header ads

Sponsor

ភ្នំពេញ៖ យានយន្តកែច្នៃ សម្រាប់ដឹកកសិផលរបស់ពលរដ្ឋ នឹងមិនផាកពិន័យឡើយ។ នេះបើតាមលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ដែលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។


លោក ហ៊ឹម យ៉ាន បានបញ្ជាក់ថា ការមិនទាន់អនុវត្តច្បាប់លើយានយន្តកែច្នៃនេះ គឺដើម្បីទុកពេលឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យឡើងវិញ។អគ្គស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកលើកិច្ចការចរាចរណ៍នេះ បានបញ្ជាក់ដូច្នេះថា៖«ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការបានបញ្ជាក់ហើយថា យើងមិនទាន់អនុវត្តរឹតបន្ដឹងទៅលើពួកគាត់ទេ យើងទុកពេលឲ្យក្រសួងសាធារណការ បន្ដការសិក្សា និងពិនិត្យលើការធ្វើផ្លាកលេខជូនពួកគាត់សិន»។


ចាប់តាំងពីអនុវត្តវិធានការចរាចរណ៍ផ្លូវគោក រយៈពេល១សប្ដាហ៍នេះ សមត្ថកិច្ចបានឃាត់ និងផាកពិន័យយានយន្ត១៣,៩៦៨ករណី ខណៈគ្រោះថ្នាក់ចរាចរណ៍ថយចុះ៥៤ភាគរយ។ នេះបើតាមលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ។


លោក ហ៊ឹម យ៉ាន បានបញ្ជាក់ថា សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យឃើញនូវបទល្មើស និងពិន័យចំពោះយានយន្តល្មើសច្បាប់ជិត១៤០០០គ្រឿង ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០,៨១៥ករណី ស្មើនឹង៧៧ភាគរយ និងរថយន្តគ្រប់ប្រភេទចំនួន ៣,១៥៣ករណី ស្មើនឹង២៣ភាគរយ។


ក្រៅពីនេះ ស្ថានភាពចរាចរណ៍ក៏មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៣/៩៥លើក ថយ៥២លើក ស្មើ៥៤ភាគរយ។ ដោយឡែកអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ២៤/៤០នាក់ ថយ១៦នាក់ ស្មើ៤០ភាគរយ របួស ៥៦/១១៥នាក់ ថយ ៥៩នាក់ ស្មើ៥១,៣០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩។

អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា ៖«ចំណុចកត់សម្គាល់នោះគឺ អ្នកប្រើប្រាស់ផ្លូវច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្ត ដល់កងកម្លាំងអនុវត្តន៍ច្បាប់ មានស្មារតីបន្តអនុវត្តន៍ភារកិច្ច កាន់តែសកម្មខ្លាំងក្លាជាងមុន»។


ចំពោះកងកម្លាំងនគរបាលចរាចរណ៍រូបណា ដែលប្រព្រឹត្ត ឬអនុវត្តន៍ច្បាប់ ខុសពីក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន អគ្គស្នងការនគរបាលជាតិ នឹងដាក់ពិន័យទៅតាមច្បាប់កងកម្លាំង ឬចាត់វិធានការតាមផ្លូវច្បាប់ ព្រោះថាច្បាប់ចរាចរណ៍ក៏មានចែងច្បាស់។ «ប្រសិនបើនគរបាលចរាចរណ៍ណាប្រព្រឹត្តខុសឆ្គង ក្នុងការបំពេញភារកិច្ច គឺត្រូវទទួលទោសតាមច្បាប់ជាធរមាន»។ នេះបើតាមលោក ហ៊ឹម យ៉ាន៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post