header ads

Sponsor

ការិយាល័យសហព័ន្ធស៊ើបអង្កេត(FBI) និងក្រសួងសន្តិសុខជាតិអាមេរិកបានអះអាងថា ក្រុមចោរប្រព័ន្ធបច្ចេកវិទ្យា(Hacker) និងអ្នកស៊ើបការណ៍ដែលមានជំនាញបំផុតរបស់ប្រទេសចិន កំពុងធ្វើសកម្មភាពលួចយកទិន្នន័យស្រាវជ្រាវរបស់អាមេរិក ដែលជាការស្រាវជ្រាវដើម្បី បង្កើតវ៉ាក់សាំងកូវីដ១៩។នេះបើតាមការចេញផ្សាយដោយសារ The New York Times នៅថ្ងៃទី១១ឧសភានេះ។ 

ការព្យាយាមបង្កើតវ៉ាក់សាំងនៅពេលនេះ ត្រូវបានគេមើលឃើញថា កំពុងធ្វើឱ្យមានការកើនឡើងនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដោយប្រទេសនានា ដែលកំពុងស្វែងរកផលប្រយោជន៍ពីការរាតត្បាតជំងឺកូវីដ១៩។ 

បណ្តាប្រទេសរាប់សិបត្រូវបានគេបញ្ជាក់ថា បានដាក់ពង្រាយយោធានិងក្រុមHacker ដើម្បីប្រមូលយកអ្វីដែលពួកគេអាចធ្វើបាន ពាក់ព័ន្ធនឹងការឆ្លើយតបទៅវីរុសកូវីដ១៩របស់ប្រទេសដទៃទៀត។

យោងតាមក្រុមហ៊ុនសន្តិសុខឯកជនជាច្រើនបានឱ្យដឹងថា សូម្បីតែសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជាប្រទេសកូរ៉េខាងត្បូងនិងប្រទេសវៀតណាម ក៏បានណែនាំឱ្យពួកHackerដែលគ្រប់គ្រងដោយរដ្ឋ ឱ្យតាមដានដោយផ្តោតលើព័ត៌មានដែលទាក់ទងនឹងវីរុស។ 

សេចក្តីព្រាងនៃការព្រមានជាសាធារណៈទៅដល់ប្រទេសចិន ដែលមន្រ្តីសហរដ្ឋអាមេរិកបាននិយាយថា ទំនងនឹងចេញផ្សាយប៉ុន្មានថ្ងៃខាងមុននេះ បានបញ្ជាក់ថា ប្រទេសចិនកំពុងស្វែងរកកម្មសិទ្ធិបញ្ញា និងទិន្នន័យសុខភាពសាធារណៈ តាមរយៈមធ្យោបាយខុសច្បាប់ទាក់ទងនឹងវ៉ាក់សាំងប្រឆាំងកូវីដ១៩ រួមទាំងការព្យាបាលនិងការធ្វើតេស្តជំងឺកូវីដ១៩។  

សកម្មភាពរបស់ប្រទេសចិននេះ គឺពឹងផ្អែកក្រុមចោរអ៊ីនធឺណិតស៊ីឈ្នួលនិងសកម្មភាពរបស់ក្រុមអ្នកស្រាវជ្រាវនិងនិស្សិត ដែលរដ្ឋបាលប្រធានាធិបតីលោក ត្រាំ បាននិយាយថា ក្រុមទាំងនេះកំពុងធ្វើសកម្មភាពដើម្បីលួចទិន្នន័យពីការរាតត្បាតកូវីដ១៩នៅខាងក្នុងសហរដ្ឋអាមេរិក និងទិន្នន័យមន្ទីរពិសោធន៍សិក្សាឯកជនរបស់អាមេរិក។ 

ការសំរេចចិត្តដើម្បីចេញផ្សាយការចោទប្រកាន់ជាក់លាក់មួយប្រឆាំងនឹងក្រុមhacker ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិននេះ គឺគេហៅថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រទប់ស្កាត់ទូលំទូលាយមួយ ដែលពាក់ព័ន្ធនឹងបញ្ជាការCyber សហរដ្ឋអាមេរិកនិងទីភ្នាក់ងារសន្តិសុខជាតិ។  

នៅក្រោមអំណាចច្បាប់ដែលប្រធានាធិបតី ត្រាំ ទើបបានចេញកាលពីជិតពីរឆ្នាំកន្លងមក ស្ថាប័នអាមេរិកទាំងនេះមានអំណាចដើម្បីជ្រាបចូលយ៉ាងជ្រៅទៅក្នុងបណ្តាញអ៊ីនធឺណិតប្រទេសចិននិងបណ្តាញផ្សេងៗទៀត ដើម្បីបង្កើនការប្រឆាំងឆ្លើយតបទៅនឹងការវាយប្រហារ។

វិធានការនេះ គឺស្រដៀងនឹងកិច្ចខិតខំប្រឹងប្រែងកាលពី១៨ខែកន្លងទៅ ដែលស្ថាប័នជំនាញអាមេរិកទាំងនេះ បានវាយប្រហារតបទៅលើក្រុមចារកម្មរុស្ស៊ី ដែលព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតកាលពីពាក់កណ្ដាលឆ្នាំ២០១៨ ដោយបានដាក់មេរោគនៅក្នុងបណ្តាញថាមពលរុស្ស៊ី ដើម្បីជាការព្រមានដល់ទីក្រុងម៉ូស្គូ ចំពោះការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាមកលើសហរដ្ឋអាមេរិក។

ការព្រមានរបស់អាមេរិកនាពេលខាងមុខនេះ ក៏ជាការស្តីបន្ទោសបន្ថែមទៀតទៅលើប្រទេសចិន ដែលជាប្រភពនៃការរាតត្បាតជំងឺកូវីដ១៩។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានអះអាងនៅខែនេះថា មានភ័ស្តុតាងធំធេងដែលបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីឬកូវីដ១៩ មានប្រភពចេញពីមន្ទីរពិសោធន៍របស់ប្រទេសចិន។ 

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកនិយាយថា ពួកគេមិនបានឈានដល់ការសន្និដ្ឋានលើបញ្ហានេះទេ ខណៈភ័ស្តុតាងសាធារណៈដែលចិនប្រកាសឱ្យដឹង គឺប្រភពដើមនៃការផ្ទុះឡើងជំងឺកូវីក១៩នេះ កើតចេញពីផ្សារមួយក្នុងទីក្រុងវ៉ូហាន និងការជួញដូរសត្វព្រៃខុសច្បាប់របស់ប្រទេសចិន៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post