header ads

Sponsor

លោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានលើកឡើងនៅក្នុងសន្និ​សីទ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ឧសភាថា ជំងឺរាតត្បាតកូវីដ១៩មិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ហើយកម្ពុជានៅតែប្រឈម ដោយ​សារ​តែ​វីរុស​នេះ​នៅ​តែ​បន្តចរាចរឆ្លងរាលដាលនៅទូទាំងពិភពលោកនៅឡើយ។

លោកស្រីបន្តថា បច្ចុប្បន្នគ្មានអ្នកណាម្នាក់ អាចព្យាករណ៍ទុក​មុន​អំពី​លទ្ធ​ផល​កើត​ឡើង​ដោយ​សារ​ជំងឺ​រាត​ត្បាត​នេះ​ឡើយ ដូច្នោះរឿងសំខាន់បំផុតដែលត្រូវធ្វើនៅពេលនេះ គឺការត្រៀមការឆ្លើយតបដ៏ល្អមួយសម្រាប់រលកថ្មី​នៃ​ការ​ឆ្លង​នៅ​កម្ពុជា ឬការវិលត្រឡប់មកវិញនៃវីរុសមកកម្ពុជា។

លោកស្រីបានសំណមពរចំណុចសំខាន់ចំនួន៣យ៉ាង ទៅដល់ពលរដ្ឋកម្ពុជានិងរដ្ឋាភិបាលកម្ពុជា គឺទី​មួយ​ត្រូវ​បន្ត​ការ​ប្រុង​ប្រយ័ត្ន ទី២ត្រូវផ្លាស់ប្ដូរឥរិយាបទរស់នៅដែលត្រូវប្រកាន់ភ្ជាប់នឹងការណែនាំនានា និងទី៣​ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់​សម្រាប់ការឆ្លើយតបបន្ទាន់នៃការផ្ទុះឡើងជំងឺរាតត្បាតនាពេលខាងមុខ។

លោកថា៖«ការបន្តប្រុងប្រយ័ត្ន ពីព្រោះជំងឺនេះដែលខ្ញុំអាចនិយាយ គឺវាឆ្លាតជាងមនុស្ស។ ប្រសិន​បើ​ពួក​គាត់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ពេក វីរុសនេះនឹងវាយប្រហារយើង។ ទី២ ពួកយើងត្រូវផ្លាស់ប្ដូរឥរិយាបទ។ វីរុសរាតត្បាតនេះ​បាន​ធ្វើ​ឱ្យ​ពិភព​លោក​កំពុងមានការផ្លាស់ប្ដូរ ដូច្នេះយើងក៏ត្រូវតែផ្លាស់ប្ដូរសង្គមយើងដែរ ដូចជារបៀបនៃការរស់នៅ ការ​សិក្សា ការធ្វើដំណើរ និងរបៀបនៃការធ្វើការងារ។ ពួកយើងមិនទាន់អាចត្រឡប់ទៅ​ធ្វើ​ការ​ងារ​ដូច​ធម្មតា​ឡើង​វិញ​នៅ​ឡើយ​ទេ​»។

លោកស្រីបន្តថា កម្ពុជាមានត្រៀមខ្លួនបានយ៉ាងល្អប្រសើរក្នុងរយៈពេលជាង៣ខែមកនេះ ប៉ុន្តែកម្ពុជាមិនទាន់​ត្រៀម​ខ្លួន​ពេញ​លេញ​ដើម្បី​ឆ្លើយតបទៅនឹងការផ្ទុះឡើងក្នុងសហគមន៍ទ្រុងទ្រាយធំនៅឡើយទេ ដែល​ទាម​ទារ​ឱ្យ​បន្ត​ធ្វើ​ការ​ងារបន្ថែមត្រៀមខ្លួនចំពោះការឆ្លងទ្រុងទ្រាយធំនាពេលខាងមុខ។

ជាមួយគ្នានេះលោកស្រី ឱ វណ្ឌឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា តាមការសិក្សា​របស់​ប្រទេស​មួយចំនួន ការឆ្លងរាលដាលដែលមានទ្រុងទ្រាយធំបំផុត និងធ្វើឱ្យ​ជំងឺ​នេះ​ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត គឺនៅពេលមនុស្សនៅបណ្ដុំគ្នាច្រើន និងការជួបជុំគ្នានៅតាមពិធីសាសនា ឬការជួប​ជុំ​គ្នា​ផឹក​ស៊ីនៅតាមខារ៉ាអូខេឬបារកម្សាន្ត។

លោកស្រីបានអំពាវនាវឱ្យពលរដ្ឋត្រូវបន្តផ្អាកការជួបគ្នាក្នុងកម្មវិធីទាំងនេះមួយរយៈទៀត ជាពិសេសការ​ផ្អាក​រៀប​ចំ​ពិធី​មង្គល​ការជាដើម ដោយសារកម្ពុជាត្រូវការពេលពី២ទៅ៣ខែទៀត ដើម្បីតាមដាន​អំពី​ស្ថាន​ភាព​ឆ្លង​រាល​ដាល​នៅ​ក្នុង​ពិភពលោក៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post