header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានបន្តផ្ដល់ជំនួយឥតសំណងចំនួន ៣៤២១លានយ៉េនជប៉ុន (ប្រមាណ ៣២លានដុល្លារអាមេរិក) សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ។លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuichi SUGANO ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) បានចុះហត្ថលេខាងលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងនេះ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

សេចក្តីប្រកាសក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការទទួលបានទឹកស្អាតប្រកបដោយ សុវត្ថិភាពក្នុងក្រុងតាខ្មៅតាមរយៈការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ, ការសាងសង់ស្ថានីយបូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ, ការសាងសង់បរិក្ខាសម្រាប់ចែកចាយទឹកស្អាត។ ជាពិសេសការបំពាក់ប្រព័ន្ធ SCADA សម្រាប់តាមដាន និងបញ្ជាដំណើរការរបស់រោងចក្រ ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំរោងចក្រដោយប្រើបទពិសោធ និងចំណេះដឹងពីប្រទេសជប៉ុន។

បច្ចុប្បន្ន ទឹកស្អាតដែលកំពុងប្រើប្រាស់ក្នុងក្រុងតាខ្មៅ គឺត្រូវបានផ្គត់ផ្គង់ជាចម្បងពីរាជធានីភ្នំពេញ។ ដូច្នេះ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើង មិនត្រឹមតែសេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ និងតំបន់ជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការផ្គត់ផ្គង់ទឹកស្អាត ពីរាធានីភ្នំពេញផងដែរ។

ការសាងសង់គម្រោងនេះនឹងចំណាយរយៈពេលចំនួន ២៩ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣។ គម្រោងហិរញ្ញប្បទានឥតសំណងនេះ គឺជាគម្រោងទី១២ ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បានផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ហើយក៏ជាហិរញ្ញប្បទានឥតសំណងលើកទី៦ ផងដែរ ដែលបានផ្តល់ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post