header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា អតិថិជនចំនួន ១៩៦ ៣០៧នាក់ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ បានស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រៀបចំឥណទាន (កម្ចី)ឡើងវិញ។ ក្នុងនោះអតិថជនចំនួន ១៨០, ៣០១ នាក់ ជាង៩០ភាគរយ ទទួលបានការអនុម័តរៀបចំឥណទានឡើងវិញ ដែលមានទំហំទឹកប្រាក់សរុប ៨១៧, ៧២៥, ៤៣៦ ដុល្លារអាមេរិក។។ ដោយឡែកអតិថិជនជាង ២ម៉ឺននាក់ ស្មើ១០ភាគរយ មិនបានទទួលការរៀបចំឥណទានឡើងវិញ ដោយសារគាត់មិនមានលក្ខខណ្ឌគ្រប់គ្រាន់។

សមាគមមីក្រូហិរញ្ញវត្ថុ ប្រាប់ឱ្យពលរដ្ឋដែលរងផលប៉ះពាល់ និងជួបបញ្ហាប្រាក់ចំណូល ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្ដល់ព័ត៌មានទៅគ្រឹះស្ថានកម្ចីឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានដំណោះស្រាយសមស្រប។សមាគមបានប្រមូលទិន្និន័យការរៀបចំឥណទានឡើងវិញជារៀងរាល់សប្តាហ៍ ពីសមាជិករបស់ខ្លួន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ទិន្នន័យនេះត្រូវប្រមូលឡើងក្នុងគោលបំណង តាមដានផលប៉ះពាល់ជាក់ស្តែងនៃជំងឺកូវីដ១៩ ទៅលើអតិថិជន ការគាំពារអតិថិជនរបស់គ្រឹះស្ថានដែលជាសមាជិក និងការវិវត្តទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដើម្បីធ្វើការវាយតម្លៃ និងផ្ញើរបាយការណ៍ជូនភាគីពាក់ព័ន្ធ។

សមាគមមីក្រូហិរញ្ញវត្ថុ ធ្លាប់បានបញ្ជាក់ដូច្នេះថា៖«ដើម្បីទទួលបានការគាំទ្រ និងដំណោះស្រាយ ជាពិសេសការរៀបចំឥណទានឡើងវិញ អតិថិជនត្រូវទំនាក់ទំនងទៅគ្រឹះស្ថានដែលខ្លួនបានខ្ចីប្រាក់ ដើម្បីពិភាក្សាអំពីស្ថានភាព និងលទ្ធភាពដោះស្រាយនានាជាមួយនឹងបុគ្គលិកគ្រឹះស្ថាន។ អតិថិជនត្រូវផ្ដល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានដំណោះស្រាយសមស្រប និងឈ្នះឈ្នះទាំងអស់គ្នា ដើម្បីបន្តនិរន្តរភាពវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ»។

ប៉ុន្តែចំពោះអតិថិជន ដែលមិនទទួលរងផលប៉ះពាល់ ឬរងផលប៉ះពាល់តិចតួច ហើយមានសមត្ថភាពសងត្រឡប់វិញនោះ សមាគមមីក្រូហិរញ្ញវត្ថុ ស្នើឱ្យបន្តការបង់សងត្រឡប់តាមធម្មតា ដោយទុកអាទិភាពឱ្យគ្រឹះស្ថាននីមួយៗ យកលទ្ធភាពដែលខ្លួនមាន ទៅជួយដល់អតិថិជន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ «ក្នុងកាលៈទេសៈនេះ ការប្រកាន់ភាពស្មោះត្រង់ និងការផ្ដល់សម្បទានទៅអ្នកដែលលំបាកខ្លាំង គឺជាកាយវិការសប្បុរស ដែលនឹងទទួលបាននូវការគោរព»។ នេះជាការបញ្ជាក់របស់សមាគមមីក្រូហិរញ្ញវត្ថុ។

ជុំវិញបញ្ហានេះលោក ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិកម្ពុជា បានប្រាប់ឱ្យគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជន ប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ សម្រាប់គ្រប់វិស័យ។ ចំណែកអតិថិជនវិញត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។

ជាមួយគ្នានេះលោក ក៏ស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាព ដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជាទៀតផង។ លោក ជា ចាន់តូ ថ្លែងបែបនេះ នៅក្នុងសិក្ខាសាលានៅសាលាខេត្តបន្ទាយមានជ័យ ស្ដីពី វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមប្រធានបទ «កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងស្ថាភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩» នៅថ្ងៃទី២៥ ឧសភានេះ។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឲ្យប្រជាជនកម្ពុជា ចំនួនជាង ២,១លាននាក់ និងមានឥណទានសរុប ជាង៣០ ទ្រីលានរៀល (៧,៤ ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានចំនួន ជាង ២,៨លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ១៥ ទ្រីលានរៀល (៣,៧ ប៊ីលានដុល្លា) ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែបនិងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យតំណាងចំនួនប្រមាណ ១,៤៤៨ កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណ ៣៦,០៨៩ នាក់ នៅទូទាំង២៥ រាជធានី-ខេត្ត ៕

របាយការណ៍ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post