតាមមន្ទីរអង្គភាពនានាក្នុងខេត្ត សម្រាប់សាខា ដើម្បីចូលរួមអបអរសាទរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»ដែលពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការសាខា ។


លោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណចំពោះសប្បុរសជន និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួននាពេលកន្លងមកក៍ដូចជាពេលនេះ ដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ។


ការបរិច្ចាកថវិកានាពេលនេះពិតជាមានសារៈសំខាន់សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក៏ដូចជាសម្រាប់អាជ្ញាធរខេត្ត និងប្រជាជនទូទាំងខេត្ត ដោយហេតុថា សកម្មភាពនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវសុឆន្ទៈ ការបេ្តជ្ញាចិត្ត និងកិច្ចខិតខំ ប្រឹងប្រែងរួមគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុង និងក្រៅខេត្ត ដើម្បីបុព្វហេតុមនុស្សធម៌សំដៅជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតតាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពតាមសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ ការពារតម្លៃមនុស្សធម៌របស់ចលនា និង ការអភិវឌ្ឍន៍ស្ថាប័ន អភិវឌ្ឍធនធាន ។


លោកជំទាវក៍បានកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន នៃថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុនវិស័យឯកជន អាជីវករ ដែលបានចូលរួមចំណែកឧបត្ថម្ភ គាំទ្រក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា កាន់តែផុសផុល និងមានការកើនឡើងជាលំដាប់ ការកើនឡើងនេះដោយសារមានជំនឿទុកចិត្តចំពោះកាកបាទក្រហមកម្ពុជា ក្នុងការប្រើប្រាស់ថវិកា មានតម្លាភាព ប្រសិទ្ធភាព និង ចំគោលដៅនៃជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយ ។


សាខានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺស្របតាមគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។ សរុបថវិកាដែលទទួលបានគិតត្រឹមថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ នេះបានចំនួន ១៨២,១២២ ដុល្លារ និង ២៣៩,២៤០,០០០ រៀល ៕ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post