header ads

Sponsor

ធនាគារពិភពលោក បានចេញនូវរបាយការណ៍ ដោយវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលរងការវាយប្រហារពីជំងឺកូវីដ១៩។ ធនាគារនេះ បានលើកឡើងថា ការអភិវឌ្ឍកម្ពុជាអស់រយៈពេល ៣០ឆ្នាំមកនេះ កំពុងរងការគំរាមកំហែងខ្លាំងបំផុត ពីជំងឺកូវីដ-១៩។ 

ធនាគារពិភពលោក បានវាយតម្លៃថា ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលវិស័យទាំងនេះ តំណាងឱ្យជាង ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារប្រមាណជា ៤០ភាគរយ នៃការងារសរុបនៅកម្ពុជា។ របាយការណ៍ «កម្ពុជានៅក្នុងកាលៈទេសមានវិបត្តិកូវីដ-១៩» (Cambodia in the Time of COVID-19) ជារបាយការណ៍របស់ធនាគារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ សម្រាប់ប្រទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ នេះ  បញ្ជាក់ថា ដោយសារកូវីដ១៩ នេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេ រំពឹងទុកថា នឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤ មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ ភាគរយឯណោះ។ 

ធនាគារពិភពលោក ក៏បញ្ជាក់ថា នៅក្នុងស្ថានភាពនេះ ភាពក្រីក្រក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ដែលខ្ពស់ជាងកម្រិតនៅខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិតនៅពេលដែលគ្មានជំងឺកូវីដ-១៩ ពិសេសក្នុងចំណោមក្រុមគ្រួសារដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ មាន វិស័យទេសចរណ៍, សំណង់, ពាណិជ្ជកម្ម, ឧស្សាហកម្មផលិត, និងឧស្សាហកម្មកាត់ដេរ  ប្រសិនបើគ្រួសារទាំងនោះ បាត់បង់ចំណូលអស់ ៥០ភាគរយ សម្រាប់រយៈពេលប្រាំមួយខែជាប់គ្នា។

ជាមួយគ្នានេះ ឱនភាពសារពើពន្ធនឹងមានកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងកំឡុងពេល ២២ឆ្នាំ កន្លងមក។ ការដួលរលំនៃកម្លាំងសំខាន់ៗសម្រាប់ជំរុញកំណើនបានប៉ះទង្គិចយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យការងាររបស់មនុស្សយ៉ាងហោចណាស់ ១,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ។ របាយការណ៍ដែលនេះ ក៏បានព្រមានដែរថា ការហូរចូលនៃមូលធនមកពីក្រៅប្រទេសក៏កំពុងតែស្តួចស្តើងទៅៗដែរ ដែលតាមរយៈនេះ វានឹងញ៉ាំងឱ្យតម្លៃនៃទីផ្សារអចលនទ្រព្យស្រុតចុះ ហើយទំនងជានឹងឈានទៅបញ្ចប់ការរីកលូតលាស់យ៉ាងរហ័សនៃវិស័យសំណង់ ទៀតផង។ កម្ចីមិនដំណើរការ(កម្ចីខូច) ត្រូវបានរំពឹងថា នឹងអាចមានទំហំកាន់តែធំឡើង ក្នុងពេលដែលពុំទាន់មានការទូទាត់សងឥណទានបច្ចុប្បន្នដែលត្រូវបានធ្វើកន្លងមកចំពោះឱ្យវិស័យសំណង់, អចលនទ្រព្យ និងការលក់ទិញលំនៅឋានតាមរយៈការបង់រំលស់។       

ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩នេះ ធនាគារពិភពលោកមួយនេះ បានស្នើឡើងនូវអនុសាសន៍គោលនយោបាយមួយចំនួន សំដៅជួយជាបន្ទាន់ដល់សេដ្ឋកិច្ចនិងការពារសុខភាពសាធារណៈ ការស្តារឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញក្នុងរយៈពេលខ្លី និងជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និងសង្គម នៅក្នុងរយៈពេលមធ្យម។     

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «វិបត្តិជាសកលដែលបង្កដោយការរាលដាលនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០»។ លោកស្រី អះអាងថា ធនាគារពិភពលោកប្តេជ្ញាចិត្តថានឹងជួយកម្ពុជាក្នុងការជួយដោះស្រាយឱ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ-១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់ នាពេលអនាគត។ សូមបញ្ជាក់ថា របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា (Cambodia Economic Update) របស់ធនាគារពិភពលោក តែងចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដោយផ្តល់ព័ត៌មានបច្ចុប្បន្នភាពក្នុងរយៈពេលខ្លី និងរយៈពេលមធ្យម ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post