អាជីវករលក់សម្លៀកបំពាក់នៅផ្សារអូឬស្សី និងផ្សារអូឡាំពិច មួយចំនួនបដិសេធ មិនទទួលយកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ពីអតិថិជនរបស់ខ្លួន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអតិថិជន ដែលទិញសម្លៀកបំពាក់យកទៅលក់បន្តនៅតាមខេត្ត។
អ្នកលក់សម្លៀកបំពាក់នៅខេត្តកំពង់ឆ្នាំមួយរូប បានប្រាប់ឲ្យដឹងថា ខ្លួនបានធ្វើដំណើរពីខេត្តកំពង់ឆ្នាំរៀងរាល់មួយសប្តាហ៍ ឬពីរសប្តាហ៍ម្តង ដើម្បីយកអីវ៉ាន់ពីផ្សារអូឬស្សី និងផ្សារអូឡាំពិចទៅលក់នៅខេត្តរបស់ខ្លួន។ អ្នកលក់សម្លៀកបំពាក់រូបនេះ បានកត់សម្គាល់ឃើញថា អាជីវករមួយចំនួន បានបដិសេធមិនយកលុយដុល្លារក្រដាស ១ដុល្លារ ២ដុល្លារ ឬ៥ដុល្លារនោះទេ ដោយបារម្ភថា ប្រាក់ទាំងនេះ អាចនឹងឈប់ចាយនៅពេលខាងមុខ។
ជាមួយគ្នានេះ អាជីវករនៅផ្សារអូឡំាពិច ដែលសុំមិនបញ្ចេញអត្តសញ្ញាណមួយចំនួន បានលើកឡើងថា ពួកគាត់មិនយកប្រាក់ដុល្លារក្រដាស១ដុល្លារ ២ដុល្លារ និង៥ដុល្លារពីអតិថិជនទៀតទេ ព្រោះបើសិនជាពួកគាត់យក ពេលទៅដាក់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ក៏ធនាគារ មិនយកពីពួកគាត់ដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ បាននាំគ្នាបញ្ចេញក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដើម្បីទិញរបស់របរផ្សេងៗ ចំណែកអាជីវករភាគច្រើន ក៏មិនយកក្រដាសប្រាក់ទាំងនេះ បន្ទាប់ពីទទួលបានដំណឹងមិនច្បាស់លាស់ថា ក្រដាសប្រាក់ទាំងនេះនឹងឈប់ចាយនៅកម្ពុជា។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចរាចរនៅលើទីផ្សារបានធម្មតា មិនមានការហាមឃាត់នោះទេ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម នៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅកម្ពុជា កាលថ្ងៃទី២៨ ឧសភា ពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបនៅក្នុងទីផ្សារ។ កិច្ចប្រជុំក៏បានឯកភាពដាក់ចេញ នូវវិធានការមួយចំនួនដូចជា៖
-ធនាគារជាតិនៃកម្ពុជា នឹងផ្តល់ពេលវេលាចំនួន៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ។
-បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា នឹងផ្ទេរការចំណាយដឹកជញ្ជូនចេញ ទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ ។
-ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕