ភ្នំពេញ៖ សហភាពអឺរ៉ុប បានប្រកាសគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ក្រោយពេលចប់ជំងឺកូវីដ១៩ ពិសេសអភិវឌ្ឍអេកូទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយសហភាពអឺរ៉ុបប្ដេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់ខ្លាំងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា។
ការប្តេជ្ញាបែបនេះ ក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា នៅទីស្ដីការក្រសួងទេសចរណ៍។
ក្នុងឱកាសនោះ លោក ថោង ខុន បានលើកឡើងពីស្ថានភាពទេសចរណ៍នៅកម្ពុជា ដូច្នេះថា បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជា កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យប្រជាជនមួយចំនួនបាត់បង់ការងារក្នុងវិស័យនេះ។ លោកបានបន្ថែមថា ក្នុងរយៈពេល៣សប្ដាហ៍នៃខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុកប្រមាណជិត ៤ សែននាក់បានចេញដើរទស្សនាទូទាំងប្រទេស។
លោករដ្ឋមន្ត្រីក៏បានស្នើដល់សហភាពអឺរ៉ុបឲ្យជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការដ៏ចំាបាច់នេះ ពិសេសចែករំលែកបទពិសោធន៍លើការរៀបចំវិធានការដោះស្រាយបញ្ហាជំងឺកូវីដ១៩ និងការស្ដារវិស័យទេសចរណ៍ឡើងវិញតាមបែបផែនថ្មី New Normal life ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល ដើម្បីជំរុញឱ្យមានចលនាទេសចរអន្តរជាតិមកកម្ពុជាវិញ នៅក្រោយវិបត្តិជំងឺកូវីដ១៩។
ឆ្លើយតបនឹងការស្នើរបស់លោករដ្ឋមន្រ្តីនេះ លោកស្រី ខាមិន ម៉រីណូ បានទទួលយកសំណើរ និងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៍។លោកស្រី ក៏បានកោតសរសើរពីការខិតខំរបស់កម្ពុជា ដែលបានអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងមានទំនួលខុសត្រូវខ្ពស់៕
ផ្ដល់សិទ្ធិដោយ៖ khmernas