header ads

Sponsor

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានរៀបចំមហាសន្និបាតលើកទី១៤ ដោយបានបង្ហាញជូននូវសមិទ្ធផលនានា ដែលសម្រេចបានរួមទាំងបន្តការងារអភិវឌ្ឍឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយសន្និបាតនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា នេះជាសន្និបាតបូកសរុបលទ្ធផលការឆ្នាំ២០១៩ ក៏ដូចជាការប្រកាស និងស្នើសុំសេចក្តីទុកចិត្ត សម្រាប់បន្តកិច្ចការអភិវឌ្ឍន៍បាល់ទាត់ក្នុងឆ្នាំ២០២០ និងផែនការសកម្មភាព និងថវិកា ក្នុងការរៀបចំបាល់ទាត់កម្ពុជាឈានទៅទទួលរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា និងគោលដៅក្រោយឆ្នាំ២០២៣ផងដែរ។ ឯកឧត្តមប្រធានសង្កត់ធ្ងន់ថា អាទិភាពចំនួនពីរ ក្នុងចំណោមអាទិភាពទាំងឡាយ នៃផែនការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឲ្យមាននិរន្តភាពនោះ គឺបាល់ទាត់ថ្នាលយុវជន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការហ្វឹកហាត់ និងប្រកួតប្រកបដោយគុណភាព និងសុវត្ថិភាព។

ឯកឧត្តមបន្ថែមថា សមិទ្ធផលការងារឆ្នាំ២០១៩ ដែលស្តែងចេញពីគោលដៅអាទិភាពសកម្មភាពការងាររបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍបាល់ទាត់ថ្នាល-យុវជន ការរៀបចំការប្រកួតថ្នាក់ជាតិ និងចូលរួមប្រកួតអន្តរជាតិ ការអភិវឌ្ឍក្រុមបាល់ទាត់ជម្រើសជាតិគ្រប់កម្រិត ការអភិវឌ្ឍ ធនធានមនុស្ស ដូចជាគ្រូបង្ហាត់ អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេស រដ្ឋបាល ពេទ្យ បាល់ទាត់បាល់ទាត់ក្នុងសាល បាល់ទាត់នារី រួមទាំងការទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតអន្តរជាតិទាំងផ្លូវការ និងមិត្តភាព។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាបានសម្រេចិត្តត្រូវ ទទួលធ្វើជាម្ចាស់ផ្ទះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពគ្រប់វិស័យ ដូចជាស្ថេរភាពនយោបាយ សន្តិភាព និងសន្តិសុខ សង្គម ភាពរីកចម្រើននៃសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងកីឡា។គោលដៅជាចម្បងនៃការអភិវឌ្ឍលើគ្រប់វិស័យកីឡាគ្រប់ប្រភេទ ជាពិសេសគឺកីឡាបាល់ទាត់ មិនមែនដើម្បីតែលទ្ធផលនៃការប្រកួតប្រជែងតែមួយមុខប៉ុណ្ណោះទេស ប៉ុន្តែគឺដើម្បីរួមចំណែកកសាងប្រទេស តាមរយៈការលើកកម្ពស់ផ្នែកសុខមាលភាព ការអប់រំ វិន័យ សីលធម៌ ការគោរពគ្នា សាមគ្គីភាព មិត្តភាព ទំនាក់ទំនងលើវិស័យនានាផងដែរ។»
ជាមួយគ្នានោះចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកសាងរួចរាល់ កំពុងសាងសង់ និងកំពុងរៀបចំគម្រោង ដើម្បីទទួលបានការអនុម័តពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ និងត្រៀមនីតិវិធីកសាងនូវទីលានឲ្យគ្រប់២៥រាជធានីខេត្ត ក្នុងឆ្នាំ២០២០។ ក្នុងនោះទីលានបាល់ទាត់ចំនួន១៣ត្រូវបាន សាងសង់រួច រាល់ ហើយទីលានចំនួន៩កំពុងស្ថិតនៅក្នុងដំណើរការសាងសង់ ខណៈ៣ទីលានទៀត កំពុងស្ថិតក្នុងការសិក្សាគម្រោង និងនីតិវិធីសាងសង់។

អង្គមហាសន្និបាតបានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីចំនួន២រូប ដែលផុតអាណត្តិ គឺលោក ហ៊ុន សាមុត និងលោក ប៉ុន សុខ ប៉ុន្តែលោកទំាងពីរត្រូវបានសមាជិកបោះឆ្នោតគាំទ្រឲ្យបន្តអាណត្តិ២០២០ ដល់ឆ្នាំ២០២៤ បន្តទៀតក្នុងចំណោមបេក្ខជនឈរឈ្មោះ៤រូប៕

ប្រភពនិងរូបភាព៖ 

Cambodia SEA GAMES 2023

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post