header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំង៖ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា មានសកម្មភាពចាក់ដីចូលទន្លេយ៉ាងគគ្រឹកគគ្រេង នៅចំណុចផែថ្ម ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ប៉ុន្តែអភិបាលក្រុងកំពង់ឆ្នាំង បដិសេធថា ឈ្មួញចាក់ដី ដើម្បីកែលម្អសោភ័ណភាពច្រាំងទន្លប៉ុណ្ណោះ  ដោយឡែកខាងមន្ទីរសាធារណការ ថាមិនបានដឹងរឿងនេះទេ ហើយក៏គ្មានការអនុញ្ញាតពីមន្ទីរដែរ។

កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះទាក់ទងនឹងករណីនេះ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ថ្លែងប្រាប់អ្នកសារព័ត៌មានថា ឡានទាំងអស់ដែលកំពុងចាក់ដីនៅចំណុចផែថ្ម មិនមែនចាក់ដីចូលទន្លេនោះទេ គឺចាក់ដីដើម្បីសម្រួល ការចូលចតទូកកាណូត និង សាឡាង រួមនឹងកែលម្អសោភ័ណភាពច្រាំងទន្លេឲ្យបានស្អាតល្អ ។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានបន្តថា រឿងចាក់ដីចូលទីតាំងមុខផែថ្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ព្រោះតែកាលពីរដូវទឹកឡើងឆ្នាំ២០១៩ ពេលសាឡាងចូលចតដើម្បីអោយអ្នកដំណើរឆ្លងទៅកំពង់លែង មានការលំបាក ដោយមានពេលខ្លះគឿងសាឡាង ពេលខ្លះក្រឡាប់ឡានក៏មាន និងឡានតូចៗមិនអាចឡើងលើសាឡាងបាន ។ ម្យ៉ាងវិញទៀត ការចាក់ដីរៀបចំទីតាំងនេះ ក៏ដើម្បីរៀបចំសណ្តាប់ធ្នាប់អោយបានស្អាតល្អ ខណៈបណ្តោយច្រាំងទន្លេផ្សារក្រោមនេះ នឹងត្រូវរៀបចំរហូតដល់ជាង៤គីឡូម៉ែត្រ។

បើតាម លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ថ្លែងថា ការចាក់ដីចូលទន្លេបែបនេះ គឺ ខុសច្បាប់ហើយ ព្រោះទន្លេ សមុទ្រ បឹង ស្ទឹង ព្រែក កាលណាចង់កែកុន ឬ ចាក់ដីចូលទាល់តែមានការអនុញាតពីខាងអន្តរក្រសួងជាមុនសិន ព្រោះវាអាចប៉ះពាល់ដល់ចរន្តទឹកហូរ ការចរាចរណ៍កប៉ាល់ នាវា ទូក កាណូត រួមនឹងការចរាចរណ៍មច្ឆាជាតិជាដើម ។ រឿងចាក់ដីចូលទន្លេនៅចំណុចមុខផែថ្មក្រសួងសាធារណការ គឺលោកមិនបានដឹងនោះទេ។

ដោយឡែក លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រឿងចាក់ដីចូលក្នុងទន្លេរបស់ឈ្មួញម្នាក់នោះ លោកមិនបានដឹងនោះទេ ហើយក៏គ្មានការអនុញាតពីមន្ទីរ ឬ ក្រសួងសាធារណការ និងដឹកជញ្ជូនដែរ តែលោកគ្រាន់តែដឹងថា ខាងក្រសួងសាធារណការ និងដឹកជញ្ជូន មានគំរោងស្តារទន្លេនៅម្តុំនោះប្រវែងជាង៤គីឡូម៉ែត្រ តែស្តារពេលណា លោកក៏មិនដឹងដែរ ។

ប្រជាពលរដ្ឋរិះគន់ថា បើសាឡាងគឿងចូលមិនរួច គួរតែរកមធ្យោបាយជីកកកាយនៅមុខផែថ្មឲ្យជ្រៅ មិនគួរណាឲ្យឈ្មួញចាក់ដីចូលទន្លេបែបនេះនោះទេ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post