header ads

Sponsor

ទីស្នាក់ការប៉ុស្ដិ៍ឧទ្យានជាតិវរៈជ័យចំនួន២ ខ្នងស្ថិតក្នុងភូមិតាបូក ឃុំតាវែង លើស្រុកតាវែង ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋប្រមាណ ៧៥នាក់ នាំងគ្នាដុតបំផ្លាញចោលកាលពីថ្ងៃទី ១០ ខែ ឧសភា។ នេះបើតាមការឲ្យដឹងរបស់មន្ទីរព័ត៌មានខេត្តរតនគិរីកាលពីថ្ងៃទី ១១ ខែ ឧសភា ដែលជម្រាបជូនលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញ៉ារិទ្ធ។

បើតាមរយៈហ្វេសប៊ុកលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ស៊ូ វណ្ណធិន អភិបាលស្រុកតាវែងបានឱ្យដឹងថា កាលពីថ្ងៃទី ៩ ខែឧសភា អាជ្ញាធរ បានចុះទៅពិនិត្យទីតាំងប្រជាពលរដ្ឋកាប់ដីចំការក្នុងតំបន់ច្រក របៀង ដែលគ្រប់គ្រងដោយក្រសួងបរិស្ថានដើម្បីស្រង់ស្ថិតិប្រជាពលរដ្ឋដែលបានរុករាន ដី-ព្រៃនៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ ហើយដែលកន្លងមកធ្លាប់បានអប់រំណែនាំ និងបានធ្វើកិច្ចសន្យារវាងមន្ត្រីឧទ្យានុរក្សនិងប្រជាពលរដ្ឋទាំងនោះថា មិនអនុញ្ញាតឲ្យពួកគាត់កាប់រានតទៅទៀតទេ និងឲ្យពួកគាត់រុះរើខ្ទមរបស់ពួកគាត់ទាំងអស់ចេញពីតំបន់អភិរក្ស។

លោកបន្តថា ដោយសារតែមានគំនុំជាមួយមន្ត្រីឧទ្យាននុរក្ស ទើបពួកគេគៀរគរគ្នាជិត៧៥នាក់ មកដុតបំផ្លាញទីស្នាក់ការឧទ្យានជាតិវរៈជ័យ នោះចោលតែម្តង។

ជាមួយគ្នានេះលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លើកឡើងថា៖« ពួកគាត់លើកគ្នាមកដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ត្រូវតែប្រឈមមុខចំពោះមុខច្បាប់ ខណៈមន្រ្តីបានស្រាវជ្រាវរកមេខ្លោងឃើញហើយកំពុងតែរៀបចំឯកសារបញ្ជូន ទៅសាលាដំបូងខេត្តរតនគិរី ដើម្បីផ្តន្ទាទោសតាមច្បាប់»។

តាមរបាយការណ៍ ការដុតបំផ្លាញនោះ បានធ្វើឲ្យសម្ភារខូចខាតមួយចំនួនរួមមាន អង្ករចំនួន១បេ, ឆ្នាំងចំនួន៦, អង្រឹងចំនួន៤, អាគុយចំនួន១, កានដាក់ទឹកចំនួន៣, ក្តារងឿប្រភេទឈើកកោះចំនួន២សន្លឹក៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post