
កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលចំនួន ៣៣ ២៣១នាក់ នៃរោងចក្រ សហគ្រាសចំនួន ១១១ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ព្រមទាំងផ្អាកបង់វិភាគទាន ប.ស.ស ផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៦ ឧសភា។
បើតាមក្រសួងប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកជាប្រាក់រៀល តាមធនាគារឯកទេសវីង អាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ។
នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនឹងត្រូវចែកចេញជាពីរដង សម្រាប់កម្មករដែលព្យួរកិច្ចសន្យាការងារចាប់ពី ២១ថ្ងៃដល់ ១ខែ និងត្រូវបែងចែកជា៤ដង សម្រាប់កម្មករ ដែលព្យួរកិច្ចសន្យារយៈពេល ២ខែ ដោយក្នុង១ដង ស្មើនឹងថវិកាចំនួន ៨១ ០០០រៀល(២០ដុល្លារអាមេរិក)។
ទន្ទឹមនឹងនេះ ក្រសួងបានសង្កត់ធ្ងន់ថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរដ្ឋាភិបាលវិញ ប្រសិនបើបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទ ពីធនាគារឯកទេសវីង។
ដើម្បីបើកប្រាក់ឧបត្ថម្ភនេះបាន កម្មករនិយោជិត ត្រូវយកអត្តសញ្ញាប័ណ្ណសញ្ញាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ដោយមិនត្រូវចំណាយថវិកាបង់ថ្លៃសេវាវីងឡើយ។
ចំពោះកម្មករនិយោជិត ដែលមិនទទួលបានសារទូរស័ព្ទពីធនាគារវីង អាចសួរព័ត៌មានបន្ថែមពីរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន៕ អត្ថបទ៖ មិនា
ផ្ដល់សិទ្ធិដោយ៖ khmernas
